ផ្សាយ​ព័ត៌​មាន​ផ្ទាល់

ការ​ផ្សាយ​បាន​ចប់ អត្ថបទ​​នឹង​ត្រូវ​ទុក​ជា​បណ្ណសារ

១៦:១៥ ICT ថ្ងៃ៣ ខែមិថុនា

ការឃោសនាបោះឆ្នោត​របស់​ ​គណបក្សប្រជាជន​កម្ពុជា​ (​ឆ្វេង​) ​និង​គណបក្ស​ភ្លើង​ទៀន (ស្ដាំ)​ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​នៅ​ថ្ងៃ​ទី​០​៣​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​ ​មុន​ការបោះឆ្នោត​ឃុំ​-​សង្កាត់​នៅ​ថ្ងៃអាទិត្យ​នេះ​ ​។​ ​

សូមស្វាគមន៍​មកកាន់​ការផ្សាយ​ព័ត៌មាន​ផ្ទាល់​របស់​អង្គការ​លី​កា​ដូ ​ទៅលើ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​អាណត្តិ​ទី​៥​ ​។​ ​យើងខ្ញុំ​នឹង​ធ្វើ​បច្ចុប្បន្នភាព​ផ្សេងៗ​ ​ខណៈ​ដែល​ការបោះឆ្នោត​ចាប់ផ្ដើម​នៅ​ម៉ោង​៧​ព្រឹក​ ​ថ្ងៃអាទិត្យ​នេះ​ ​។​ ​សូម​ចូលរួម​ជាមួយ​ពួកយើង​នៅ​ទីនេះ​ ​ដើម្បី​តាមដាន​ព្រឹត្តិការណ៍​ផ្សេងៗ​ដែល​កើតមានឡើង​ ​។​

០៧:០០ ICT ថ្ងៃ៥ ខែមិថុនា

ការិយាល័យ​បោះឆ្នោត​បើក​ហើយ

​ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​បាន​បើក​ហើយ​ ​។​ ​អ្នកបោះឆ្នោត​ ​នឹង​អាច​បោះឆ្នោត​បាន​ចាប់ពី​ម៉ោង​៧​ព្រឹក​ ​រហូតដល់​ម៉ោង​៣​រសៀល​ ​បន្ទាប់មក​សន្លឹកឆ្នោត​នឹង​ត្រូវ​រាប់​នៅ​ការិយាល័យ​បោះឆ្នោត​នោះ​ ​។​ ​សូម​តាមដាន​ព័ត៌មាន​ផ្សាយ​ផ្ទាល់​របស់​ពួកយើង​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ផ្សេងៗ​ ​នៅ​ទីនេះ​ ​។​

០៧:១៥ ICT ថ្ងៃ៥ ខែមិថុនា

ការបោះឆ្នោត​ជ្រើសរើស​មេឃុំ​ ​ឬ​ចៅសង្កាត់​ ​និង​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​

​ប្រទេស​កម្ពុជា​បាន​រៀបចំ​ការបោះឆ្នោត​ឃុំ​-​សង្កាត់​លើកដំបូង​ក្នុង​ឆ្នាំ​២​០​០​២​ ​ដោយ​ការបោះឆ្នោត​នេះ​ធ្វើឡើង​រៀងរាល់​៥​ឆ្នាំ​ម្ដង​ ​ចាប់តាំង​ពី​ពេល​នោះ​មក​ ​។​ ​អ្នកបោះឆ្នោត​ចូលរួម​ក្នុង​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ជ្រើសរើស​គណបក្ស​មួយ​ ​ដែល​បាន​រៀបចំ​បញ្ជី​ឈ្មោះ​បេក្ខជន​តាមលំដាប់​ថ្នាក់​ ​ដើម្បី​កាន់កាប់​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ​។​ ​ចំនួន​អាសនៈ​នៅ​ក្រុមប្រឹក្សា​នីមួយៗ​ខុសគ្នា​នៅ​ទូទាំង​ ​១​.​៦​៥​២​ ​ឃុំ​-​សង្កាត់​ ​។​ ​គណបក្ស​ដែល​ទទួល​បាន​សំឡេងឆ្នោត​គាំទ្រ​ច្រើនជាង​គេ​នៅ​តាម​ឃុំ​-​សង្កាត់​នីមួយៗ​ ​នឹង​ទទួល​បាន​តួនាទី​ជា​មេឃុំ​ ​ឬ​ចៅសង្កាត់​ ​ខណៈ​ដែល​អាសនៈ​ក្រុមប្រឹក្សា​ដែល​នៅ​សេសសល់​នឹង​ត្រូវ​ផ្ដល់​ឱ្យ ​ដោយ​ផ្អែកលើ​រូបមន្ត​បែងចែក​តាម​ចំនួន​សន្លឹកឆ្នោត​គាំទ្រ​របស់​គណបក្ស​នីមួយៗ​ ​។​

