ផ្សាយព័ត៌មានផ្ទាល់
អរុណសួរស្ដី និងសូមស្វាគមន៍មកកាន់ការផ្សាយព័ត៌មានផ្ទាល់របស់អង្គការលីកាដូដែលយើងនឹងផ្ដល់ជូនព័ត៌មានជុំវិញព្រឹត្តិការណ៍ពិធីដង្ហែសពលោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយដែលត្រូវបានធ្វើឃាត។ ផែនទីខាងលើបង្ហាញពីផ្លូវដែលក្បួនដង្ហែត្រូវធ្វើដំណើរឆ្លងកាត់។
- ការចេញដំណើរ៖ ការដង្ហែសពលោកបណ្ឌិត កែម ឡី នឹងចាប់ផ្ដើមនៅម៉ោង៧ព្រឹក ចាប់ពីវត្តចាស់ ជាកន្លែងដែលសពលោកត្រូវបានតម្កល់ទុកតាំងពីពេលឃាតកម្មលើរូបលោកកាលពីថ្ងៃទី១០ ខែកក្កដា។
- កំណាត់ផ្លូវទី១ មានប្រវែង១៦,៣គីឡូម៉ែត្រ៖ ការដង្ហែនឹងចាប់ផ្ដើមដំបូងដោយឆ្លងកាត់រាជធានីភ្នំពេញ កាត់តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី និងអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។
- កំណាត់ផ្លូវទី២ មានប្រវែង ៦៣គីឡូម៉ែត្រ៖ ចាប់រាប់ពីក្រៅរាជធានីភ្នំពេញទៅស្រុកកំណើតរបស់លោក កែម ឡី ដោយការដង្ហែនឹងធ្វើតាមយាន្តជំនិះតាមបណ្ដោយផ្លូវជាតិលេខ៣។
- កំណាត់ផ្លូវទី៣ មានប្រវែង ៨,៦គីឡូម៉ែត្រ៖ ចម្ងាយដែលនៅសល់នេះ ជាការដង្ហែដែលធ្វើឡើងដោយថ្មើរជើងទៅកាន់គេហដ្ឋាននៅក្នុងភូមិកំណើតរបស់លោក កែម ឡី។
- ពេលមកដល់ភូមិអង្គតាកុក៖ ប្រសិនបើការដង្ហែប្រព្រឹត្តទៅតាមផែនការ សពលោក កែម ឡី នឹងទៅដល់គេហដ្ឋានរបស់លោកនៅម៉ោង ២រសៀល ជាកន្លែងដែលសពលោកនឹងត្រូវបញ្ចុះ។
ព្រឹត្តិការណ៍នេះអាចនឹងមានការដាក់ពង្រាយកងកម្លាំងនគរបាលជាច្រើននាក់នៅពេលថ្ងៃ។ កាលពីថ្ងៃសុក្រ សាលារាជធានីភ្នំពេញបានចេញផ្សាយលិខិតមួយបានអោយដឹងថា ដោយសារខ្លាចអ្នកកាន់ទុក្ខដែលចូលរួមដង្ហែសពមួយចំនួនក្នុងចំណោមសាធារណៈជនទាំងមូលធ្វើការញុះញ៉ុងអោយមានភាពចលាចល និងខ្លាចមានក្រុមភេរវកម្មមួយចំនួនដែលបន្លំខ្លួនចូលក្នុងក្បួនដង្ហែសព សាលារាជធានីបានគ្រោងនឹងដាក់ពង្រាយនគរបាល ១.៤៥០នាក់ និងមន្រ្តីយោធា ២៥០នាក់ដើម្បីធានានូវសុវត្ថិភាពសាធារណៈ។
កែប្រែ ០៧:១៨ ICT
ចាប់តាំងពីព្រឹកព្រលឹម ប្រជាពលរដ្ឋជាច្រើនកំពុងតែប្រមូលផ្ដុំគ្នានៅវត្តចាស់ ជាកន្លែងដែលក្បួនដង្ហែសពនឹងចាប់ចេញដំណើរ ហើយមនុស្សរាប់ពាន់នាក់កំពុងតែឈរតាមដងផ្លូវក្នុងរាជធានីឆ្ពោះទៅកាន់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។ អ្នកកាន់ទុក្ខជាច្រើននាក់កំពុងតែបន្តធ្វើដំណើរពីគ្រប់ទីកន្លែងក្នុងរាជធានីឆ្ពោះទៅកាន់ផ្លូវដែលក្បួនដង្ហែនឹងត្រូវឆ្លងកាត់។ អ្នកទាំងនោះពាក់អាវយឺតដែលមានរូបលោកបណ្ឌិត កែម ឡី មានកាន់ផ្កា បដា និងរូបជាច្រើន។
កែប្រែ ០៧:៤៤ ICT
កែម ឡី ជានរណា?
