ផ្សាយ​ព័ត៌​មាន​ផ្ទាល់

ការ​ផ្សាយ​បាន​ចប់ អត្ថបទ​​នឹង​ត្រូវ​ទុក​ជា​បណ្ណសារ

១៦:១៥ ICT ថ្ងៃ៣ ខែមិថុនា

ការឃោសនាបោះឆ្នោត​របស់​ ​គណបក្សប្រជាជន​កម្ពុជា​ (​ឆ្វេង​) ​និង​គណបក្ស​ភ្លើង​ទៀន (ស្ដាំ)​ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​ ​មុន​ការបោះឆ្នោត​ឃុំ​-​សង្កាត់​នៅ​ថ្ងៃអាទិត្យ​នេះ​ ​។​ ​

សូមស្វាគមន៍​មកកាន់​ការផ្សាយ​ព័ត៌មាន​ផ្ទាល់​របស់​អង្គការ​លី​កា​ដូ ​ទៅលើ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៥​ ​។​ ​យើងខ្ញុំ​នឹង​ធ្វើ​បច្ចុប្បន្នភាព​ផ្សេងៗ​ ​ខណៈ​ដែល​ការបោះឆ្នោត​ចាប់ផ្ដើម​នៅ​ម៉ោង​៧​ព្រឹក​ ​ថ្ងៃអាទិត្យ​នេះ​ ​។​ ​សូម​ចូលរួម​ជាមួយ​ពួកយើង​នៅ​ទីនេះ​ ​ដើម្បី​តាមដាន​ព្រឹត្តិការណ៍​ផ្សេងៗ​ដែល​កើតមានឡើង​ ​។​

០៧:០០ ICT ថ្ងៃ៥ ខែមិថុនា

ការិយាល័យ​បោះឆ្នោត​បើក​ហើយ

​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​បាន​បើក​ហើយ​ ​។​ ​អ្នកបោះឆ្នោត​ ​នឹង​អាច​បោះឆ្នោត​បាន​ចាប់ពី​ម៉ោង​៧​ព្រឹក​ ​រហូតដល់​ម៉ោង​៣​រសៀល​ ​បន្ទាប់មក​សន្លឹកឆ្នោត​នឹង​ត្រូវ​រាប់​នៅ​ការិយាល័យ​បោះឆ្នោត​នោះ​ ​។​ ​សូម​តាមដាន​ព័ត៌មាន​ផ្សាយ​ផ្ទាល់​របស់​ពួកយើង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ផ្សេងៗ​ ​នៅ​ទីនេះ​ ​។​

០៧:១៥ ICT ថ្ងៃ៥ ខែមិថុនា

ការបោះឆ្នោត​ជ្រើសរើស​មេឃុំ​ ​ឬ​ចៅសង្កាត់​ ​និង​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​

​ប្រទេស​កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ឃុំ​-​សង្កាត់​លើកដំបូង​ក្នុង​ឆ្នាំ​២​០​០​២​ ​ដោយ​ការបោះឆ្នោត​នេះ​ធ្វើឡើង​រៀងរាល់​៥​ឆ្នាំ​ម្ដង​ ​ចាប់តាំង​ពី​ពេល​នោះ​មក​ ​។​ ​អ្នកបោះឆ្នោត​ចូលរួម​ក្នុង​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ជ្រើសរើស​គណបក្ស​មួយ​ ​ដែល​បាន​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន​តាមលំដាប់​ថ្នាក់​ ​ដើម្បី​កាន់កាប់​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ​។​ ​ចំនួន​អាសនៈ​នៅ​ក្រុមប្រឹក្សា​នីមួយៗ​ខុសគ្នា​នៅ​ទូទាំង​ ​១​.​៦​៥​២​ ​ឃុំ​-​សង្កាត់​ ​។​ ​គណបក្ស​ដែល​ទទួល​បាន​សំឡេងឆ្នោត​គាំទ្រ​ច្រើនជាង​គេ​នៅ​តាម​ឃុំ​-​សង្កាត់​នីមួយៗ​ ​នឹង​ទទួល​បាន​តួនាទី​ជា​មេឃុំ​ ​ឬ​ចៅសង្កាត់​ ​ខណៈ​ដែល​អាសនៈ​ក្រុមប្រឹក្សា​ដែល​នៅ​សេសសល់​នឹង​ត្រូវ​ផ្ដល់​ឱ្យ ​ដោយ​ផ្អែកលើ​រូបមន្ត​បែងចែក​តាម​ចំនួន​សន្លឹកឆ្នោត​គាំទ្រ​របស់​គណបក្ស​នីមួយៗ​ ​។​

