ផ្សាយព័ត៌មានផ្ទាល់
សូមស្វាគមន៍មកកាន់ការផ្សាយព័ត៌មានផ្ទាល់របស់អង្គការលីកាដូ ទៅលើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ។ យើងខ្ញុំនឹងធ្វើបច្ចុប្បន្នភាពផ្សេងៗ ខណៈដែលការបោះឆ្នោតចាប់ផ្ដើមនៅម៉ោង៧ព្រឹក ថ្ងៃអាទិត្យនេះ ។ សូមចូលរួមជាមួយពួកយើងនៅទីនេះ ដើម្បីតាមដានព្រឹត្តិការណ៍ផ្សេងៗដែលកើតមានឡើង ។
ការិយាល័យបោះឆ្នោតបើកហើយ
ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសបានបើកហើយ ។ អ្នកបោះឆ្នោត នឹងអាចបោះឆ្នោតបានចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល បន្ទាប់មកសន្លឹកឆ្នោតនឹងត្រូវរាប់នៅការិយាល័យបោះឆ្នោតនោះ ។ សូមតាមដានព័ត៌មានផ្សាយផ្ទាល់របស់ពួកយើងអំពីស្ថានភាពសិទ្ធិមនុស្សផ្សេងៗ នៅទីនេះ ។
ការបោះឆ្នោតជ្រើសរើសមេឃុំ ឬចៅសង្កាត់ និងក្រុមប្រឹក្សាឃុំ-សង្កាត់
ប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតឃុំ-សង្កាត់លើកដំបូងក្នុងឆ្នាំ២០០២ ដោយការបោះឆ្នោតនេះធ្វើឡើងរៀងរាល់៥ឆ្នាំម្ដង ចាប់តាំងពីពេលនោះមក ។ អ្នកបោះឆ្នោតចូលរួមក្នុងការបោះឆ្នោតឃុំ-សង្កាត់ជ្រើសរើសគណបក្សមួយ ដែលបានរៀបចំបញ្ជីឈ្មោះបេក្ខជនតាមលំដាប់ថ្នាក់ ដើម្បីកាន់កាប់អាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់ ។ ចំនួនអាសនៈនៅក្រុមប្រឹក្សានីមួយៗខុសគ្នានៅទូទាំង ១.៦៥២ ឃុំ-សង្កាត់ ។ គណបក្សដែលទទួលបានសំឡេងឆ្នោតគាំទ្រច្រើនជាងគេនៅតាមឃុំ-សង្កាត់នីមួយៗ នឹងទទួលបានតួនាទីជាមេឃុំ ឬចៅសង្កាត់ ខណៈដែលអាសនៈក្រុមប្រឹក្សាដែលនៅសេសសល់នឹងត្រូវផ្ដល់ឱ្យ ដោយផ្អែកលើរូបមន្តបែងចែកតាមចំនួនសន្លឹកឆ្នោតគាំទ្ររបស់គណបក្សនីមួយៗ ។
ទិដ្ឋភាពនយោបាយសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២
ការបោះឆ្នោតឃុំ-សង្កាត់ចុងក្រោយក្នុងឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជា ឈ្នះបានចំនួន ១.១៥៦ ឃុំ-សង្កាត់ ខណៈដែលគណបក្សសង្គ្រោះជាតិ ឈ្នះបាន ៤៨៩ ឃុំ-សង្កាត់ ។ ភ្លាមៗក្រោយការបោះឆ្នោតនេះ គណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូល ហើយប្រធានគណបក្សគឺ ឯកឧត្ដម កឹម សុខា ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទក្បត់ជាតិ ដែលជាសវនាការកំពុងដំណើរការ និងទើបជំនុំជម្រះកាលពីសប្ដាហ៍មុន ហើយថ្នាក់ដឹកនាំជាង១០០នាក់ផ្សេងទៀត ត្រូវបានហាមឃាត់មិនឱ្យធ្វើនយោបាយ ដោយអ្នកទាំងនោះជាច្រើនប្រឈមនឹងការផ្ដន្ទាទោសផ្សេងទៀត និងនិរទេសខ្លួនទៅក្រៅប្រទេស ។ លើសពីនេះ តំណែងមេឃុំ ឬចៅសង្កាត់ចំនួន ៤៨៩ រួមជាមួយតំណែងក្រុមប្រឹក្សាជាង ៥០០០នាក់ របស់គណបក្សសង្គ្រោះជាតិ ដែលបានជាប់ឆ្នោតនៅទូទាំងប្រទេសក្នុងឆ្នាំ២០១៧ ត្រូវបានដកហូត និងកាន់កាប់ជំនួសដោយគណបក្សកាន់អំណាច ។
Honoured to meet with H.E. Kem Sokha to discuss the current events in Cambodia and check up on his wellbeing.
