ផ្សាយ​ព័ត៌​មាន​ផ្ទាល់

ការ​ផ្សាយ​បាន​ចប់ អត្ថបទ​​នឹង​ត្រូវ​ទុក​ជា​បណ្ណសារ

១៥:២២ ICT ថ្ងៃ៩ ខែធ្នូ

ការដើរហែក្បួន និងព្រឹត្តិការណ៍ដែលគ្រោងធ្វើសម្រាប់ស្អែក

ចុចលើផែនទីខាងលើដើម្បីពង្រីកទីតាំង។ ព្រឹត្តិការណ៍​ដែលបាន​គ្រោង​​ភាគច្រើន មិន​ត្រូវបាន​អនុញ្ញាតដោយ​សាលា​រាជធានី​ភ្នំពេញទេ ហើយ​ដូចនេះ​អាចនឹង​ត្រូវបាន​ផ្លាស់ប្តូរ

ចាប់តាំងពីថ្ងៃទី៥ ក្បួនធម្មយាត្រា-សិទិ្ធ​យាត្រា ត្រូវបាន​ធ្វើឡើង​នៅលើ​ផ្លូវជាតិ​ចំនួន ៧ ទូទាំង​ប្រទេសកម្ពុជា។ ក្រុមដើរ​ហែក្បួន គឺត្រូវបាន​ដឹកនាំ​ដោយព្រះសង្ឃ ហើយ​សមាជិក​រួមមាន​សហគមន៍​ជនជាតិ​ដើមភាគតិច យុវជន ប្រជាពលរដ្ឋ​រងគ្រោះ​ដោយជម្លោះ​ដីធ្លី និងអង្គការ​មិនមែន​រដ្ឋាភិបាល​នានា។ នៅពេល​ដែល​អ្នក​ទាំងនោះ​មកដល់​រាជធានីភ្នំពេញ រួមបញ្ចូល​គ្នាពួកគេ​នឹងដើរ​បានចង្ងាយ​ជាង ៦០០ គ.ម។

នៅព្រឹកនេះ អ្នកដើរហែក្បួន មិនត្រូវបាន​អនុញ្ញាត​ឲ្យដើរ​ចូលមកកាន់​រាជធានី​នោះទេ ដោយមាន​ការបិទផ្លូវ​ពីកង​សន្តិសុខ​ជាច្រើន​នៅតាម​ផ្លូវជាតិ​ទាំង ៦។ បន្ទាប់ពីរង់ចាំ និងចរចា​អស់​ជាច្រើនម៉ោង ក្រោម​កំដៅថ្ងៃ ក្រុមទាំងអស់​ត្រូវបាន​អនុញ្ញាត​ឲ្យបន្តក្បួន។

អ្នកដើរហែក្បួន ឥឡូវបានមក​ដល់កន្លែង​សម្រាក​ចុងក្រោយ​របស់អ្នក​ទាំងនោះហើយ​ ហើយក៏ជា​ទីតាំង​សម្រាប់​ពួកគេ​ចាប់ផ្តើម​ដើរហែក្បួន​នៅថ្ងៃស្អែក​ទៅកាន់វិមាន​រដ្ឋសភាជាតិ៖

  • ផ្លូវជាតិលេខ ១៖ វត្តច្បារអំពៅ នៅខណ្ឌច្បារអំពៅ
  • ផ្លូវជាតិលេខ ២៖ វត្តថាន់ នៅខណ្ឌច្បារមន
  • ផ្លូវជាតិលេខ ៣៖ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ នៅខណ្ឌដង្កោរ
  • ផ្លូវជាតិលេខ ៤៖ វត្តស្ទឹងមានជ័យ នៅខណ្ឌមានជ័យ
  • ផ្លូវជាតិលេខ ៥៖ វត្តឧត្តរាវត្តី (វត្តប្ញស្សីកែវ) នៅខណ្ឌប្ញស្សីកែវ
  • ផ្លូវជាតិលេខ ៦៖ វត្តគៀនឃ្លាំង នៅខណ្ឌជ្រោយចង្វារ