លោកបណ្ឌិត កែម ឡី ជាអ្នកវិភាគនយោបាយដ៏ល្បីល្បាញបំផុត និងគួរឲ្យគោរពជាងគេមួយរូប ហើយនិងជាអ្នកតស៊ូមតិដើម្បីសីទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម។
លោកក៏ជាវេជ្ជបណ្ឌិតមួយរូបតាមរយៈការបណ្ដុះបណ្ដាលផងដែរ។ លោកបានចាប់ផ្ដើមអាជីពរបស់លោកដំបូងនៅក្នុងវិស័យសុខភាពសាធារណៈ។ ទោះជាយ៉ាងណា ការងារនេះអំពីភាពសកម្មនិយម និងការផ្តល់អនុសាសន៍នយោបាយរបស់លោកទៅវិញទេ ដែលត្រូវបានប្រពលរដ្ឋកម្ពុជាស្គាល់យ៉ាងច្បាស់ ខណៈដែលលោកតែងតែបង្ហាញមុខជាអ្នកជំនាញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងបានក្លាយជាអ្នកនិយាយឥតសំចៃមាត់ដ៏មានប្រជាប្រិយភាពទៅលើបញ្ហាដែលធ្វើឲ្យប៉ះពាល់ដល់ប្រជាជាតិទាំងមូល។
ស្ថិតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកស្ទួយស្ថានភាពពហុភាពផ្នែកនយោបាយនៅកម្ពុជា លោកបានក្លាយជាសមាជិកស្ថាបនិកម្នាក់នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានកាលពីខែមិថុនា ឆ្នាំ២០១៥។ គណបក្សនេះបានរៀបចំជាទម្រង់ចលនាសង្គមពលរដ្ឋមូលដ្ឋានដែលលោកបានបង្កើតឡើងក្នុងឆ្នាំ២០១៤ បន្ទាប់ពីការបោះឆ្នោតជាតិដែលមានភាពមិនប្រក្រតីកាលពីឆ្នាំ២០១៣។
នៅក្នុងពេលនៃមរណភាពរបស់លោក លោកកំពុងធ្វើយុទ្ធនាការ "១០០រាត្រី" ដែលត្រូវចំណាយពេល១០០យប់ ជាមួយគ្រួសារខ្មែរតាមជនបទ ដើម្បីស្រាវជ្រាវពីដើមហេតុនៃបញ្ហាសង្គមដែលចាំបាច់បំផុត។
មរណភាពរបស់លោក បានកើតឡើងស្របពេលកំពុងមានស្ថានភាពនយោបាយដ៏តានតឹង ហើយដែលបានធ្វើឲ្យមជ្ឃដ្ឋានជាតិមានការសោកស្តាយយ៉ាងខ្លាំងបំផុតដោយសារការបាត់បង់ពលរដ្ឋកម្ពុជាម្នាក់នៃពលរដ្ឋមួយចំនួនទៀតដែលហ៊ាននិយាយឥតសំចៃមាត់ជាងគេនៅក្នុងប្រទេស។
កែប្រែ ០៧:៥៨ ICT
ក្បួនដង្ហែសពនោះនឹងមានកងកម្លាំងនគរបាលជាច្រើនត្រូវបានដាក់ពង្រាយ។ អ្នករាយការណ៍ពិសេស ច័ន្ទ ទល់ប្រាក់ បានផ្សព្វផ្សាយរូបភាពទាំងនេះនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter របស់លោក ពីទីតាំងអាគារខុទ្ធការល័យសម្តេចនាយករដ្ឋមន្រ្តី។
Police deployed as #KemLey procession begins pic.twitter.com/ivisidh62v
— Chan Thul Prak (@prakchanthul) July 24, 2016
កែប្រែ ០៨:០៣ ICT
មន្ត្រីទូតជាច្រើនចូលរួមបុណ្យសពលោកបណ្ឌិត កែម ឡី
ការធ្វើឃាតលើរូបលោកបណ្ឌិត បានធ្វើឲ្យមានការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសភ្លាមៗពីក្រុមអ្នកការទូតអន្តរជាតិជាច្រើននៅក្នុងរាជធានីភ្នំពេញ រួមមាន អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចក្រភពអង់គ្លេស សាធារណរដ្ឋបារាំង ប្រទេសស៊ុយអែត ប្រទេសជប៉ុន ប្រទេសអូស្ត្រាលី និង ប្រទេសអាល្លឺម៉ង់.