— Canada in Cambodia (@CanadaCambodia) June 3, 2022
Canada supports free and fair elections and fully independent pluralistic parliamentary democracy.
Canada continues to closely watch his unduly delayed trials pic.twitter.com/raKPuIWLYA
ការបោះឆ្នោត “នៅតែខ្វះ” ស្ដង់ដារប្រជាធិបតេយ្យ ៖ ANFREL
បណ្តាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី (ANFREL) បានចេញ របាយការណ៍វាយតម្លៃមុនការបោះឆ្នោតសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ ដោយរកឃើញថា “នឹងមិនមានលទ្ធផលបោះឆ្នោតពិតប្រាកដ និងត្រឹមត្រូវតាមច្បាប់នោះទេ ប្រសិនបើការគំរាមកំហែងប្រឆាំងនឹងគណបក្សជំទាស់ និងសង្គមស៊ីវិល នៅតែកើតមាន” ហើយដូចនេះ “ប្រទេសកម្ពុជានៅតែខ្វះស្ដង់ដារបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ” ។
របាយការណ៍នេះក៏កត់សម្គាល់ផងដែរថា ការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងការបោះឆ្នោតគឺ “មានតិចតួច” ភាគច្រើនដោយសារបទប្បញ្ញត្តិដែលមានលក្ខណៈរឹតត្បិតដូចជា ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងកង្វះជំនួយហិរញ្ញវត្ថុពីអន្តរជាតិ ។
កែប្រែ ០៩:១១ ICT
សកម្មជននយោបាយនៅក្នុងពន្ធនាគារ ឃ្លាតឆ្ងាយពីការបោះឆ្នោត
គេហទំព័រអ្នកទោសមនសិការនៃអង្គការលីកាដូ បង្ហាញថា សកម្មជននយោបាយយ៉ាងតិច ៣៨នាក់ កំពុងស្ថិតនៅក្នុងពន្ធនាគារ ខណៈដែលការបោះឆ្នោតនៅថ្ងៃនេះកំពុងធ្វើឡើងនៅទូទាំងប្រទេស ដោយនាំឱ្យអ្នកទាំងនោះមិនអាចចូលរួមបាន ។ សមាជិកគណបក្សភ្លើងទៀនចំនួន៥នាក់ ត្រូវបានឃុំខ្លួននៅឆ្នាំនេះ ក្នុងនោះមានបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំ-សង្កាត់ចំនួន៤នាក់ ។ ការចាប់ខ្លួនចុងក្រោយ គឺទើបតែកើតឡើងប៉ុន្មានថ្ងៃមុននេះ ដោយអនុប្រធានប្រតិបត្តិគណបក្សភ្លើងទៀននៅខេត្តតាកែវ ត្រូវបានឃុំខ្លួន និងចោទប្រកាន់ពីបទរួមគំនិតក្បត់ ។
អ្នកដែលត្រូវបានឃុំខ្លួនផងដែរនោះគឺ ស្ថាបនិកគណបក្សបេះដូងជាតិ ដែលត្រូវបានចាប់ខ្លួន កាលពីខែមេសា ឆ្នាំ២០២២ ដោយចោទប្រកាន់ពីបទក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង នៅពេលលោកព្យាយាមចុះបញ្ជីគណបក្ស ។ គណបក្សរបស់លោក មិនបានចូលរួមក្នុងការបោះឆ្នោតនៅថ្ងៃនេះទេ ដោយសារក្រសួងមហាផ្ទៃបានបដិសេធក្នុងការសុំចុះបញ្ជីគណបក្សរបស់លោក កាលពីឆ្នាំមុន ។
គូប្រជែងនយោបាយទាំងនេះ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារដូចអតីតសមាជិកគណបក្សសង្គ្រោះជាតិជាច្រើននាក់ផ្សេងទៀត ក្នុងនោះមានអតីតមេឃុំ ឬចៅសង្កាត់ និងក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលត្រូវបានជាប់ឆ្នោតកាលពីឆ្នាំ២០១៧ ។ សកម្មជននយោបាយចំនួន ២៥នាក់ បានជាប់ពន្ធនាគាររយៈពេលជាងមួយឆ្នាំមកហើយ ហើយអ្នកខ្លះមានការផ្ដន្ទាទោស ដែលត្រូវជាប់ឃុំរហូតដល់ក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំក្រោយ ។