០៧:៣៤ ICT ថ្ងៃ៥ ខែមិថុនា

ទិដ្ឋភាព​នយោបាយ​សម្រាប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២​០​២​២​

​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ចុងក្រោយ​ក្នុង​ឆ្នាំ​២​០​១​៧​ ​គណបក្សប្រជាជន​កម្ពុជា​ ​ឈ្នះ​បាន​ចំនួន​ ​១​.​១​៥​៦​ ​ឃុំ​-​សង្កាត់​ ​ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ ​ឈ្នះ​បាន​ ​៤​៨​៩​ ​ឃុំ​-​សង្កាត់​ ​។​ ​ភ្លាម​ៗ​ក្រោយ​ការបោះឆ្នោត​នេះ​ ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​ ​ហើយ​ប្រធាន​គណបក្ស​គឺ​ ​ឯកឧត្ដម​ កឹ​ម​ ​សុខា​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​និង​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​ ​ដែល​ជា​សវនាការ​កំពុង​ដំណើរការ​ ​និង​ទើប​ជំនុំ​ជម្រះ​កាលពី​ស​ប្ដាហ៍​មុន​ ​ហើយ​ថ្នាក់​ដឹកនាំ​ជាង​១​០​០​នាក់​ផ្សេងទៀត​ ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ធ្វើនយោបាយ​ ​ដោយ​អ្នក​ទាំងនោះ​ជាច្រើន​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ផ្សេងទៀត​ ​និង​និរទេស​ខ្លួន​ទៅក្រៅ​ប្រទេស​ ​។​ ​លើស​ពី​នេះ​ ​តំណែង​មេឃុំ​ ​ឬ​ចៅសង្កាត់​ចំនួន​ ​៤​៨​៩​ ​រួម​ជាមួយ​តំណែង​ក្រុមប្រឹក្សា​ជាង​ ​៥​០​០​០​នាក់​ ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​បាន​ជាប់ឆ្នោត​នៅ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​២​០​១​៧​ ​ត្រូវ​បាន​ដកហូត​ ​និង​កាន់កាប់​ជំនួស​ដោយ​គណបក្ស​កាន់អំណាច​ ​។​

០៧:៤៤ ICT ថ្ងៃ៥ ខែមិថុនា

ការបោះឆ្នោត​ “​នៅតែ​ខ្វះ​” ​ស្ដង់​ដារ​ប្រជាធិបតេយ្យ​ ​៖​ ​AN​F​R​E​L​

​បណ្តាញ​អាស៊ី​ដើម្បី​ការបោះឆ្នោត​ដោយសេរី​ (​AN​F​R​E​L​) ​បាន​ចេញ​ ​របាយការណ៍​វាយ​តម្លៃ​មុន​ការបោះឆ្នោតសម្រាប់​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ ​ដោយ​រក​ឃើញ​ថា​ “​នឹង​មិន​មាន​លទ្ធផល​បោះឆ្នោត​ពិតប្រាកដ​ ​និង​ត្រឹមត្រូវតាម​ច្បាប់​នោះ​ទេ​ ​ប្រសិនបើ​ការ​គំរាមកំហែង​ប្រឆាំង​នឹង​គណ​បក្សជំទាស់​ ​និង​សង្គម​ស៊ីវិល​ ​នៅតែ​កើតមាន​” ​ហើយ​ដូចនេះ​ “​ប្រទេស​កម្ពុជា​នៅតែ​ខ្វះ​ស្ដង់​ដារ​បោះឆ្នោត​តាម​លទ្ធិប្រជាធិបតេយ្យ​” ​។​

