ផ្សាយព័ត៌មានផ្ទាល់
ព្រឹត្តិការណ៍ និងការដើរហែក្បួនមួយចំនួន ដែលបានគ្រោងទុក សម្រាប់ព្រឹត្តិការណ៍ទិវាសិទិ្ធមនុស្សអន្តរជាតិ ១០ធ្នូ
អង្គការលីកាដូ នឹងធ្វើការផ្សាយផ្ទាល់នូវព័ត៌មានអំពីព្រឹត្តិការណ៍ទាំងនោះនៅថ្ងៃនេះ និងថ្ងៃស្អែក។ នាទិវាសិទិ្ធមនុស្សអន្តរជាតិ នឹងមានការដើរហែក្បួនដែលបានគ្រោងទុកជាច្រើន ត្រូវបានធ្វើឡើងដោយក្រុមប្រជាពលរដ្ឋ ក្រុមសង្គមស៊ីវិល ក៏ដូចជាគណបក្សសង្គ្រោះជាតិ (CNRP) ផងដែរ។
បន្ទាប់ពីការដើរហែក្បួនធម្មយាត្រា-សិទិ្ធយាត្រាអហិង្សាអស់រយៈពេល ១០ថ្ងៃ ក្នុងចម្ងាយផ្លូវ ១.០០០ គីឡូម៉ែត ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលជាសមាជិកនៃក្រុមមិត្ត ១០ធ្នូ នឹងធ្វើដំណើរមកដល់រាជធានីភ្នំពេញនាល្ងាចថ្ងៃនេះ។ នាព្រឹកថ្ងៃស្អែក ទី១០ ធ្នូ សមាជិកនៃក្រុមមិត្ត ១០ធ្នូ ដែលបានដើរហែក្បួនពីផ្លូវជាតិចំនួន ៥ គ្រោងនឹងជួបជុំគ្នានៅមុខវិមានរដ្ឋសភាជាតិ៖
- ក្រុម ផ្លូវជាតិលេខ ១ នឹងចាកចេញពីវត្តនិរោធក្នុងខ័ណ្ឌមានជ័យ នាព្រឹកស្អែក។
- ក្រុម ផ្លូវជាតិលេខ ៣ នឹងចាកចេញពីវត្តស្ទឹងមានជ័យក្នុងខ័ណ្ឌមានជ័យ នាព្រឹកស្អែក។
- ក្រុម ផ្លូវជាតិលេខ ៤ នឹងចាកចេញពីវត្តនាគវន្តក្នុងខ័ណ្ឌទួលគោក នាព្រឹកស្អែក។
- ក្រុម ផ្លូវជាតិលេខ ៥ នឹងចាកចេញពីវត្តឧត្តរា វត្តី ក្នុងខ័ណ្ឌប្ញស្សីកែវ នាព្រឹកស្អែក។
- ក្រុម ផ្លូវជាតិលេខ ៦ នឹងចាកចេញពីវត្តគៀនឃ្លាំង ក្នុងខ័ណ្ឌប្ញស្សីកែវ នាព្រឹកស្អែក។
គណបក្សសង្គ្រោះជាតិ ក៏បានប្រកាសអំពីព្រឹត្តិការណ៍ដើរហែក្បួនរបស់អ្នកទាំងនោះផងដែរ នាព្រឹកថ្ងៃទី១០ នៅក្នុងរាជធានី។ មួយក្រុម នឹងត្រូវបានដឹកនាំដោយលោក កឹម សុខា មួយក្រុមទៀតនឹងត្រូវបានដឹកនាំដោយលោក សម រង្ស៊ី ហើយក្រុមទីបី នឹងត្រូវបានដឹកនាំដោយអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៖
- ក្រុមទី១ នឹងចាកចេញពីទីស្នាក់ការកណ្តាលគណបក្សស្ថិតក្នុងខ័ណ្ឌមានជ័យ
- ក្រុមទី២ នឹងចាកចេញពីទីស្នាក់ការកណ្តាលគណបក្សស្ថិតក្នុងខ័ណ្ឌទួលគោក
- ក្រុមទី៣ នឹងចាកចេញពីសួនច្បារសាធារណៈ នៅទល់មុខឃ្លាំងប្រេងរបស់ក្រុមហ៊ុន សូគីម៉ិច ក្នុងខ័ណ្ឌប្ញស្សីកែវ។
បន្ទាប់មក ក្រុមប្រជាពលរដ្ឋ ព្រះសង្ឃ និងអ្នកតំណាងមកពីសហគមន៍ សមាគម សហជីព អង្គការមិនមែនរដ្ឋាភិបាល និងគណបក្សនយោបាយមួយចំនួន នឹងប្រារព្ធទិវានេះ ដោយមានកម្មវិធីមួយចំនួននាថ្ងៃស្អែកដូចជា៖