ព័ត៌មានមុនការបោះឆ្នោត៖ អ្វីដែលត្រូវយល់ដឹងសម្រាប់ការបោះឆ្នោត
ខណៈដែលប្រជាពលរដ្ឋចាប់ផ្ដើមបោះឆ្នោតនៅថ្ងៃនេះ នេះជារឿងរ៉ាវមួយចំនួនដែលកំណត់ពីសាច់រឿង និងការយល់ដឹងបន្ថែមសម្រាប់ការបោះឆ្នោតនៅថ្ងៃនេះ ។
- វីអូអេ – "កម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥"
- ដោយ ខាន់ សុគុំមនោ (ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២)
- អាស៊ីសេរី - "ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២"
- Reuters – "Cambodian opposition rises from the ashes ahead of local elections" ដោយ ប្រាក់ ចាន់ថុល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២
- Associated Press - "Cambodians vote in local election amid intimidation, threats" ដោយ ជាង សុផេង ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២
គិតត្រឹមម៉ោង៩ និង១៥នាទីព្រឹកនេះ អង្គការលីកាដូ បានទទួលរបាយការណ៍អំពីអាជ្ញាធរមូលដ្ឋាន ដាក់ពង្រាយនៅក្នុង ឬក្រៅទីតាំងបោះឆ្នោត នៅក្នុងខេត្តចំនួន ៩ផ្សេងគ្នា ។ ករណីមួយចំនួន អាជ្ញាធរទាំងនោះ បានកត់សម្គាល់ឈ្មោះ ឬចំនួនអ្នកទៅបោះឆ្នោត ។ ការរាយការណ៍ទទួលបានពី៖
- រាជធានីភ្នំពេញ
- ខេត្តបន្ទាយមានជ័យ
- ខេត្តកំពង់ស្ពឺ
- ខេត្តកំពត
- ខេត្តកោះកុង
- ខេត្តសៀមរាប
- ខេត្តស្វាយរៀង
- ខេត្តតាកែវ
- ខេត្តត្បូងឃ្មុំ
កែប្រែ ១០:៥២ ICT
គណបក្សដែលចូលរួមប្រកួតប្រជែង
គណបក្សនយោបាយចំនួន១៧ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់ថ្ងៃនេះ ។ មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលដាក់បេក្ខជនឈរឈ្មោះនៅគ្រប់ឃុំ-សង្កាត់ទាំង ១.៦៥២ នៅទូទាំងប្រទេស ។ គណបក្សភ្លើងទៀន ដែលជាអតីតគណបក្សសមរង្ស៊ី បានធ្វើឱ្យភ្ញាក់ផ្អើលដល់មនុស្សជាច្រើន ជាមួយនឹងការលេចឡើងជាថ្មីក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។ នេះ គឺជាគណបក្សធំជាងគេទី២ ដែលប្រកួតប្រជែងរកអាសនៈនៅថ្ងៃនេះ ដោយមានបេក្ខជនឈរឈ្មោះនៅគ្រប់ឃុំ-សង្កាត់ទាំងអស់ លើកលែងតែ២៩ឃុំ-សង្កាត់ ។