០៧:៣៤ ICT ថ្ងៃ៥ ខែមិថុនា

ទិដ្ឋភាព​នយោបាយ​សម្រាប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២​០​២​២​

​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ចុងក្រោយ​ក្នុង​ឆ្នាំ​២​០​១​៧​ ​គណបក្សប្រជាជន​កម្ពុជា​ ​ឈ្នះ​បាន​ចំនួន​ ​១​.​១​៥​៦​ ​ឃុំ​-​សង្កាត់​ ​ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ ​ឈ្នះ​បាន​ ​៤​៨​៩​ ​ឃុំ​-​សង្កាត់​ ​។​ ​ភ្លាម​ៗ​ក្រោយ​ការបោះឆ្នោត​នេះ​ ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​ ​ហើយ​ប្រធាន​គណបក្ស​គឺ​ ​ឯកឧត្ដម​ កឹ​ម​ ​សុខា​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​ ​ដែល​ជា​សវនាការ​កំពុង​ដំណើរការ​ ​និង​ទើប​ជំនុំ​ជម្រះ​កាលពី​ស​ប្ដាហ៍​មុន​ ​ហើយ​ថ្នាក់​ដឹកនាំ​ជាង​១​០​០​នាក់​ផ្សេងទៀត​ ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ធ្វើនយោបាយ​ ​ដោយ​អ្នក​ទាំងនោះ​ជាច្រើន​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ផ្សេងទៀត​ ​និង​និរទេស​ខ្លួន​ទៅក្រៅ​ប្រទេស​ ​។​ ​លើស​ពី​នេះ​ ​តំណែង​មេឃុំ​ ​ឬ​ចៅសង្កាត់​ចំនួន​ ​៤​៨​៩​ ​រួម​ជាមួយ​តំណែង​ក្រុមប្រឹក្សា​ជាង​ ​៥​០​០​០​នាក់​ ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​បាន​ជាប់ឆ្នោត​នៅ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​២​០​១​៧​ ​ត្រូវ​បាន​ដកហូត​ ​និង​កាន់កាប់​ជំនួស​ដោយ​គណបក្ស​កាន់អំណាច​ ​។​

០៧:៤៤ ICT ថ្ងៃ៥ ខែមិថុនា

ការបោះឆ្នោត​ “​នៅតែ​ខ្វះ​” ​ស្ដង់​ដារ​ប្រជាធិបតេយ្យ​ ​៖​ ​AN​F​R​E​L​

​បណ្តាញ​អាស៊ី​ដើម្បី​ការបោះឆ្នោត​ដោយសេរី​ (​AN​F​R​E​L​) ​បាន​ចេញ​ ​របាយការណ៍​វាយ​តម្លៃ​មុន​ការបោះឆ្នោតសម្រាប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ ​ដោយ​រក​ឃើញ​ថា​ “​នឹង​មិន​មាន​លទ្ធផល​បោះឆ្នោត​ពិតប្រាកដ​ ​និង​ត្រឹមត្រូវតាម​ច្បាប់​នោះ​ទេ​ ​ប្រសិនបើ​ការ​គំរាមកំហែង​ប្រឆាំង​នឹង​គណ​បក្សជំទាស់​ ​និង​សង្គម​ស៊ីវិល​ ​នៅតែ​កើតមាន​” ​ហើយ​ដូចនេះ​ “​ប្រទេស​កម្ពុជា​នៅតែ​ខ្វះ​ស្ដង់​ដារ​បោះឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​” ​។​