- ក្រុមមិត្ត ១០ធ្នូ៖ ព្រះសង្ឃ និងប្រជាពលរដ្ឋ នឹងជួបជុំគ្នានៅមុខវិមានរដ្ឋសភា ដើម្បីបង្ហាញ និងពាំនាំនូវសេចក្តីព្រួយបារម្ភរបស់អ្នកទាំងនោះផ្ទាល់ និងរបស់ប្រជាពលរដ្ឋតាមផ្លូវដែលអ្នកទាំងនោះបានឆ្លងកាត់ ទៅដល់រាជរដ្ឋាភិបាល និងតំណាងរាស្ត្ររបស់អ្នកទាំងនោះ ហើយនិងស្នើដល់មន្ត្រីរាជរដ្ឋាភិបាលប្តេជ្ញាបញ្ឈប់ការរំលោភនូវសិទិ្ធមនុស្ស។
- គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ-សមាគមការពារសិទិ្ធមនុស្សកម្ពុជា (CHRAC)៖ ដែលជាសម្ព័ន្ធមានអង្គការជាច្រើនជាសមាជិក នឹងជួបជុំគ្នានៅរម្យណីយដ្ឋាន វត្តភ្នំ ដើម្បីបង្ហាញពីតម្រូវការផ្នែកសិទិ្ធមនុស្ស។
- គណបក្សសង្គ្រោះជាតិ (CNRP) នឹងធ្វើការជួបជុំគ្នាដ៏ធំនៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ និងនៅភាគខាងជើងខេត្តសៀមរាប។
- គណបក្សប្រជាជនកម្ពុជា (CPP) នឹងធ្វើការជួបជុំគ្នានៅទីក្រុង កោះពេជ្យ ដែលជាកន្លែងដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើការថ្លែងសុន្ទរកថា និងនៅសួនមុខវត្តបទុមវតី
- សាលាក្រុងភ្នំពេញ នឹងធ្វើសកម្មភាពដែលបានគ្រោងទុកនៅឯពហុកីឡាដ្ឋានជាតិ អូឡាំពិក។
សូមចុចលើផែនទីខាងលើ ដើម្បីពង្រីកនូវទីតាំង កំណត់ចំនាំ៖ ព្រឹត្តិការណ៍ទាំងនេះ អាចនឹងមានការប្រែប្រួលក្នុងករណីចាំបាច់។
កែប្រែ ១៧:២៨ ICT
យោងតាម សេចក្តីអំពាវនាវ ដែលត្រូវបានចេញផ្សាយកាលពីម្សិលមិញ ក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ ដោយមានអ្នកចូលរួម ១០.០០០ នាក់ ចាប់ពីម៉ោង ៧ ព្រឹក ដល់ ១២ ថ្ងៃត្រង់។ ក៏ដូចគ្នាដែរ ក្រសួងមហាផ្ទៃ ក៏បានអនុញ្ញាតឲ្យគណៈកម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការ-សមាគមការពារសិទិ្ធមនុស្សកម្ពុជា ធ្វើការជួបជុំគ្នានៅរម្យណីយដ្ឋាន វត្តភ្នំ ដោយមានអ្នកចូលរួមប្រមាណ ៥.០០០ នាក់ ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ២ រសៀល។ ប៉ុន្តែក្រសួង មិនអនុញ្ញាតឲ្យមានការដើរហែក្បួននោះទេ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រក្រសួងមហាផ្ទៃ ដើម្បីមើល សេចក្តីអំពាវនាវ ដែលត្រូវបានចេញផ្សាយជាសារធារណៈ។