បន្ថែមលើការដើរហែក្បួន ព្រឹត្តិការណ៍ខាងក្រោមទាំងនេះ ក៏នឹងត្រូវបានគ្រោងធ្វើឡើងនាថ្ងៃស្អែកផងដែរ។

  • សមាជិកសហជីពជាង ៣០០០ នាក់ មកពី​សហជីពការងារ​កម្ពុជា (CLC) នឹងប្រមូល​ផ្តុំគ្នា​នៅទីលាន​ប្រជាធិបតេយ្យ ហើយ​និងមាន​ការថ្លែង​សុន្ទរកថា​ដើម្បីប្រារព្ធ​ទិវាសិទិ្ធ​មនុស្ស​អន្តរជាតិ។ បន្ទាប់មក​កម្មករនឹង​ដើរហែក្បួន​ទៅកាន់​រដ្ឋសភា​ជាតិ ដើម្បី​ដាក់ញត្តិ។
  • គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្មនៃ​អង្គការ-សមាគម​ការពារ​សិទិ្ធកម្ពុជា បានអញ្ជើញ​អង្គការ និងអ្នក​ចូលរួម​ជាច្រើន ដើម្បីប្រមូល​ផ្តុំគ្នា​នៅមុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មុនពេល​ដើរទៅ​កាន់ទីលាន​ប្រជាធិបតេយ្យ ហើយ​ធ្វើការ​ថ្លែងសុន្ទរកថា​នៅលើ​ឆាកនៅ​ទីនោះ។
  • អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹងប្រារព្ធ​ទិវានេះ​នៅសាល​កោះពេជ្យ។ យោងតាម​ការផ្សាយ​ជាសាធារណៈ ព្រឹត្តិការណ៍នេះ​នឹងផ្តោត​លើការ​អភិវឌ្ឍន៍​ទីក្រុង និងសិទិ្ធ​របស់​សហគមន៍ក្រីក្រ​នៅទីប្រជុំជន។
  • ចាប់ពីម៉ោង ៤ល្ងាច ទៅម៉ោង ៨ កន្លះ ល្ងាច ចលនា​យុវជនគណបក្ស​សង្គ្រោះជាតិ នឹង​ប្រមូលផ្តុំគ្នា នៅសួន​ទន្លសាប​នៅមុខ​អាគារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ នៅទីនោះ​នឹងមាន​ការប្រគុំតន្ត្រី និងសុន្ទរកថា​ដោយមេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ គឺប្រធាន ឯកឧត្តម សម រង្ស៊ី និង​អនុប្រធាន ឯកឧត្តម កឹម សុខា។

កែប្រែ ១៥:៣៥ ICT

១៦:៣០ ICT ថ្ងៃ៩ ខែធ្នូ

ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​ប្រារព្ធ​ទិវា​សិទិ្ធ​​មនុស្ស​អន្តរ​ជាតិ​ឆ្នាំ ២០១៤

ទិវាសិទិ្ធមនុស្ស​អន្តរជាតិ​នាឆ្នាំ​នេះ ក្បួន​ក៏ត្រូវ​បាន​ប្រារព្ធនៅ​ខេត្ត​រតនគិរីផង​ដែរ។ នេះ​ជាលើកទីមួយ​ ដែល​ទិវា​នេះ​ក៏​ត្រូវ​បាន​ប្រារព្ធ​នៅ​ទី​នោះ។ អ្នក​ដើរ​ហែ​ក្បួន​ចំនួន ២០០នាក់ ដែលក្នុងនោះរួមមាន​អ្នក​ចូល​រួម​ ១០០​នាក់​ មក​ពី​ភូមិជនជាតិដើម​ទំពួន គួយ គ្រឿង ប្រាវ ចារាយ ខាចក់ និង​ខ្មែរលើ បាន​ប្រារព្ធ​ទិវា​នៅ​ក្នុង​ខេត្ត​រតនគិរី មុន​ពេល​មក​ចូល​រួម​ជា​មួយ​អ្នក​ដើរ​ហែក្បួន​នៅ​ផ្លូវ​ជាតិ​លេខ ៦​ នៅ​ថ្ងៃ​ទី​៥ ខែធ្នូ។