​របាយការណ៍​នេះ​ក៏​កត់​សម្គាល់​ផង​ដែរ​ថា​ ​ការចូលរួម​របស់​អង្គការសង្គម​ស៊ីវិល​ក្នុង​ការបោះឆ្នោត​គឺ​ “​មាន​តិចតួច​” ​ភាគច្រើន​ដោយសារ​បទ​ប្បញ្ញត្តិ​ដែល​មាន​លក្ខណៈ​រឹតត្បិត​ដូចជា​ ​ច្បាប់​ស្ដីពី​សមាគម​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​កង្វះ​ជំនួយ​ហិរញ្ញវត្ថុ​ពី​អន្តរជាតិ​ ​។​

កែប្រែ ០៩:១១ ICT

០៨:០២ ICT ថ្ងៃ៥ ខែមិថុនា

សកម្មជន​នយោបាយ​នៅ​ក្នុង​ពន្ធ​នាគា​រ​ ​ឃ្លាត​ឆ្ងាយ​ពី​ការបោះឆ្នោត​

​គេហទំព័រ​អ្នកទោស​មនសិការ​នៃ​អង្គការ​លី​កា​ដូ ​បង្ហាញ​ថា​ ​សកម្មជន​នយោបាយ​យ៉ាងតិច​ ​៣​៨​នាក់​ ​កំពុង​ស្ថិតនៅ​ក្នុង​ពន្ធ​នាគា​រ​ ​ខណៈ​ដែល​ការបោះឆ្នោត​នៅ​ថ្ងៃនេះ​កំពុង​ធ្វើឡើង​នៅ​ទូទាំង​ប្រទេស​ ​ដោយ​នាំ​ឱ្យ​អ្នក​ទាំងនោះ​មិន​អាច​ចូលរួម​បាន​ ​។​ ​សមាជិក​គណបក្ស​ភ្លើង​ទៀន​ចំនួន​៥​នាក់​ ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ឆ្នាំនេះ​ ​ក្នុង​នោះ​មាន​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ឃុំ​-​សង្កាត់​ចំនួន​៤​នាក់​ ​។​ ​ការ​ចាប់ខ្លួន​ចុងក្រោយ​ ​គឺ​ទើប​តែ​កើតឡើង​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ​ដោយ​អនុ​ប្រធានប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​នៅ​ខេត្ត​តាកែវ​ ​ត្រូវ​បាន​ឃុំ​ខ្លួន​ ​និង​ចោទប្រកាន់​ពី​បទ​រួមគំនិតក្បត់​ ​។​

​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ផង​ដែរ​នោះ​គឺ​ ​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ​កាលពី​ខែ​មេសា​ ​ឆ្នាំ​២​០​២​២​ ​ដោយ​ចោទប្រកាន់​ពី​បទ​ក្លែង​បន្លំ​ ​និង​ប្រើប្រាស់​លិខិត​ក្លែង​ ​នៅ​ពេល​លោក​ព្យាយាម​ចុះបញ្ជី​គណបក្ស​ ​។​ ​គណបក្ស​របស់​លោក​ ​មិនបាន​ចូលរួម​ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃនេះ​ទេ​ ​ដោយសារ​ក្រសួងមហាផ្ទៃ​បាន​បដិសេធ​ក្នុង​ការ​សុំ​ចុះបញ្ជី​គណបក្ស​របស់​លោក​ ​កាលពីឆ្នាំមុន​ ​។​

​គូប្រជែង​នយោបាយ​ទាំងនេះ​ ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ដូច​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​ផ្សេងទៀត​ ​ក្នុង​នោះ​មាន​អតីត​មេឃុំ​ ​ឬ​ចៅសង្កាត់​ ​និង​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ​ដែល​ត្រូវ​បាន​ជាប់ឆ្នោត​កាលពី​ឆ្នាំ​២​០​១​៧​ ​។​ ​សកម្មជន​នយោបាយ​ចំនួន​ ​២​៥​នាក់​ ​បាន​ជាប់ពន្ធនាគារ​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​ ​ហើយ​អ្នកខ្លះ​មានការ​ផ្ដន្ទាទោស​ ​ដែល​ត្រូវ​​​ជាប់ឃុំ​រហូតដល់​ក្រោយ​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំក្រោយ​ ​។​