នាយកនិពន្ធកាសែត The Cambodia Daily លោក Kevin Doyle បានឃ្លាំមើលមន្ត្រីនគរបាលនៅទីលានប្រជាធិបតេយ្យ ដែលកំពុងហាត់សមនៅមុនខាងជួបជុំគ្នារបស់គណបក្សសង្គ្រោះជាតិសម្រាប់ព្រឹត្តិការណ៍សិទិ្ធមនុស្សអន្តរជាតិ។
Warming up: Phnom Penh police get some practice ahead of Int'l Human Rights Day rallies tomorrow pic.twitter.com/MgoSb2u8Xs
— Kevin Doyle (@doyle_kevin) December 9, 2013
សេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍ ដោយអង្គការលើកលែងទោស អន្តរជាតិ បានអំពាវនាវឲ្យរាជរដ្ឋាភិបាលកម្ពុជា គោរពនូវសិទិ្ធសេរីភាពក្នុងការជួបជុំដោយអហិង្សា ក្រោយពេលដែលមានការបង្ក្រាបដោយហិង្សាពីសំណាក់នគរបាល កាលពីប៉ុន្មានខែមុននេះ។
ការបិទផ្លូវមួយចំនួន អំឡុងពេលបាតុកម្មអហិង្សាមួយចំនួន ដែលបានធ្វើឡើងដោយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៧ ដល់១៧ ខែកញ្ញា ឆ្នាំ២០១៣ គឺជាការរឹតត្បិតសេរីភាពក្នុងការធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ ដែលធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងៗ រហូតដល់មានការប៉ះទង្គិចគ្នារវាងប្រជាពលរដ្ឋ និងកងសន្តិសុខ។
In the lead up to Human Rights Day we ask #Cambodia's Government to respect the right to peaceful public gatherings http://t.co/uG0UIuePTZ
— Amnesty Australia (@amnestyOz) December 8, 2013
កែប្រែ ១៦:៤២ ICT
ចាប់តាំងពីថ្ងៃទី១ ខែធ្នូ ក្រុមសង្គមស៊ីវិល ដែលដឹកនាំដោយព្រះសង្ឃ បានដើរហែក្បួនធម្មយាត្រា ពីទីតាំងក្នុងខេត្តចំនួន ៥ ដែលនៅតាមបណ្តោយផ្លូវជាតិទាំង ៥ មកកាន់រាជធានីភ្នំពេញ ដើម្បីប្រារព្ធខួបលើកទី ៦៥ នៃទិវាសិទិ្ធមនុស្សអន្តរជាតិ។
នាថ្ងៃនេះ ដែលជាថ្ងៃទី៩ នៃការដើរហែក្បួនរយៈពេល ១០ថ្ងៃ ក្រុមព្រះសង្ឃ សហគមន៍ សមាគម បណ្តាញ សហព័ន្ធ សហជីព និងអង្គការមិនមែនរដ្ឋាភិបាល កំពុងធ្វើដំណើរមកដល់រាជធានីភ្នំពេញហើយ។
នៅតាមដងផ្លូវនៃការហែក្បួន ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវទាំងនោះ បានអបអរសាទរ និងស្វាគមន៍ធម្មយាត្រាទាំងនេះ ដោយធ្វើការផ្តល់អាហារ និងភេសជ្ជៈដល់អ្នកដើរហែក្បួន និងទទួលនូវការប្រោះព្រំពីព្រះសង្ឃដែលបានដើរហែរក្បួន។