​របាយការណ៍​នេះ​ក៏​កត់​សម្គាល់​ផង​ដែរ​ថា​ ​ការចូលរួម​របស់​អង្គការសង្គម​ស៊ីវិល​ក្នុង​ការបោះឆ្នោត​គឺ​ “​មាន​តិចតួច​” ​ភាគច្រើន​ដោយសារ​បទ​ប្បញ្ញត្តិ​ដែល​មាន​លក្ខណៈ​រឹតត្បិត​ដូចជា​ ​ច្បាប់​ស្ដីពី​សមាគម​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​កង្វះ​ជំនួយ​ហិរញ្ញវត្ថុ​ពី​អន្តរជាតិ​ ​។​

កែប្រែ ០៩:១១ ICT

០៨:០២ ICT ថ្ងៃ៥ ខែមិថុនា

សកម្មជន​នយោបាយ​នៅ​ក្នុង​ពន្ធ​នាគា​រ​ ​ឃ្លាត​ឆ្ងាយ​ពី​ការបោះឆ្នោត​

​គេហទំព័រ​អ្នកទោស​មនសិការ​នៃ​អង្គការ​លី​កា​ដូ ​បង្ហាញ​ថា​ ​សកម្មជន​នយោបាយ​យ៉ាងតិច​ ​៣​៨​នាក់​ ​កំពុង​ស្ថិតនៅ​ក្នុង​ពន្ធ​នាគា​រ​ ​ខណៈ​ដែល​ការបោះឆ្នោត​នៅ​ថ្ងៃនេះ​កំពុង​ធ្វើឡើង​នៅ​ទូទាំង​ប្រទេស​ ​ដោយ​នាំ​ឱ្យ​អ្នក​ទាំងនោះ​មិន​អាច​ចូលរួម​បាន​ ​។​ ​សមាជិក​គណបក្ស​ភ្លើង​ទៀន​ចំនួន​៥​នាក់​ ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ឆ្នាំនេះ​ ​ក្នុង​នោះ​មាន​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ឃុំ​-​សង្កាត់​ចំនួន​៤​នាក់​ ​។​ ​ការ​ចាប់ខ្លួន​ចុងក្រោយ​ ​គឺ​ទើប​តែ​កើតឡើង​ប៉ុន្មាន​ថ្ងៃមុន​នេះ​ ​ដោយ​អនុ​ប្រធានប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​នៅ​ខេត្ត​តាកែវ​ ​ត្រូវ​បាន​ឃុំ​ខ្លួន​ ​និង​ចោទប្រកាន់​ពី​បទ​រួមគំនិតក្បត់​ ​។​

​អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ផង​ដែរ​នោះ​គឺ​ ​ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ ​កាលពី​ខែ​មេសា​ ​ឆ្នាំ​២​០​២​២​ ​ដោយ​ចោទប្រកាន់​ពី​បទ​ក្លែង​បន្លំ​ ​និង​ប្រើប្រាស់​លិខិត​ក្លែង​ ​នៅ​ពេល​លោក​ព្យាយាម​ចុះបញ្ជី​គណបក្ស​ ​។​ ​គណបក្ស​របស់​លោក​ ​មិនបាន​ចូលរួម​ក្នុង​ការបោះឆ្នោត​នៅ​ថ្ងៃនេះ​ទេ​ ​ដោយសារ​ក្រសួងមហាផ្ទៃ​បាន​បដិសេធ​ក្នុង​ការ​សុំ​ចុះបញ្ជី​គណបក្ស​របស់​លោក​ ​កាលពីឆ្នាំមុន​ ​។​

​គូប្រជែង​នយោបាយ​ទាំងនេះ​ ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ដូច​អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​ផ្សេងទៀត​ ​ក្នុង​នោះ​មាន​អតីត​មេឃុំ​ ​ឬ​ចៅសង្កាត់​ ​និង​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ​ដែល​ត្រូវ​បាន​ជាប់ឆ្នោត​កាលពី​ឆ្នាំ​២​០​១​៧​ ​។​ ​សកម្មជន​នយោបាយ​ចំនួន​ ​២​៥​នាក់​ ​បាន​ជាប់ពន្ធនាគារ​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​ ​ហើយ​អ្នកខ្លះ​មានការ​ផ្ដន្ទាទោស​ ​ដែល​ត្រូវ​​​ជាប់ឃុំ​រហូតដល់​ក្រោយ​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំក្រោយ​ ​។​