គណបក្សផ្សេងទៀត កំពុងប្រកួតប្រជែងរកអាសនៈ នៅចន្លោះពី៤ ទៅជាង៦០០ឃុំ-សង្កាត់ ។ គណបក្សទាំងនោះមានដូចជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សសញ្ជាតិកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សខ្មែរតែមួយ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សឯកភាពជាតិខ្មែរ គណបក្សរស្មីខេមរា និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ។ ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីគណបក្សកំពុងប្រកួតប្រជែង សូមតាមដានការផ្សាយរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ “គោលការណ៍ណែនាំសម្រាប់គណបក្សនយោបាយដែលប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២” ។
ការឃោសនាបោះឆ្នោត
គណបក្សជាច្រើនដង្ហែក្បួនតាមដងផ្លូវ អំឡុងពេលឃោសនាជាផ្លូវការ ដែលមានរយៈពេល ២សប្ដាហ៍ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ។
គណបក្សនីមួយៗត្រូវបានអនុញ្ញាតឱ្យរៀបចំការប្រមូលផ្ដុំ២ផ្សេងគ្នាក្នុងឃុំ-សង្កាត់នីមួយៗ ហើយការឃោសនាបោះឆ្នោតនៅថ្ងៃដំបូង និងថ្ងៃចុងក្រោយឃើញមានអ្នកចូលរួមច្រើនជាងគេ ។ ប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានចេញឃោសនា និងហែក្បួន នៅក្នុងរាជធានីភ្នំពេញ ដោយមានអ្នកគាំទ្រជាច្រើនចូលរួមក្នុងការប្រមូលផ្ដុំគ្នារបស់គណបក្សប្រជាជនកម្ពុជា ឬគណបក្សភ្លើងទៀន ។ ការប្រមូលផ្ដុំស្រដៀងគ្នានេះ ប៉ុន្តែក្នុងទំហំតូច ត្រូវបានឃើញនៅទូទាំងប្រទេស ។
ការរាយការណ៍អំពីភាពមិនប្រក្រតី និងការរំលោភបំពាន គឺកើតមានជារៀងរាល់ថ្ងៃ អំឡុងពេលឃោសនាបោះឆ្នោត ។ ជារឿយៗ ការប្រមូលផ្ដុំ ព្រឹត្តិការណ៍ និងអ្នកឃ្លាំមើល ត្រូវបានស្ថិតក្រោមការតាមដាន ខណៈដែលនិមិត្តសញ្ញា និងស្លាកគណបក្សជំទាស់ ត្រូវបានដកចេញ ឬបំផ្លាញចោល នៅតាមខេត្តមួយចំនួន ។ ព្រះសង្ឃមួយអង្គ ត្រូវបាននិមន្តឱ្យចេញវត្តដែលព្រះអង្គគង់នៅដោយសារការគាំទ្រគណបក្សភ្លើងទៀន ។ ការចាប់ខ្លួន និងអំពើហិង្សាប្រឆាំងនឹងបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន ក៏ត្រូវបានរាយការណ៍ ហើយមានការរាយការណ៍ស៊ីចង្វាក់គ្នាមួយចំនួនអំពីការគំរាមកំហែងពីសំណាក់អាជ្ញាធរមូលដ្ឋានក្នុងការដកហូតប័ណ្ណក្រីក្រពីប្រជាពលរដ្ឋ ដោយសារទំនាក់ទំនងនយោបាយរបស់ពួកគេ ដែលបានកម្រិតលទ្ធភាពរបស់អ្នកទាំងនោះក្នុងការទទួលបានកិច្ចគាំពារផ្នែកសង្គម ។
មធ្យោបាយជាច្រើន ត្រូវបានប្រើប្រាស់ដើម្បីលួងលោមអ្នកបោះឆ្នោត ។ អ្នកបោះឆ្នោតមួយចំនួន ត្រូវបានផ្ដល់ជាសាច់ប្រាក់ ឬកញ្ចប់អំណោយតូចៗ ខណៈដែលរថយន្តជាច្រើនដែលបំពាក់ស្លាកលេខរដ្ឋ ឬគ្មានស្លាកលេខ ត្រូវបានឃើញចូលរួមក្នុងការប្រមូលផ្ដុំឃោសនាបោះឆ្នោត ។
How to run the commune election campaign by the CPP https://t.co/GuOZfYFYqp pic.twitter.com/Ms6ZWTA5sf
— Noan Sereiboth (@noansereiboth) May 22, 2022
កែប្រែ ១០:០២ ICT
វត្តមាននាយឧត្ដមសេនីយ៍នៅក្នុងការឃោសនាបោះឆ្នោត