ក្រុមទាំងប្រាំ បានសម្រាកនៅក្នុងវត្តដែលស្ថិតនៅតាមដងផ្លូវទាំងនោះ។ កាលពីយប់មិញ អាជ្ញាធរជាច្រើន បានបិទផ្លូវចូលទៅក្នុងវត្តចំនួនបី គឺវត្តស្លែង នៅផ្លូវជាតិលេខ៣ វត្តជម្ពូវ័ន្ត នៅផ្លូវជាតិលេខ៤ និងវត្តមុនីសាគរ នៅផ្លូវជាតិលេខ៥ ដែលជាកន្លែងដែលក្រុមដែលនៅតាមផ្លូវជាតិទាំងបីគ្រោងនឹងសម្រាកនាពេលយប់។ អ្នកដើរហែក្បួន បានបិទកំណាត់ផ្លូវជាតិទាំងនោះ និងធ្វើការចរចាជាមួយអាជ្ញាធរ រហូតដល់អ្នកទាំងនោះត្រូវបានអនុញ្ញាតឲ្យសម្រាកនៅក្នុងវត្តទាំងនោះ។
សម្រាប់ព័ត៌មានបន្ថែមអំពីមូលហេតុដែលព្រះសង្ឃ និងប្រជាពលរដ្ឋធ្វើការហែក្បួនធម្មយាត្រាសម្រាប់ទិវាសិទិ្ធមនុស្សអន្តរជាតិ សូមមើល សេចក្តីថ្លែងការណ៍ របស់ក្រុមសង្គមស៊ីវិល។
បន្ទាប់ពីធ្វើការដើរអស់រយៈពេល ប្រាំបួនថ្ងៃមក មានតែក្រុមមួយចំនួនប៉ុណ្ណោះ ដែលត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ នៅពេលមកដល់រាជធានីភ្នំពេញ។ នៅពេលអ្នកដើរហែក្បួននៅតាមផ្លូវជាតិលេខ ៤ បានដល់វត្តនាគវ័ន្ត ទ្វារវត្តត្រូវបានចាក់សោរ។ នេះគឺជាបញ្ហាមួយដែលតែងតែកើតឡើងពេញមួយរយៈពេលនៃការដើរហែក្បួន ដោយអាជ្ញាធរនៅតែបន្តដាក់សំពាធដល់វត្តឲ្យធ្វើការបិទខ្លោងទ្វារវត្តមួយចំនួន។
សម្រាប់អ្នកដើរហែក្បួនផ្លូវជាតិលេខ ៤ នេះគឺជាវត្តទីបីហើយ ដែលត្រូវបានបិទទ្វារ នៅពេលដែលអ្នកទាំងនោះមកដល់។ កាលពីថ្ងៃមុន ការបិទផ្លូវ បានធ្វើឲ្យអ្នកគ្រប់គ្រងវត្តទាំងនោះសម្រេចចិត្តបើកទ្វារវត្តឡើងវិញ។
កែប្រែ ១៧:២៤ ICT
ធ្វារវត្តនាគវ័នត្រូវបានបើកឳ្យក្រុមធម្មយាត្រាស្នាក់នៅបណ្តោះអាសន្នមួយយប់។
កែប្រែ ១៨:៤១ ICT
សមាជិកាជាន់ខ្ពស់របស់គណៈបក្សសង្គ្រោះជាតិ កញ្ញា Kem Monovithya បានចែកចាយផែនទីលម្អិតនៃហែក្បួនដង្ហែរទាំងបីបានដែលបានគ្រោងទុកដោយគណៈបក្សសង្គ្រោះជាតិ។ ក្បួនដង្ហែរទាំងនោះនឹងត្រូវចាប់ផ្តើមនៅម៉ោង៧ ព្រឹក។
កែប្រែ ២០:៤៥ ICT
ក្រុមដើរហែក្បួនអហិង្សាទាំងអស់ បានចាប់ផ្តើមដើរហែក្បួនធម្មយាត្រាចេញពីវត្ត ដែលជាកន្លែងដែលអ្នកទាំងនោះស្នាក់នៅមួយយប់ ឆ្ពោះទៅវិមានរដ្ឋសភាជាតិ។ នៅទីនោះ អ្នកទាំងនោះនឹងធ្វើការជួបជុំគ្នា ហើយបង្ហាញនូវញត្តិរបស់អ្នកទាំងនោះទៅដល់មេដឹកនាំគណបក្សដែលជាប់ឆ្នោត អំពីការព្រួយបារម្ភនានា ដែលអ្នកទាំងនោះបានលឺទូទាំងប្រទេស ហើយនិងស្នើទៅដល់រាជរដ្ឋាភិបាល សុំឲ្យប្តេជ្ញាចិត្តបញ្ឈប់ការរំលោភសិទិ្ធមនុស្សទាំងអស់។ រហូតមកដល់ពេលនេះ មិនទាន់មានការរារាំងណាមួយកើតឡើងមកលើអ្នកដើរហែក្បួននោះទេ។