០៨:២៩ ICT ថ្ងៃ៥ ខែមិថុនា

ព័ត៌មាន​មុន​ការបោះឆ្នោត​៖​ ​អ្វី​ដែល​ត្រូវ​យល់​ដឹង​សម្រាប់​ការបោះឆ្នោត

​​ខណៈ​ដែល​ប្រជាពលរដ្ឋ​ចាប់ផ្ដើម​បោះឆ្នោត​នៅ​ថ្ងៃនេះ​ ​នេះ​ជា​រឿងរ៉ាវ​មួយ​ចំនួន​ដែល​កំណត់​ពី​សាច់រឿង​ ​និង​ការយល់​ដឹង​បន្ថែម​សម្រាប់​ការបោះឆ្នោត​នៅ​ថ្ងៃនេះ​ ​។​

០៨:៤៣ ICT ថ្ងៃ៥ ខែមិថុនា

​អ្នកបោះឆ្នោត​រង់ចាំ​ចូលក្នុង​ការិយាល័យ​បោះឆ្នោត​ក្នុង​ខេត្ត​តាកែវ​នា​ព្រឹកនេះ​ ​។​

​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន​ ​អាជ្ញាធរ​មូលដ្ឋាន​អង្គុយ​ចាំ​នៅ​ទីតាំង​បោះឆ្នោត​ ​ហើយ​ករណី​ខ្លះ​បាន​កត់ចំណាំ​អ្នក​ដែល​ទៅបោះឆ្នោត​ ​។​

កែប្រែ ០៨:៤៣ ICT

០៩:២០ ICT ថ្ងៃ៥ ខែមិថុនា

គិត​ត្រឹម​ម៉ោង​៩​ ​និង​១​៥​នាទី​ព្រឹកនេះ​ ​អង្គការ​លី​កា​ដូ ​បាន​ទទួល​របាយការណ៍​អំពី​អាជ្ញាធរ​មូលដ្ឋាន​ ​ដាក់​ពង្រាយ​នៅ​ក្នុង​ ​ឬ​ក្រៅ​ទីតាំង​បោះឆ្នោត​ ​នៅ​ក្នុង​ខេត្ត​ចំនួន​ ​៩​ផ្សេងគ្នា​ ​។​ ​ករណី​មួយ​ចំនួន​ ​អាជ្ញាធរ​ទាំងនោះ​ ​បាន​កត់​សម្គាល់​ឈ្មោះ​ ​ឬ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ ​។​ ​ការ​រាយការណ៍​ទទួល​បាន​ពី​៖​

  • ​រាជធានី​ភ្នំពេញ​
  • ​ខេត្ត​បន្ទាយ​មានជ័យ​
  • ​ខេត្ត​កំពង់ស្ពឺ​
  • ​ខេត្ត​កំពត
  • ​ខេត្ត​កោះ​កុង​
  • ​ខេត្ត​សៀមរាប​
  • ​ខេត្ត​ស្វាយរៀង​
  • ​ខេត្ត​តាកែវ​
  • ​ខេត្ត​ត្បូងឃ្មុំ​