០៨:២៩ ICT ថ្ងៃ៥ ខែមិថុនា

ព័ត៌មាន​មុន​ការបោះឆ្នោត​៖​ ​អ្វី​ដែល​ត្រូវ​យល់​ដឹង​សម្រាប់​ការបោះឆ្នោត

​​ខណៈ​ដែល​ប្រជាពលរដ្ឋ​ចាប់ផ្ដើម​បោះឆ្នោត​នៅ​ថ្ងៃនេះ​ ​នេះ​ជា​រឿងរ៉ាវ​មួយ​ចំនួន​ដែល​កំណត់​ពី​សាច់រឿង​ ​និង​ការយល់​ដឹង​បន្ថែម​សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃនេះ​ ​។​

០៨:៤៣ ICT ថ្ងៃ៥ ខែមិថុនា

​អ្នកបោះឆ្នោត​រង់ចាំ​ចូលក្នុង​ការិយាល័យ​បោះឆ្នោត​ក្នុង​ខេត្ត​តាកែវ​នា​ព្រឹកនេះ​ ​។​

​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ ​អាជ្ញាធរ​មូលដ្ឋាន​អង្គុយ​ចាំ​នៅ​ទីតាំង​បោះឆ្នោត​ ​ហើយ​ករណី​ខ្លះ​បាន​កត់ចំណាំ​អ្នក​ដែល​ទៅបោះឆ្នោត​ ​។​

កែប្រែ ០៨:៤៣ ICT

០៩:២០ ICT ថ្ងៃ៥ ខែមិថុនា

គិត​ត្រឹម​ម៉ោង​៩​ ​និង​១​៥​នាទី​ព្រឹកនេះ​ ​អង្គការ​លី​កា​ដូ ​បាន​ទទួល​របាយការណ៍​អំពី​អាជ្ញាធរ​មូលដ្ឋាន​ ​ដាក់​ពង្រាយ​នៅ​ក្នុង​ ​ឬ​ក្រៅ​ទីតាំង​បោះឆ្នោត​ ​នៅ​ក្នុង​ខេត្ត​ចំនួន​ ​៩​ផ្សេងគ្នា​ ​។​ ​ករណី​មួយ​ចំនួន​ ​អាជ្ញាធរ​ទាំងនោះ​ ​បាន​កត់​សម្គាល់​ឈ្មោះ​ ​ឬ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ ​។​ ​ការ​រាយការណ៍​ទទួល​បាន​ពី​៖​

  • ​រាជធានី​ភ្នំពេញ​
  • ​ខេត្ត​បន្ទាយ​មានជ័យ​
  • ​ខេត្ត​កំពង់ស្ពឺ​
  • ​ខេត្ត​កំពត
  • ​ខេត្ត​កោះ​កុង​
  • ​ខេត្ត​សៀមរាប​
  • ​ខេត្ត​ស្វាយរៀង​
  • ​ខេត្ត​តាកែវ​
  • ​ខេត្ត​ត្បូងឃ្មុំ​