អ្នក​ដើរ​ហែ​ក្បួន បាន​ប្រមូលផ្តុំ​គ្នា​នៅ​ភូមិ ល្អៀន​ក្រែន ឃុំ​ អូរជុំ ស្រុក អូរ​ជុំ ខេត្ត​រតនគិរី ជាកន្លែង​ដែល​កម្មវិធី​ដូចជា​ការ​ផ្តល់​ពុទ្ធឱវាទអំពីព្រះពុទ្ធ​សាសនា​ និង​សិទិ្ធមនុស្ស និង​ទិវាសិទិ្ធ​មនុស្ស​អន្តរជាតិ (IHRD) ការ​បញ្ចាំង​វីដេអូ​អំពីការ​ដើរ​ហែ​ក្បួន​កាល​ពី​ឆ្នាំ​មុន និង​វីដេអូ​ខ្លី​ស្តី​ពី​សិទិ្ធកុមារ​។ មេដឹក​នាំ​ជន​ជាតិ​ភាគ​តិច បាន​និយាយ​អំពី​សិទិ្ធជន​ជាតិ​ដើម​ភាគតិច ហើយ​សហគមន៍​ជនជាតិ​ទំពួន​​បាន​សំដែង​របាំ​ប្រពៃណី​របស់​ពួកគេ។

អ្នក​ទាំងនោះ ក៏​ប្រារព្ធ​នូវ​វេទិកា​សាធារណៈ​នៅ​បឹង​យក្ស​ឡោម នៅថ្ងៃទី​៤ ខែ​ធ្នូ​ ជាកន្លែង​ស័ក្តសិទិ្ធ​សម្រាប់​ជនជាតិ​ទំពួន និង​ជាកន្លែង​ដែល​ព្រះ​តេជ​គុណ​ លួន​សុវាត និង​ព្រះ​សង្ឃ​ដទៃ​ទៀត​ធ្វើ​បទ​បង្ហាញ​ទៅ​កាន់​អ្នក​ដើរ​ហែ​ក្បួន។

អ្នក​ដើរ​ហែ​ក្បួន​បាន​ជួប​បញ្ហា​នៅ​ថ្ងៃទី​៤ នៅ​វត្ត​គិរី​សោភ័ណ ភូមិ​ផៃ ឃុំ​ត្រពាំង​ច្រះ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ នៅពេល​ដែល​កង​រាជ​អាវុធ​ហត្ថ​ និង​នគរបាល​ចំនួន ២០​នាក់ មិន​អនុញ្ញាត​ឲ្យ​ស្នាក់​នៅទីនោះ។ ទោះ​ជា​អ្នក​ដើរ​ហែ​ក្បួន​មាន​លិខិត​អនុញ្ញាត​ពី​អាជ្ញាធរ​ខេត្តក៏​ដោយ​​ ក៏អភិបាល​ស្រុក​កូន​មុំ អភិបាល​រង​ខេត្ត​រតន​គិរី និង​អធិការង​ខេត្ត​ បាន​ប្រាប់​អ្នក​ដើរ​ហែ​ក្បួន​ថា​ពួកគេ​អាច​ស្នាក់​នៅ​ទីវាល​តាម​ផ្លូវ​ជាតិ​លេខ ៧​បាន។ ក្រុម​អ្នក​ដើរ​ហែ​ក្បួន​ ក៏​សម្រេច​ចិត្ត​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ស្ទឹង​ត្រែង ដើម្បី​ស្នាក់​​នៅ​មួយ​​យប់ មុន​ពេល​ឆ្ពោះ​ទៅ​ផ្លូវ​ជាតិ​លេខ ៦​ នៅ​ថ្ងៃ​ស្អែក។