កែប្រែ ១០:៥២ ICT

០៩:២៥ ICT ថ្ងៃ៥ ខែមិថុនា

គណបក្ស​ដែល​ចូលរួម​ប្រកួតប្រជែង​

​គណបក្ស​នយោបាយ​ចំនួន​១​៧​ ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ថ្ងៃនេះ​ ​។​ ​មានតែ​គណបក្សប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ដែល​ដាក់​បេក្ខជន​ឈរឈ្មោះ​នៅ​គ្រប់​ឃុំ​-​សង្កាត់​ទាំង​ ​១​.​៦​៥​២​ ​នៅ​ទូទាំង​ប្រទេស​ ​។​ ​គណបក្ស​ភ្លើង​ទៀន​ ​ដែល​ជា​អតីត​គណបក្ស​សមរ​ង្ស៊ី ​បាន​ធ្វើ​ឱ្យ​ភ្ញាក់ផ្អើល​ដល់​មនុស្សជា​ច្រើន​ ​ជាមួយនឹង​ការ​លេចឡើង​ជាថ្មី​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ​។​ ​នេះ​ ​គឺជា​គណបក្ស​ធំ​ជាងគេ​ទី​២​ ​ដែល​ប្រកួតប្រជែង​រក​អាសនៈ​នៅ​ថ្ងៃនេះ​ ​ដោយមាន​បេក្ខជន​ឈរឈ្មោះ​នៅ​គ្រប់​ឃុំ​-​សង្កាត់​ទាំងអស់​ ​លើកលែងតែ​២​៩​ឃុំ​-​សង្កាត់​ ​។​

​គណបក្ស​ផ្សេងទៀត​ ​កំពុង​ប្រកួតប្រជែង​រក​អាសនៈ​ ​នៅចន្លោះ​ពី​៤​ ​ទៅ​​​ជាង​៦​០​០​ឃុំ​-​សង្កាត់​ ​។​ ​គណបក្ស​ទាំងនោះ​មាន​ដូចជា​ ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ ​គណបក្ស​សញ្ជាតិ​កម្ពុជា​ ​គណបក្ស​យុវជន​កម្ពុជា​ ​គណបក្ស​ឆន្ទៈ​ខ្មែរ​ ​គណបក្ស​កែ​ទម្រង់​កម្ពុជា​ ​គណបក្ស​កម្ពុជា​និយម​ ​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​ ​គណបក្ស​ខ្មែរ​តែមួយ​ ​គណបក្ស​សំបុកឃ្មុំ​សង្គមប្រជាធិបតេយ្យ​ ​គណបក្ស​ជនជាតិ​ដើម​ប្រជាធិបតេយ្យ​កម្ពុជា​ ​គណបក្ស​ឯកភាពជាតិ​ខ្មែរ​ ​គណបក្ស​រស្មី​ខេ​ម​រា​ ​និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ​។​ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​អំពី​គណបក្ស​កំពុង​ប្រកួតប្រជែង​ ​សូម​តាមដាន​ការផ្សាយ​របស់​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ “គោលការណ៍ណែនាំ​សម្រាប់​គណបក្ស​នយោបាយ​ដែល​ប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ២០២២”

០៩:៥៩ ICT ថ្ងៃ៥ ខែមិថុនា

ការឃោសនាបោះឆ្នោត​

អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដង្ហែក្បួនឃោសនាបោះឆ្នោត ​ក្នុងរាជធានី​ភ្នំពេញ ​កាលពីថ្ងៃទី០៣ ​ខែមិថុនា​ ឆ្នាំ២០២២​

​គណបក្ស​ជាច្រើន​ដង្ហែក្បួន​តាម​ដង​ផ្លូវ​ ​អំឡុង​ពេល​ឃោសនា​ជា​ផ្លូវការ​ ​ដែល​មាន​រយៈពេល​ ​២​ស​ប្ដាហ៍ ​ចាប់ពី​ថ្ងៃ​ទី​២​១​ ​ខែ​ឧសភា​ ​ដល់​ ​ថ្ងៃ​ទី​០​៣​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​ ​។​

​គណបក្ស​នីមួយៗ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​រៀបចំ​ការ​ប្រមូលផ្ដុំ​២​ផ្សេងគ្នា​ក្នុង​ឃុំ​-​សង្កាត់​នីមួយៗ​ ​ហើយ​ការឃោសនាបោះឆ្នោត​នៅ​ថ្ងៃ​ដំបូង​ ​និង​ថ្ងៃ​ចុងក្រោយ​ឃើញ​មាន​អ្នកចូលរួម​ច្រើនជាង​គេ​ ​។​ ​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់​ ​បាន​ចេញ​ឃោសនា​ ​និង​ហែ​ក្បួន​ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដោយមាន​អ្នកគាំទ្រ​ជាច្រើន​ចូលរួម​ក្នុង​ការ​ប្រមូលផ្ដុំ​គ្នា​របស់​គណបក្សប្រជាជន​កម្ពុជា​ ​ឬ​គណបក្ស​ភ្លើង​ទៀន​ ​។​ ​ការ​ប្រមូលផ្ដុំ​ស្រដៀងគ្នា​នេះ​ ​ប៉ុន្តែ​ក្នុង​ទំហំ​តូច​ ​ត្រូវ​បានឃើញ​នៅ​ទូទាំង​ប្រទេស​ ​។​