កែប្រែ ១០:៥២ ICT

០៩:២៥ ICT ថ្ងៃ៥ ខែមិថុនា

គណបក្ស​ដែល​ចូលរួម​ប្រកួតប្រជែង​

​គណបក្ស​នយោបាយ​ចំនួន​១​៧​ ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ថ្ងៃនេះ​ ​។​ ​មានតែ​គណបក្សប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ដែល​ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ​គ្រប់​ឃុំ​-​សង្កាត់​ទាំង​ ​១​.​៦​៥​២​ ​នៅ​ទូទាំង​ប្រទេស​ ​។​ ​គណបក្ស​ភ្លើង​ទៀន​ ​ដែល​ជា​អតីត​គណបក្ស​សមរ​ង្ស៊ី ​បាន​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ដល់​មនុស្សជា​ច្រើន​ ​ជាមួយនឹង​ការ​លេចឡើង​ជាថ្មី​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ​។​ ​នេះ​ ​គឺជា​គណបក្ស​ធំ​ជាងគេ​ទី​២​ ​ដែល​ប្រកួតប្រជែង​រក​អាសនៈ​នៅ​ថ្ងៃនេះ​ ​ដោយមាន​បេក្ខជន​ឈរឈ្មោះ​នៅ​គ្រប់​ឃុំ​-​សង្កាត់​ទាំងអស់​ ​លើកលែងតែ​២​៩​ឃុំ​-​សង្កាត់​ ​។​

​គណបក្ស​ផ្សេងទៀត​ ​កំពុង​ប្រកួតប្រជែង​រក​អាសនៈ​ ​នៅចន្លោះ​ពី​៤​ ​ទៅ​​​ជាង​៦​០​០​ឃុំ​-​សង្កាត់​ ​។​ ​គណបក្ស​ទាំងនោះ​មាន​ដូចជា​ ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ ​គណបក្ស​សញ្ជាតិ​កម្ពុជា​ ​គណបក្ស​យុវជន​កម្ពុជា​ ​គណបក្ស​ឆន្ទៈ​ខ្មែរ​ ​គណបក្ស​កែ​ទម្រង់​កម្ពុជា​ ​គណបក្ស​កម្ពុជា​និយម​ ​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​ ​គណបក្ស​ខ្មែរ​តែមួយ​ ​គណបក្ស​សំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ​ ​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា​ ​គណបក្ស​ឯកភាពជាតិ​ខ្មែរ​ ​គណបក្ស​រស្មី​ខេ​ម​រា​ ​និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​។​ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​អំពី​គណបក្ស​កំពុង​ប្រកួតប្រជែង​ ​សូម​តាមដាន​ការផ្សាយ​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ “គោលការណ៍ណែនាំ​សម្រាប់​គណបក្ស​នយោបាយ​ដែល​ប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ២០២២”

០៩:៥៩ ICT ថ្ងៃ៥ ខែមិថុនា

ការឃោសនាបោះឆ្នោត​

អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដង្ហែក្បួនឃោសនាបោះឆ្នោត ​ក្នុងរាជធានី​ភ្នំពេញ ​កាលពីថ្ងៃទី០៣ ​ខែមិថុនា​ ឆ្នាំ២០២២​

​គណបក្ស​ជាច្រើន​ដង្ហែក្បួន​តាម​ដង​ផ្លូវ​ ​អំឡុង​ពេល​ឃោសនា​ជា​ផ្លូវការ​ ​ដែល​មាន​រយៈពេល​ ​២​ស​ប្ដាហ៍ ​ចាប់ពី​ថ្ងៃ​ទី​២​១​ ​ខែ​ឧសភា​ ​ដល់​ ​ថ្ងៃ​ទី​០​៣​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​ ​។​

​គណបក្ស​នីមួយៗ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​រៀបចំ​ការ​ប្រមូលផ្ដុំ​២​ផ្សេងគ្នា​ក្នុង​ឃុំ​-​សង្កាត់​នីមួយៗ​ ​ហើយ​ការឃោសនាបោះឆ្នោត​នៅ​ថ្ងៃ​ដំបូង​ ​និង​ថ្ងៃ​ចុងក្រោយ​ឃើញ​មាន​អ្នកចូលរួម​ច្រើនជាង​គេ​ ​។​ ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ ​បាន​ចេញ​ឃោសនា​ ​និង​ហែ​ក្បួន​ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយមាន​អ្នកគាំទ្រ​ជាច្រើន​ចូលរួម​ក្នុង​ការ​ប្រមូលផ្ដុំ​គ្នា​របស់​គណបក្សប្រជាជន​កម្ពុជា​ ​ឬ​គណបក្ស​ភ្លើង​ទៀន​ ​។​ ​ការ​ប្រមូលផ្ដុំ​ស្រដៀងគ្នា​នេះ​ ​ប៉ុន្តែ​ក្នុង​ទំហំ​តូច​ ​ត្រូវ​បានឃើញ​នៅ​ទូទាំង​ប្រទេស​ ​។​

