ផ្សាយ​ព័ត៌​មាន​ផ្ទាល់

ការ​ផ្សាយ​បាន​ចប់ អត្ថបទ​​នឹង​ត្រូវ​ទុក​ជា​បណ្ណសារ

០៩:៣២ ICT ថ្ងៃ១៦ ខែកក្កដា

អ្នក​នយោបាយ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ចំនួន​ ៥​នាក់ រួម​មាន៖

  • ​អ្នក​ស្រី មួរ​ សុខ​ហួរ តំណាង​រាស្ត្រ​​ជាប់​ឆ្នោត​មណ្ឌល​ខេត្ត​បាត់​ដំបង​
  • លោក ម៉ែន ថាវរិន្ទ តំណាង​រាស្ត្រ​ជាប់​​ឆ្នោត​មណ្ឌលកំពង់ធំ
  • លោក កែវ ភារម្យ តំណាង​រាស្ត្រ​ជាប់​​ឆ្នោត​មណ្ឌលក្រចេះ
  • លោក ហូរ វណ្ណ តំណាងរាស្ត្រជាប់​​ឆ្នោត​មណ្ឌលភ្នំពេញ
  • ​លោក រៀល ខេមរិន្ទ តំណាង​រាស្ត្រជាប់​​ឆ្នោត​មណ្ឌលស្វាយរៀង

អ្នក​នយោបាយ​បី​នាក់​ដំបូង​ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ម្សិល​មិញ អំឡុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ហិង្សា ដែល​បាន​បំបែក​ការ​ប្រមូលផ្តុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ការ​ប្រមូល​ផ្តុំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បីតវ៉ា​លើ​ការ​បិទ​ទីលាន​ប្រជា​ធិបតេយ្យ​អស់​ជា​ច្រើន​ខែ។ លោក ហូរ វ៉ាន់ ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​កាល​ពី​ម្សិល​មិញ នៅ​ពេល​លោក​បាន​ចូល​ទៅ​កាន់​ស្នង​ការ​នគរបាល​ដោយ​ស្ម័គ្រ​ចិត្ត ហើយ​លោក​ រៀល ខេមរិន្ទ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ព្រឹក​មិញ​នេះ។ អ្នក​ទាំងនោះ ត្រូវ​​បានបញ្ជូន​​មក​ដល់​តុលាការ​នា​ម៉ោង ៧ ព្រឹក ដោយ​មាន​ការ​អម​ដោយ​កង​នគរ​បាល​ និង​កង​រាជ​អាវុធ​ហត្ថ​យ៉ាង​ច្រើន។

កែប្រែ ១០:៣០ ICT

០៩:៣៤ ICT ថ្ងៃ១៦ ខែកក្កដា

មាន​ការ​បិទ​ផ្លូវ​ដោយ​របាំង​នៅ​ភាគ​ខាង​ជើង​ និង​ខាង​ត្បូង​ផ្លូវ​ចូល​ទៅ​កាន់​តុលាការ ដូច​ដែល​ត្រូវ​បាន​ធ្វើ​កាល​ពី​សវនាការ​របស់​អ្នក​ទាំង ២៣ នាក់។ អ្នក​គាំទ្រ​ប្រមាណ ៥០០ នាក់​ បាន​ប្រមូលផ្តុំ​គ្នា​នៅ​ភាគ​ខាង​ជើង​នៃ​ផ្លូវ​ចូល​ទៅ​កាន់​តុលាការ។

០៩:៣៦ ICT ថ្ងៃ១៦ ខែកក្កដា

សន្និសិទ​សារព័ត៌មាន​នៅ​ទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​តែ​ប្រព្រឹត្តិ​ឡើង ហើយ​កំពុង​ដឹក​នាំ​ដោយ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា។ លោក បាន​និយាយ​ថា អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ម្សិល​មិញ ត្រូវ​បាន​ចាប់​ផ្តើម​ឡើង​ដោយ​ភាគី​ខាង​អាជ្ញាធរ ហើយ​លោក​មាន​ភស្តុតាង​បញ្ជាក់​ពី​ព្រឹត្តិការណ៍​នោះ។ លោក​កំពុង​បញ្ចាំង​រីដេអូ ស្តីពី​អំពើ​ហិង្សា​កាល​ពី​ម្សិល​មិញ។​