កម្លាំងប្រដាប់អាវុធនៅកម្ពុជា បានរងការរិះគន់ជាយូរមកហើយពីកង្វះភាពឯករាជ្យ ដោយមន្រ្តីយោធាជាន់ខ្ពស់មួយចំនួនត្រូវបានតែងតាំងជាសមាជិកគណៈកម្មាធិការកណ្ដាលនៃគណបក្សកាន់អំណាច ។ ខណៈដែលអតីតសមាជិកនៃកងកម្លាំងប្រដាប់អាវុធ ត្រូវតម្រូវឱ្យមានអព្យាក្រឹតពីគណបក្សនយោបាយ វិសោធនកម្មថ្មីៗនេះទៅលើច្បាប់ស្ដីពីការបោះឆ្នោតឃុំ-សង្កាត់ បានបន្ថយប្រសិទ្ធភាពនៃបទប្បញ្ញត្តិនេះ ដោយអនុញ្ញាតឱ្យសមាជិកនៃកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ចូលរួមក្នុងការឃោសនាបោះឆ្នោតបាន ប្រសិនបើការចូលរួមនោះ ធ្វើឡើងនៅពេលដែលអ្នកទាំងនោះសុំច្បាប់ឈប់សម្រាកពីតួនាទីផ្លូវការ ។
ករណីនេះ ត្រូវបានបង្ហាញយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អំឡុងពេលឃោសនាបោះឆ្នោតក្នុងឆ្នាំនេះ ដោយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ នគរបាលជាតិ និងកងរាជអាវុធហត្ថ បង្ហោះសារអំពីសកម្មភាពឃោសនាបោះឆ្នោត និងសកម្មភាពក្នុងតួនាទីរបស់ខ្លួន នៅក្នុងការបង្ហោះសារផ្សេងទៀតនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ។
ទោះបីជាក្របខ័ណ្ឌផ្លូវច្បាប់ត្រូវបានអនុញ្ញាតក៏ដោយ ក៏សមាជិកនៃកងយោធពលខេមរភូមិន្ទនិងនគរបាលជាតិ ត្រូវបានហាមឃាត់ក្នុងការធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈ ដើម្បីគាំទ្រគណបក្សណាមួយ ឬបេក្ខជនណាមួយ អំឡុងពេលបំពេញភារកិច្ច ។ អង្គភាពកងកម្លាំងប្រដាប់អាវុធជាច្រើន បានប្រើប្រាស់គណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដើម្បីបង្ហោះសារជាសាធារណៈស្វែងរកការគាំទ្រសម្រាប់គណបក្សកាន់អំណាច អំឡុងពេលឃោសនាបោះឆ្នោត ។
ការពាក់ព័ន្ធរបស់កងកម្លាំងប្រដាប់អាវុធនៅក្នុងការបោះឆ្នោត មិនបានបញ្ចប់នៅក្នុងការឃោសនាបោះឆ្នោតទេ ។ នៅក្នុងការបោះឆ្នោតថ្មីៗនេះ អ្នកសង្កេតការណ៍មកពីសង្គមស៊ីវិល បានកត់សម្គាល់ពីការកើនឡើងនៃការដាក់ពង្រាយអង្គភាពយោធា ដើម្បីឱ្យបោះឆ្នោតនៅមណ្ឌលបោះឆ្នោតដែលមានការប្រកួតប្រជែងគ្នាខ្ពស់ ទោះបីជាអ្នកទាំងនោះពុំមានសិទ្ធិស្របច្បាប់ ដើម្បីបោះឆ្នោតនៅក្នុងឃុំ-សង្កាត់ទាំងនោះក៏ដោយ ។ អំឡុងពេលបោះឆ្នោតថ្នាក់ជាតិចុងក្រោយក្នុងឆ្នាំ២០១៨ ទាហានរាប់ពាន់នាក់ មកពីខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ ត្រូវបានបញ្ជូនទៅការិយាល័យបោះឆ្នោតក្នុងខេត្តសៀមរាប ជាកន្លែងដែលមានការកើនឡើងនៃការគាំទ្រសម្រាប់គណបក្សជំទាស់ នៅក្នុងឆ្នាំ២០១៣ និងឆ្នាំ២០១៧ ហើយហេតុការណ៍ស្រដៀងគ្នានេះ ត្រូវបានឃើញនៅក្នុងឆ្នាំ២០២២នេះផងដែរ ។
កែប្រែ ១០:៥៩ ICT