កែប្រែ ១៦:៣០ ICT

១៦:៣៥ ICT ថ្ងៃ៩ ខែធ្នូ

អ្នក​ដើរ​ហែ​ក្បួន​នៅ​ផ្លូវ​ជាតិ​លេខ ៣ ទើប​តែ​បាន​មក​ដល់​នៅ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍ (CLEC) នៅ​ខណ្ឌ​ដង្កោ។ អ្នក​ទាំង​នោះ​នឹង​ស្នាក់​នៅមួយ​យប់​មុន​ពេល​ជួប​ជុំ​គ្នា​ជាមួយ​អ្នក​ដើរ​ហែ​ក្បួនផ្លូវ​ដទៃ​ទៀត​នៅមុខ​រដ្ឋ​សភា​ជាតិ​ថ្ងៃ​ស្អែក។

អ្នក​ដើរ​ហែ​ក្បួន​ពី​ផ្លូវ​ជាតិ​លេខ​ ២​ ជា​ក្រុម​ដំបូង​គេ​ដែល​បាន​មក​ដល់​កន្លែង​ស្នាក់​នៅ គឺ​វត្ត​ថាន់​ នៅ​ខណ្ឌ​ចំការ​មន នៅ​ម៉ោង​ ៣​ល្ងាច។ ក្រុម​ដើរ​ក្បួន​ផ្លូវ​ជាតិ​លេខ ១ ៤ ៥ និង​៦ កំពុង​ធ្វើ​ដំណើរ​មក​កាន់​រាជ​ធានី​​ភ្នំពេញ។

១៦:៤២ ICT ថ្ងៃ៩ ខែធ្នូ

អ្នក​ដើរ​ហែ​ក្បួន​ មិន​ត្រូវ​បាន​អនុញ្ញាតឲ្យ​ចូល​ក្នុង​វត្ត​នៅ​រាជ​ធានី​ភ្នំពេញ

នៅ​ផ្លូវ​ជាតិ​លេខ ៦ អ្នក​ដើរ​ហែក្បួន​បាន​មក​ដល់​ក្លោង​ទ្វារ​វត្ត​គៀន​ឃ្លាំង នៅ​ខណ្ឌ​ជ្រោយ​ចង្វារ។ ប៉ុន្តែ​វត្ត​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​នោះ​ស្នាក់​នៅនោះ​ទេ។

នៅ​ផ្លូវ​ជាតិ​លេខ ៥ អ្នក​ដឹកនាំ​ក្បួន​​ បាន​ប្រកាស​ថា​វត្ត​ឧត្តរា​វត្តី (វត្ត​ប្ញស្សីកែវ) នៅ​ខណ្ឌ​ប្ញស្សី​កែវ​ កំពុង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ដើរ​ហែ​ក្បួន​ស្នាក់​នៅ​មួយ​យប់។​​ នគរបាល​ប្រ​ហែល​ ១០​នាក់ កំពុង​ឈរ​នៅ​ក្លោង​ទ្វារ​វត្ត។

អ្នក​ដើរ​ហែ​ក្បួន បាន​ជួប​ប្រទះ​បញ្ហា​នូវ​ការ​ចូល​ក្នុង​វត្ត​ដើម្បី​ស្នាក់​នៅ​ ចាប់​តាំង​ពីចាប់​ផ្តើម​ហែ​ក្បួន​នោ​ថ្ងៃ​ទី​៤ ដោយ​ធ្វើ​ឲ្យ​ព្រះ​សង្ឃ​ និង​អ្នក​ដើរ​ហែ​ក្បួន​មួយ​ចំនួន​​គ្មាន​ជម្រក​ស្នាក់​នៅពេល​យប់។