​ការ​រាយការណ៍​អំពី​ភាព​មិន​ប្រក្រតី​ ​និង​ការ​រំលោភបំពាន​ ​គឺ​កើតមាន​ជា​រៀងរាល់ថ្ងៃ​ ​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ ​។​ ​ជារឿយៗ​ ​ការ​ប្រមូលផ្ដុំ​ ​ព្រឹត្តិការណ៍​ ​និង​អ្នកឃ្លាំមើល​ ​ត្រូវ​បាន​ស្ថិត​ក្រោម​ការ​តាមដាន​ ​ខណៈ​ដែល​និមិត្តសញ្ញា​ ​និង​ស្លាក​គណ​បក្សជំទាស់​ ​ត្រូវ​បាន​ដកចេញ​ ​ឬ​បំផ្លាញ​ចោល​ ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ ​។​ ​ព្រះសង្ឃ​មួយ​អង្គ​ ​ត្រូវ​បាន​និមន្ត​ឱ្យ​ចេញ​វត្ត​ដែល​ព្រះអង្គ​គង់នៅ​ដោយសារ​ការ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​ ​។​ ​ការ​ចាប់ខ្លួន​ ​និង​អំពើ​ហិង្សា​ប្រឆាំង​នឹង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៃ​គណបក្ស​ភ្លើង​ទៀន​ ​ក៏​ត្រូវ​បាន​រាយការណ៍​ ​ហើយ​មានការ​រាយការណ៍​ស៊ីចង្វាក់គ្នា​មួយ​ចំនួន​អំពី​ការ​គំរាមកំហែង​ពីសំណាក់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​ដកហូត​ប័ណ្ណ​ក្រីក្រ​ពី​ប្រជាពលរដ្ឋ​ ​ដោយសារ​ទំនាក់ទំនង​នយោបាយ​របស់​ពួកគេ​ ​ដែល​បាន​ក​ម្រិ​ត​លទ្ធភាព​របស់​អ្នក​ទាំងនោះ​ក្នុង​ការ​ទទួល​បាន​កិច្ច​គាំពារ​ផ្នែក​សង្គម​ ​។​

​មធ្យោបាយ​ជាច្រើន​ ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​លួងលោម​អ្នកបោះឆ្នោត​ ​។​ ​អ្នកបោះឆ្នោត​មួយ​ចំនួន​ ​ត្រូវ​បាន​ផ្ដល់​ជា​សាច់ប្រាក់​ ​ឬ​កញ្ចប់​អំណោយ​តូច​ៗ​ ​ខណៈ​ដែល​រថយន្ត​ជាច្រើន​ដែល​បំពាក់​ស្លាក​លេខ​រដ្ឋ​ ​ឬ​គ្មាន​ស្លាក​លេខ​ ​ត្រូវ​បានឃើញ​ចូលរួម​ក្នុង​ការ​ប្រមូលផ្ដុំ​ឃោសនា​បោះឆ្នោត​ ​។​

កែប្រែ ១០:០២ ICT

អំពី​កម្មវិធី

សូម​ស្វាគមន៍​មក​កាន់​មជ្ឈ​មណ្ឌល​ផ្សាយ​ ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​នយោបាយ និង​សិទិ្ធ​មនុស្ស​សំខាន់ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា របស់​​យើង​​ខ្ញុំ ។

នៅ​ខណៈ​ដែល​ស្ថាន​ភាព​ត្រូវ​បាន​បង្ហាញ យើង​នឹង​ផ្តល់​នូវ​ព័ត៌​មាន​ទាន់​ហេតុការណ៍​ពី​ទីតាំង​ផ្ទាល់ ពី​អ្នក​ឃ្លាំ​មើល​របស់​យើង​ខ្ញុំ និង​ប្រភព​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ដទៃ​ទៀត ដូច​ជា​អ្នក​កាសែត និង​ដៃគូ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នានា។

LICADHO Website
Facebook Twitter