អង្គការលីកាដូ បានទទួលការរាយការណ៍មួយចំនួនពីរាជធានី-ខេត្តចំនួន១៦ផ្សេងគ្នា អំពីវត្តមានរបស់អាជ្ញាធរមូលដ្ឋាន អង្គុយចាំនៅក្នុង ឬក្រៅទីតាំងបោះឆ្នោត ឬជួយសម្របសម្រួលឱ្យពលរដ្ឋបានចូលទៅកាន់ការិយាល័យបោះឆ្នោត ក្នុងនោះមានមេភូមិ មេឃុំឬចៅសង្កាត់ ឬចៅហ្វាយស្រុក ក៏ដូចជាអាជ្ញាធរផ្សេងទៀត ។ ភាគច្រើននៃករណីទាំងនេះ អាជ្ញាធរត្រូវបានមើលឃើញថា បានកត់ត្រាឈ្មោះ ឬចំនួនប្រជាពលរដ្ឋដែលបានទៅបោះឆ្នោត ។ ក្នុងករណីមួយ មេភូមិ និងអនុប្រធានភូមិ ត្រូវបានមើលឃើញថា អង្គុយនៅក្រៅច្រកចូលនៃទីតាំងបោះឆ្នោត និងតម្រូវឱ្យពលរដ្ឋប្រាប់ឈ្មោះពួកគាត់ ក្រោយពីការបោះឆ្នោត ។
ក្រៅពីនេះ ក៏មានការរាយការណ៍អំពី ករណីដែលអាជ្ញាធរមូលដ្ឋានចុះតាមផ្ទះប្រជាពលរដ្ឋនីមួយៗដើម្បីសួរនាំប្រជាពលរដ្ឋអំពីការទៅបោះឆ្នោតរបស់ពួកគេ និងការបង្ហាញវត្តមាននៃទាហានប្រដាប់ដោយអាវុធនៅក្បែរទីតាំងបោះឆ្នោត ។
រាជធានី-ខេត្តទាំង១៦ មានដូចជា៖
- ខេត្តបន្ទាយមានជ័យ
- ខេត្តបាត់ដំបង
- ខេត្តកំពង់ឆ្នាំង
- ខេត្តកំពង់ស្ពឺ
- ខេត្តកំពង់ធំ
- ខេត្តកណ្ដាល
- ខេត្តកំពត
- ខេត្តកោះកុង
- ខេត្តឧត្ដរមានជ័យ
- រាជធានីភ្នំពេញ
- ខេត្តព្រៃវែង
- ខេត្តពោធិ៍សាត់
- ខេត្តសៀមរាប
- ខេត្តស្វាយរៀង
- ខេត្តតាកែវ
- ខេត្តត្បូងឃ្មុំ
កែប្រែ ១៥:៥៣ ICT
As Cambodians are casting their ballots across the country to elect their local leaders, legally-embattled opposition leader Kem Sokha isn't going to vote "because there is no option for him to choose", his aide Muth Chantha told @VOAKhmer's @MonoKhanS. pic.twitter.com/ekEFA5E8nc
— Chhengpor Aun (@aunchhengpor) June 5, 2022
អ្នករាយការណ៍ព័ត៌មានរបស់ វិទ្យុសំឡេងសហរដ្ឋអាមេរិក (វីអូអេ) លោក អូន ឆេងប៉រ និងកញ្ញា ខាន់ សុគុំមនោ បានលើកឡើងថា អតីតមេដឹកនាំគណបក្សជំទាស់ គឺឯកឧត្ដម កឹម សុខា ដែលកំពុងស្ថិតក្នុងដំណាក់កាលជំនុំជម្រះក្នុងបទចោទក្បត់ជាតិ និងទើបចូលរួមសវនាការនៅតុលាការ កាលពីសប្ដាហ៍មុន បានប្រសាសន៍ថា ឯកឧត្ដម នឹងមិនទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃនេះទេ ។
ឯកឧត្ដម គឺជាសហស្ថាបនិកនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយដោយតុលាការកំពូល ហើយការចាប់ខ្លួនឯកឧត្ដមក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ បាននាំឱ្យមានការរំលាយគណបក្សនេះ ។ ឯកឧត្ដម នៅតែត្រូវបានហាមឃាត់ក្នុងការធ្វើសកម្មភាពនយោបាយ ។
កែប្រែ ១១:៤៥ ICT
សូមស្វាគមន៍មកកាន់មជ្ឈមណ្ឌលផ្សាយ ព័ត៌មានអំពីព្រឹត្តិការណ៍នយោបាយ និងសិទិ្ធមនុស្សសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា របស់យើងខ្ញុំ ។
នៅខណៈដែលស្ថានភាពត្រូវបានបង្ហាញ យើងនឹងផ្តល់នូវព័ត៌មានទាន់ហេតុការណ៍ពីទីតាំងផ្ទាល់ ពីអ្នកឃ្លាំមើលរបស់យើងខ្ញុំ និងប្រភពព័ត៌មានដែលអាចជឿទុកចិត្តបានដទៃទៀត ដូចជាអ្នកកាសែត និងដៃគូអង្គការមិនមែនរដ្ឋាភិបាលនានា។