ពិធីបុណ្យសពលោកបណ្ឌិត ត្រូវបានចូលរួមដោយឯកអគ្គរដ្ឋទូត និងអ្នកការទូតជាច្រើនរូមមាន៖
- លោក Jean-Claude Poimboeuf ឯកអគ្គរដ្ឋទូតបារាំង
- លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលី
- លោក Andreas Johansson មន្ត្រីកិច្ចការបរទេសនៃស្ថានទូតស៊ុយអែត
- លោក Kumamaru Yuji ឯកអគ្គរដ្ឋទូតជប៉ុន
- លោកស្រី Julie Chung មន្ត្រីកិច្ចការបរទេសនៃស្ថានទូតសហរដ្ឋអាមេរិក
- លោក Joachim Baron von Marschall ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់
- លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប
គួរឲ្យកត់សម្គាល់ផងដែរ លោក Tom Malinowski ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទិ្ធមនុស្ស និងការងារ ក៏បានចូលរួមពិធីបុណ្យសពលោកបណ្ឌិតផងដែរ។
កែប្រែ ០៨:១៨ ICT
១៤ថ្ងៃនៃការកាន់ទុក្ខ
ក្បួនដង្ហែថ្ងៃនេះ ជាថ្ងៃគម្រប់ពីរសប្ដាហ៍នៃការកាន់ទុក្ខ ហើយប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់បានចេញមកតាមដងផ្លូវដើម្បីគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី។
ភ្លាមៗបន្ទាប់ពីការបាញ់ប្រហារលើលោកបណ្ឌិត កែម ឡី ប្រជាពលរដ្ឋរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅតាមដងផ្លូវនៃរាជធានីភ្នំពេញ ហើយនាំគ្នាដង្ហែសពរបស់លោកដោយឥតព្រាងទុកឆ្លងកាត់តាមផ្លូវជាច្រើនឆ្ពោះទៅកាន់វត្តពោធិយារាម ហៅវត្តចាស់។
រយៈពេល១៤ថ្ងៃនេះ អ្នកកាន់ទុក្ខរាប់ម៉ឺននាក់បានធ្វើដំណើរមកពីទូទាំងប្រទេសឆ្ពោះទៅកាន់វត្តចាស់ដើម្បីចូលជាបច្ច័យដល់សពលោកបណ្ឌិត កែម ឡី។
កែប្រែ ១០:៣៦ ICT
សកម្មជនដីធ្លីជាច្រើននាក់បានចូលរួមនៅក្នុងពិធីបុណ្យសពថ្ងៃនេះ។ នេះជា អ្នកស្រី ប៉ូវ សោភា ដែលជាសកម្មជនបឹងកក់ បានអំពាវនាវឲ្យអ្នកដទៃទៀតចូលរួមក្នុងពិធីដង្ហែសពនេះផងដែរ។
កែប្រែ ០៩:០៧ ICT
សូមស្វាគមន៍មកកាន់មជ្ឈមណ្ឌលផ្សាយ ព័ត៌មានអំពីព្រឹត្តិការណ៍នយោបាយ និងសិទិ្ធមនុស្សសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា របស់យើងខ្ញុំ ។
នៅខណៈដែលស្ថានភាពត្រូវបានបង្ហាញ យើងនឹងផ្តល់នូវព័ត៌មានទាន់ហេតុការណ៍ពីទីតាំងផ្ទាល់ ពីអ្នកឃ្លាំមើលរបស់យើងខ្ញុំ និងប្រភពព័ត៌មានដែលអាចជឿទុកចិត្តបានដទៃទៀត ដូចជាអ្នកកាសែត និងដៃគូអង្គការមិនមែនរដ្ឋាភិបាលនានា។