កែប្រែ ១៦:៤៣ ICT

១៦:៥០ ICT ថ្ងៃ៩ ខែធ្នូ

នៅ​ផ្លូវ​ជាតិ​លេខ ១ អ្នក​​ដើរ​ហែ​ក្បួន បាន​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​គម្រោង និង​ស្នាក់​នៅនៅ​ក្នុង​វត្ត​និរោធ នៅ​ខណ្ឌ​ច្បារ​អំពៅ។

នៅ ផ្លូវ​ជាតិ​លេខ ៦ អ្នក​ដើ​រហែ​ក្បួន​ មិន​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​ចូល​វត្ត​គៀន​ឃ្លាំង​នោះ​ទេ ឥឡូវ​នេះ​អ្នក​ទាំង​នោះ​បាន​ធ្វើ​ដំណើរ​ទៅ​វត្ត​ចាស់ ដែល​ជា​វត្ត​ធ្លាប់​ផ្តល់​ទី​ជម្រក​ដល់​សកម្មជន​ដី​ធ្លី​មក​ពី​ខេត្ត។

១៧:០៤ ICT ថ្ងៃ៩ ខែធ្នូ

ក្លោង​ទ្វា​វត្ត​ស្ទឹង​មាន​ជ័យ​បានចាក់​សោរ

អ្នក​ដើរ​ហែ​ក្បួន​តាម​ផ្លូវ​ជាតិ​លេខ ៤​ បាន​មក​ដល់​វត្ត​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ហើយ ប៉ុន្តែ​ក្លោង​ទ្វារ​ត្រូវ​បាន​ចាក់​សោរ។ អ្នក​ដើរ​ហែ​ក្បួន​ បាន​ឈប់​នៅ​មុខ​ក្លោង​ទ្វារ ហើយ​និយាយ​ស្នើ​សុំ​ឲ្យ​បើក​ក្លោង​ទ្វារ។ ព្រះ​ចៅ​អធិការ​វត្ត​បាន​និយាយ​ថា ទ្វារ​ត្រូវ​បាន​ចាក់​សោរ​ដោយ​អាជ្ញាធរ​សង្កាត់​ស្ទឹង​មានជ័យ។

នៅ​ផ្លូវ​ជាតិ​លេខ ៥ អ្នក​ដើរ​ហែ​ក្បួន ឥឡូវ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ស្នាក់​នៅ​មួយ​យប់​នៅវត្ត ឧត្តរា​វត្តី (វត្ត​ប្ញស្សី​កែវ) បន្ទាប់​ពី​ចរចា​ជាមួយ​អាជ្ញា​ធរ​មូល​ដ្ឋាន។

កែប្រែ ១៧:១៥ ICT

១៧:៤០ ICT ថ្ងៃ៩ ខែធ្នូ

គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្មនៃ​អង្គការ-សមាគម​ការពារ​សិទិ្ធកម្ពុជា (CHRAC) ​បាន​បង្ហោះ​កាល​វិភាគ​នៃ​ព្រឹត្តិការណ៍​ ដែល​ខ្លួន​បាន​រៀបចំសម្រាប់​ស្អែក៖

សុន្ទរកថា​សំខាន់​ៗ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីលាន​ប្រជា​ធិបតេយ្យ ដោយ​មាន​អ្នក​ដឹក​នាំ​សហជីព និង​សហគមន៍មូលដ្ឋាន ក៏ដូចជា​អ្នកស្រី Wan-Hea Lee ប្រមុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទិ្ធមនុស្ស​នៅ​កម្ពុជា និង​លោក Jean-Francois Cautain អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប។

តំណាង​រាស្រ្តជាប់​ឆ្នោត​អ្នក​ស្រី មួរសុខ​ហួរ បាន​បង្ហោះ​កាលវិភាគ​កម្មវិធី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​គេហទំព័រ​ Facebook របស់​អ្នកស្រី៖