នៅ​ក្នុង​រូប​ភាព​ខាង​លើ លោក​ កឹម​ សុខា កំពុង​បង្ហាញ​នូវ​រូប​ភាព​ដែល​អ្នក​តំណាង​រាស្ត្រ​ទាំង ៥ នាក់​ ត្រូវ​បាន​ដាក់​ខ្នោះ​ដៃ​នៅ​ខាង​ក្រោយ​ខ្នង។

កែប្រែ ០៩:៤៤ ICT

១០:០៣ ICT ថ្ងៃ១៦ ខែកក្កដា

នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​​របស់​​រាជរដ្ឋា​ភិបាល ដែល​បាន​ចេញ​កាល​ពី​ម្សិល​មិញ អង្គភាព​ព័ត៌​មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទី​ស្តីការ​គណ​រដ្ឋ​មន្ត្រី​ នឹង​ធ្វើ​សន្និសិទ​សារព័ត៌មាន​មួយ​នៅ​វេលា​ម៉ោង ១១ ព្រឹក​នេះ ស្តី​អំពី​អំពើ​ហិង្សា​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ។ សន្និសិទ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក កែវ រ៉េមី រដ្ឋ​លេខា​ធិកា​ទីស្តីកា​គណរដ្ឋមន្ត្រី។

១០:០៤ ICT ថ្ងៃ១៦ ខែកក្កដា

សន្និសិទ​សារព័ត៌​មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឥឡូវ​បាន​បញ្ចប់។ លោក កឹម សុខា អំពាវ​នាវ​ឲ្យ​អ្នក​នយោ​បាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់ រៀប​ចំ​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ភ្លាម​ៗ​បន្ទាប់​ពី​សន្និសិទ។

១០:២២ ICT ថ្ងៃ១៦ ខែកក្កដា

នៅ​ភាគ​ខាង​ជើង​នៃ​ផ្លូវ​ចូល​តុលាការ អ្នក​តវ៉ា​កំពុង​បង្ហាញ​ការ​គាំទ្រ​របស់​ខ្លួន​ទៅលើ​អ្នក​តំណាង​រាស្ត្រ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន។ អ្នក​គាំទ្រ​ម្នាក់​ បាន​ប្រាប់​សាធារណ​ជន​ថា នាង​មក​ពី​ខេត្ត​កំពង់​ឆ្នាំង ដើម្បី​ស្នើ​សុំ​ឲ្យ​តុលាការ​ដោះ​លែង​តំណាង​រាស្ត្រ​ទាំង​នោះ។ អ្នក​គាំទ្រ​ម្នាក់​ទៀត​បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ កុំ​ឲ្យ​ចាប់​អ្នក​ទាំង​នោះ​ដើម្បី​ជា​ការ​ត​ថ្លៃក្នុង​ការ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​ក្នុង​សភា។

១០:២៤ ICT ថ្ងៃ១៦ ខែកក្កដា

អ្នក​សារព័ត៌​មានឯករាជ្យ លោក Kevin Doyle កំពុង​តាម​ដាន​ព្រឹត្តិការណ៍​នា​ថ្ងៃ​នេះ។ ដូច​អ្នក​គាំទ្រ​ដទៃ​ទៀត​ដែរ លោក បាន​កត់​សម្គាល់​ឃើញ​ថា​ព្រឹត្តិការណ៍​នេះ​ ជា​ព្រឹត្តិការណ៍​នយោបាយ​ដ៍​សំខាន់​មួយ។

១០:២៦ ICT ថ្ងៃ១៦ ខែកក្កដា

នៅ​ភាគ​ខាង​ត្បូងរបាំង​​ផ្លូវ​ចូល​ទៅ​កាន់​តុលាការ មាន​អ្នក​គាំទ្រ​យ៉ាង​តិច​ណាស់ ៥០០ នាក់ កំពុង​ប្រមូល​ផ្តុំ​គ្នា​ ដើម្បី​ធ្វើ​ឲ្យ​សម្លេង​របស់​អ្នក​ទាំង​នោះ​លឺ​ដល់​សាធារណជន។

កែប្រែ ១០:២៦ ICT

១០:២៨ ICT ថ្ងៃ១៦ ខែកក្កដា

នៅ​លើ​គេហទំព័រ​បណ្តាញ​ទំនាក់​ទំនង​សង្គម ហ្វេសប៊ុក​ របស់​កូន​ស្រី​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា៖ លោក កឹម​សុខា បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​តំណាង​រាស្ត្រ ទាំង ៥ នាក់។