ក្រុមអ្នកកាសែតដែលមានទីតាំងនៅរាជធានីភ្នំពេញមួយក្រុម ឈ្មោះ The Ruom Collective បានកំពុងពិនិត្យមើលសកម្មភាពរបស់ព្រះសង្ឃ នៅខណៈដែលព្រះសង្ឃរៀបចំនឹងដើរហែក្បួន។
កែប្រែ ០៨:០៥ ICT
ក្រុមអ្នកដើរហែក្បួនផ្លូវជាតិលេខ ១ បានមកដល់មុខវិមានរដ្ឋសភាហើយ នៅពេលដែលក្រុមផ្សេងទៀតកំពុងធ្វើដំណើរដោយរលូនដើម្បីមកជួបជុំគ្នានៅទីនេះ។
មានអ្នកចូលរួមចំនួនពីរនាក់ ដែលអង្គការលើកលែងទោសអន្តរជាតិបានទទួលស្គាល់ជាអ្នកទោសនៃមនសិកា បានចូលរួមនៅក្នុងព្រឹត្តិការណ៍នាឆ្នាំនេះ។ សកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា បានដើរហែក្បួនជាមួយក្រុមផ្លូវជាតិលេខ ៤ តាំងពីថ្ងៃទី១ ខែធ្នូ។ អ្នកស្រីត្រូវបានចូលរួមដោយលោក ម៉ម សូណង់ដូ ដែលជាអតីតអ្នកទោសនៃមនសិកា ដែលត្រូវបានទទួលស្គាល់ដោយអង្គការលើកលែងទោសអន្តរជាតិ និងកំពុងធ្វើដំណើរមកជាមួយក្រុមអ្នកដើរហែក្បួនផ្លូវជាតិលេខ ៦។ អ្នកស្រាវជ្រាវនៅតំបន់អាស៊ីរបស់អង្គការលើកលែងទោសអន្តរជាតិ លោក Rupert Abbott ក៏បាននៅទីនោះផងដែរ៖
Former @AmnestyOnline prisoner of conscience Mam Sonando with marchers @ Neakavoan pagoda. #ihrdkh13 pic.twitter.com/K9I60DfLGp
— Rupert Abbott (@RupertBAbbott) December 9, 2013
កែប្រែ ០៨:២៥ ICT
ក្រុមគណបក្សសង្គ្រោះជាតិបានចាប់ផ្តើមហែក្បួន។ អ្នកកាសែតរបស់ The Cambodia Daily Lauren Crothers កំពុងនៅជាមួយលោក សម រង្ស៊ី៖
Rainsy and CNRP supporters on the move #cambodia #ihrdkh13 pic.twitter.com/8pg9R8Xqew
— Lauren Crothers (@laurencro) December 10, 2013
សូមស្វាគមន៍មកកាន់មជ្ឈមណ្ឌលផ្សាយ ព័ត៌មានអំពីព្រឹត្តិការណ៍នយោបាយ និងសិទិ្ធមនុស្សសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា របស់យើងខ្ញុំ ។
នៅខណៈដែលស្ថានភាពត្រូវបានបង្ហាញ យើងនឹងផ្តល់នូវព័ត៌មានទាន់ហេតុការណ៍ពីទីតាំងផ្ទាល់ ពីអ្នកឃ្លាំមើលរបស់យើងខ្ញុំ និងប្រភពព័ត៌មានដែលអាចជឿទុកចិត្តបានដទៃទៀត ដូចជាអ្នកកាសែត និងដៃគូអង្គការមិនមែនរដ្ឋាភិបាលនានា។