១៧:៤៧ ICT ថ្ងៃ៩ ខែធ្នូ

ដោយ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ដ្នាក់​នៅ​ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ​ អ្នក​ដើរ​ហែ​ក្បួន​ឥឡូវ​កំពុង​ធ្វើ​ដំណើរ​ទៅកាន់​វត្ត​សាមគ្គី​រង្សី។ អ្នក​ដើរ​ហែ​ក្បួន​នៅ​តាម​ផ្លូវ​ដទៃ​ទៀត​បាន​ចូល​ស្នាក់​នៅ​ទៅ​តាម​គោល​ដៅ​រៀង​ៗ​ខ្លួន​ខាង​ក្រោម៖

  • ផ្លូវ​ជាតិ​លេខ ១៖ វត្ត​និរោធ នៅ​ខណ្ឌ​ច្បារ​អំពៅ
  • ផ្លូវ​ជាតិ​លេខ ២៖ វត្ត​ថាន់ នៅ​ខណ្ឌ​ចំការ​មន
  • ផ្លូវ​ជាំតិលេខ ៣៖ មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍ នៅ​ខណ្ឌ​ដង្កោរ
  • ផ្លូវជាតិ​លេខ ៥៖ វត្ត​ឧត្តរា​វត្តី នៅ​ខណ្ឌ​ប្ញស្សី​កែវ
  • ផ្លូវជាតិលេខ ៦៖ វត្ត​ចាស់ នៅ​ខណ្ឌ​ជ្រោយចង្វារ

នេះ​ជា​ចុង​បញ្ចប់​នៃ​ការ​ផ្សាយ​ព័ត៌​មាន​ផ្ទាល់​នា​ល្ងាច​នេះ។ សូម​តាម​ដាន​ការ​ផ្សាយ​ព័ត៌​មាន​ផ្ទាល់​ជាមួយ​យើង​ខ្ញុំ​បន្ត​ទៀត​នា​ថ្ងៃ​ស្អែក។

០៧:១០ ICT ថ្ងៃ១០ ខែធ្នូ

ទិវា​សិទិ្ធ​មនុស្ស​អន្តរ​ជាតិ​ចាប់​ផ្តើម​

នៅពេលអរុណ​រះ​ខ្ពស់​ល្មម​ អ្នក​ដើរ​ហែ​ក្បួន​ពី​វត្ត​ចាស់​បាន​រៀប​ចំ​ចេញ​ដំណើរ​។

អរុណសួរស្តី និង​សូម​ស្វា​គមន៍​មក​កាន់​ការ​ផ្សាយ​ព័ត៌​មាន​ផ្ទាល់​នៃ​ទិវា​សិទិ្ធមនុស្ស​អន្តរជាតិ។ អ្នក​ដើរ​ហែ​ក្បួន​គ្រប់​ផ្លូវ​ទាំង​អស់​បាន​ក្រោក​ពី​ព្រលឹម ដើម្បី​រៀប​ចំ​ខ្លួន​ត្រៀម​ចាប់​ផ្តើម​ប្រារព្ធ​ទិវា។ អ្នកដើរ​តាម​ផ្លូវ​ជាតិ​លេខ ៥ បាន​ចាក​ចេញ​ពី​វត្ត​ ឧត្តរា​វត្តី ហើយ​ ដែល​ជា​វត្ត​អ្នក​ទាំង​នោះ​បាន​ស្នាក់​នៅ​យប់​ម្សិលមិញ។ ឥឡូវ​នេះ​អ្នក​ទាំង​នោះ​ចាប់​ផ្តើម​ដើរ​ហែ​ក្បួន​ហើយ។

កែប្រែ ០៧:១៤ ICT

០៧:១៣ ICT ថ្ងៃ១០ ខែធ្នូ

អ្នក​ដើរ​ហែ​ក្បួន​ធម្ម​យាត្រា​-​សិទិ្ធ​​យាត្រា​បាន​ចាប់​ផ្តើម​ដើរ​ទៅ​រដ្ឋ​សភា​ជាតិ