១០:៤២ ICT ថ្ងៃ១៦ ខែកក្កដា

លោក វន់ ពៅ ប្រធានសមាគមប្រជា​ធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) បាន​ចូល​រួម​ជាមួយ​​ក្រុមអ្នក​គាំទ្រ​​នៅ​ភាគ​ខាង​ត្បូង​នៃ​របាំង​ផ្លូវ​ចូល​តុលាការ។ លោក ពៅ គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោមអ្នក​ទាំង ២៣ នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​អំឡុង​ពេល​បង្ក្រាប​យ៉ាង​ហិង្សា​កាល​ពី​ខែ​មករា​លើ​បាតុករ​ជា​កម្មករ​រោង​ចក្រ។ បច្ចុប្បន្ន​នេះ លោក​ត្រូវ​បាន​ដោះ​លែង​ពី ពន្ធនាគារ​ ក្រោយពេល​មាន​ការ​ឃុំ​ខ្លួនបណ្តោះ​អាសន្ន​​អស់​រយៈ​ពេល ៦​ខែ​ក្នុង​ពន្ធនាគារ​។

លោក បាន​ប្រាប់​ទៅ​ក្រុមអ្នក​គាំទ្រ​ថា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​ចាប់​ខ្លួន​ បាន​ធ្វើ​ការ​តវ៉ា​ ដើម្បី​ជួយ​ឲ្យ​មាន​ការ​ដោះ​លែង​លោក ហើយ​ឥឡូវ​នេះ លោក​​សូម​​អំពាវ​នាវ​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​នោះ​វិញ។

១០:៥៨ ICT ថ្ងៃ១៦ ខែកក្កដា

សម្រាប់​ការ​ពណ៌នា​អំពី​ព្រឹត្តិការណ៍​កាល​ពី​ម្សិល​មិញ​នៅ​ទី​លាន​ប្រជា​ធិបតេយ្យ សូម​មើល សេចក្តី​ថ្លែង​ការណ៍​ របស់​អង្គការ​លីកាដូ។

កាសែត ភ្នំពេញ​ប៉ុស្តិ៍ ក៏បាន​ថត​នូវ​ព្រឹត្តិការណ៍​នៃ​ការ​តវ៉ា និងបង្ហាញ​អំពើ​ហិង្សា​នៅ​ក្នុង​វិដេអូ​នោះ។

១១:០១ ICT ថ្ងៃ១៦ ខែកក្កដា

ការ​សួរ​ចម្លើយ​តំណាង​រាស្ត្រ​ទាំង​ ៥ ត្រូវ​បាន​បញ្ចប់

មេធាវី​តំណាង​ឲ្យ​អ្នក​តំណាង​រាស្ត្រ​ទាំង​នោះ បាន​និយាយ​ថា ការ​សួរ​ចម្លើយ​កូន​ក្តី​របស់​ខ្លួន ត្រូវ​បាន​បញ្ចប់។ រហូត​មក​ដល់​ពេល​នេះ អ្នក​ទាំង​នោះ​មិន​ទាន់​ត្រូវ​បាន​ចោទ​ប្រកាន់ ហើយ​មិន​ទាន់​មាន​បទ​បញ្ជា​ឲ្យ​ដោះ​លែង​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នោះ​ទេ។

អំពី​កម្មវិធី

សូម​ស្វាគមន៍​មក​កាន់​មជ្ឈ​មណ្ឌល​ផ្សាយ​ ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​នយោបាយ និង​សិទិ្ធ​មនុស្ស​សំខាន់ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា របស់​​យើង​​ខ្ញុំ ។

នៅ​ខណៈ​ដែល​ស្ថាន​ភាព​ត្រូវ​បាន​បង្ហាញ យើង​នឹង​ផ្តល់​នូវ​ព័ត៌​មាន​ទាន់​ហេតុការណ៍​ពី​ទីតាំង​ផ្ទាល់ ពី​អ្នក​ឃ្លាំ​មើល​របស់​យើង​ខ្ញុំ និង​ប្រភព​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ដទៃ​ទៀត ដូច​ជា​អ្នក​កាសែត និង​ដៃគូ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នានា។

LICADHO Website
Facebook Twitter