ចុច​លើ​ផែន​ទី​ខាង​លើ​ដើម្បី​ពង្រួម​ទីតាំង។ ភាគ​ច្រើន​នៃ​កាល​វិភាគ​សម្រាប់​ព្រឹត្តិការណ៍​នា​ថ្ងៃ​នេះ ត្រូវ​បាន​បដិសេធ​ដោយ​សាលា​រាជ​ធានីភ្នំពេញ ហើយ​ដូចនេះ​វា​អាច​នឹង​ត្រូវ​បាន​ផ្លាស់​ប្តូរ។។ ផែន​ទី​ខាង​លើ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ ទៅ​តាម​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ការ​ចាក​ចេញ​នៃ​ការ​ដើរ​ហែ​ក្បួន​ធម្មយាត្រា​-​សិទិ្ធ​យាត្រា

អ្នក​ដើរ​ហែ​ក្បួន​ បាន​ចាប់​ផ្តើម​ចេញ​ដើរ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ទៅ​កាន់​​រដ្ឋ​សភា​ជាតិ។

កែប្រែ ០៧:១៥ ICT

០៧:២០ ICT ថ្ងៃ១០ ខែធ្នូ

នា​ឆ្នាំ​នេះ អ្នក​ចូល​រួម​ក្នុង​​ក្បួន​ធម្ម​យាត្រា​-សិទិ្ធ​យាត្រា រួម​មាន​ទាំងមនុស្ស​វ័យ​​​ចាស់​ និង​ក្មេង។ កូន​នេន​អាយុ​ ១០​ឆ្នាំ ឈ្មោះ ហៃ រីម មក​ពី​វត្ត​ស្រះ​ច័ន្ទ ខេត្ត​កំពង់​ស្ពឺ ទើប​តែ​បាន​បួស​រយៈ​ពេល​មួយ​ខែ។ លោក​បាន​ចូល​រួម​ហែ​ក្បួន​តាម​ផ្លូវ​ជាតិ​លេខ ៤។

០៨:០៩ ICT ថ្ងៃ១០ ខែធ្នូ

ជួប​ជា​មួយ​អ្នក​ដើរ​ហែក្បួន៖ នាង​ មក​ពី​ខេត្ត​ស្ទឹង​ត្រែង

នាង គឺ​ជា​កសិករ​មក​ពី​ភូមិ​ស្រែ​ករ ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹង​ត្រែង។ នាង គឺ​ជា​ជន​ជាតិភាគ​តិច​​ខ្មែរ​លើ។ ភូមិ​របស់​នាង​ ស្ថិត​នៅ​ជាប់​ទន្លេ​សេសាន ហើយ​ក៏​នៅ​ក្បែរ​ទន្លេ​ស្រែពក​ផង​ដែរ។ ជា​លទ្ធផល​នៃ​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី​កាត់​ទន្លេ​ស្រែ​ពកនៅ​ក្នុង​ទឹក​ដី​ប្រទេស​វៀត​ណាម កាល​ពី​ពេល​ថ្មី​ៗ​នេះ ភូមិ​របស់​នាង​បាន​ទទួល​រង​គ្រោះ​ពី​ទឹក​ជំនន់​យ៉ាង​ធ្ងន់​ធ្ងរ។ កាល​ពី​ថ្ងៃទី​១ ឆ្នាំ​នេះ ទឹក​ជំនន់ បាន​មក​ដល់​នៅ​ពេល​យប់ ហើយ​ទាញ​យក​ផល​ដំណាំ​ និង​អ្វី​ៗ​ដែល​ជា​របស់​អ្នក​ភូមិ​ទៅ​យ៉ាង​ច្រើន។

ស្ថានភាព​ភូមិ​របស់​នាង នឹង​កាន់​តែ​ធ្ងន់​ធ្ងរ​ថែម​ទៀត​នៅ​ពេល​មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គី​សនី សេសាន​ក្រោម ២ លើ​ទន្លេ​សេសាន។ ភូមិ​របស់​នាង នឹង​ត្រូវ​រង​នូវ​ទឹក​ជំនន់​ឆាប់​ៗ​នេះ។ មាន​ន័យ​ថាអ្នក​ភូមិ​ចំនួន ៦០០ នាក់​នឹង​ត្រូរ​រើ​ទី​លំនៅ។ នាង​បាន​លឺ​ថា​​អ្នក​ភូមិ​ទាំង​នោះ​នឹង​ទទួល​បាន​សំណង ប៉ុន្តែ​មិន​ដឹង​ថា​ប៉ុន្មាន​នោះ​ទេ។ ទីតាំង​ថ្មី​ដែល​បាន​ស្នើ​ឡើង គឺ​មាន​ចង្ងាយ ១២​ គ.ម ពី​ទី​នោះ ប៉ុន្តែ​នាង​គិត​ថា ទីនោះ មិន​មាន​ទឹក​គ្រប់​គ្រាន់​ដើម្បី​ធ្វើ​ស្រែ​នោះ​ទេ។

នាង​ និង​បុរស​មួយ​ចំនួន​ទៀត​ក្នុង​ភូមិ​ បាន​ចូល​រួម​ក្នុង​ការ​ដើរ​ហែ​ក្បួន​មក​កាន់​រាជ​ធានី​ភ្នំពេញ ដោយ​ចាប់​ផ្តើម​ពី​ខេត្ត​រតន​គិរី។ អ្នក​ទាំង​នោះ​ធ្វើ​បែប​នេះ​ ដោយ​ពួក​គេ​ចង់​រៀន​សូត្រ​អំពី​សិទិ្ធ​មនុស្ស និង​យុត្តិធម៌ និង​ធ្វើ​ឲ្យ​ប្រ​ជា​ពលរដ្ឋ​យល់​ដឹង​ពី​ទំនប់​វារី​អគ្គី​សនី​ សេសាន​ក្រោម ២។ នាង​និយាយ​ថា​អ្នក​ភូមិ​មិន​ចង់​ចាក​ចេញ​ពី​ដី​របស់​ពួក​គេ​ទេ ហើយ​សម្រេច​ចិត្ត​បន្ត​នៅ​ទី​នោះ។

ទំនប់​មិន​មែន​សាង​សង់​ដើម្បី​អ្នក​ភូមិ​ទេ វា​មិន​បាន​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ភូមិ​ឡើយ។ ហេតុ​អ្វី​បាន​ជា​យើ​ងត្រូវ​ចាក​ចេញ? មក​ពី​យើង​ក្រីក្រ យើ​ង​គ្មាន​សិទិ្ធ​?

សម្រាប់​ព័ត៌​មាន​បន្ថែ​ម​អំពី​ទំនប់​វារី​អគ្គី​សនី​ សេសាន​ក្រោម ២ សូម​ចុច ទីនេះ សម្រាប់​ព្រឹត្តប័ត្រ​រៀប​ចំ​ដោយ​អង្គការ​ដែល​មាន​មូល​ដ្ឋាន​នៅ​ខេត្ត​រតន​គិរី បណ្តាញ​ការ​ពារ​ទន្លេ​បី។

កែប្រែ ០៨:១១ ICT

អំពី​កម្មវិធី

សូម​ស្វាគមន៍​មក​កាន់​មជ្ឈ​មណ្ឌល​ផ្សាយ​ ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​នយោបាយ និង​សិទិ្ធ​មនុស្ស​សំខាន់ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា របស់​​យើង​​ខ្ញុំ ។

នៅ​ខណៈ​ដែល​ស្ថាន​ភាព​ត្រូវ​បាន​បង្ហាញ យើង​នឹង​ផ្តល់​នូវ​ព័ត៌​មាន​ទាន់​ហេតុការណ៍​ពី​ទីតាំង​ផ្ទាល់ ពី​អ្នក​ឃ្លាំ​មើល​របស់​យើង​ខ្ញុំ និង​ប្រភព​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ដទៃ​ទៀត ដូច​ជា​អ្នក​កាសែត និង​ដៃគូ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នានា។

LICADHO Website
Facebook Twitter