​ការ​រាយការណ៍​អំពី​ភាព​មិន​ប្រក្រតី​ ​និង​ការ​រំលោភបំពាន​ ​គឺ​កើតមាន​ជា​រៀងរាល់ថ្ងៃ​ ​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ ​។​ ​ជារឿយៗ​ ​ការ​ប្រមូលផ្ដុំ​ ​ព្រឹត្តិការណ៍​ ​និង​អ្នកឃ្លាំមើល​ ​ត្រូវ​បាន​ស្ថិត​ក្រោម​ការ​តាមដាន​ ​ខណៈ​ដែល​និមិត្តសញ្ញា​ ​និង​ស្លាក​គណ​បក្សជំទាស់​ ​ត្រូវ​បាន​ដកចេញ​ ​ឬ​បំផ្លាញ​ចោល​ ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ ​។​ ​ព្រះសង្ឃ​មួយ​អង្គ​ ​ត្រូវ​បាន​និមន្ត​ឱ្យ​ចេញ​វត្ត​ដែល​ព្រះអង្គ​គង់នៅ​ដោយសារ​ការ​គាំទ្រ​គណបក្ស​ភ្លើង​ទៀន​ ​។​ ​ការ​ចាប់ខ្លួន​ ​និង​អំពើ​ហិង្សា​ប្រឆាំង​នឹង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​នៃ​គណបក្ស​ភ្លើង​ទៀន​ ​ក៏​ត្រូវ​បាន​រាយការណ៍​ ​ហើយ​មានការ​រាយការណ៍​ស៊ីចង្វាក់គ្នា​មួយ​ចំនួន​អំពី​ការ​គំរាមកំហែង​ពីសំណាក់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​ដកហូត​ប័ណ្ណ​ក្រីក្រ​ពី​ប្រជាពលរដ្ឋ​ ​ដោយសារ​ទំនាក់ទំនង​នយោបាយ​របស់​ពួកគេ​ ​ដែល​បាន​ក​ម្រិ​ត​លទ្ធភាព​របស់​អ្នក​ទាំងនោះ​ក្នុង​ការ​ទទួល​បាន​កិច្ច​គាំពារ​ផ្នែក​សង្គម​ ​។​

​មធ្យោបាយ​ជាច្រើន​ ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​លួងលោម​អ្នកបោះឆ្នោត​ ​។​ ​អ្នកបោះឆ្នោត​មួយ​ចំនួន​ ​ត្រូវ​បាន​ផ្ដល់​ជា​សាច់ប្រាក់​ ​ឬ​កញ្ចប់​អំណោយ​តូច​ៗ​ ​ខណៈ​ដែល​រថយន្ត​ជាច្រើន​ដែល​បំពាក់​ស្លាក​លេខ​រដ្ឋ​ ​ឬ​គ្មាន​ស្លាក​លេខ​ ​ត្រូវ​បានឃើញ​ចូលរួម​ក្នុង​ការ​ប្រមូលផ្ដុំ​ឃោសនា​បោះឆ្នោត​ ​។​

កែប្រែ ១០:០២ ICT

១០:៥៨ ICT ថ្ងៃ៥ ខែមិថុនា

វត្តមាននាយ​ឧត្ដម​សេនីយ៍​នៅក្នុង​ការឃោសនា​បោះឆ្នោត

ពីឆ្វេង​ទៅ​ស្ដាំ​៖​ ​ឯកឧត្ដម​ ​វង្ស​ ពិ​សេន​ ​អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​ ​ឯកឧត្ដម​ ​ឥត​ ​សារ៉ាត់​ ​អគ្គ​មេបញ្ជាការ​រង​ ​នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពលខេមរភូមិន្ទ​ ​ឯកឧត្ដម​ ​សៅ​ ​សុខា​ ​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​និង​ឯកឧត្ដម​ នេ​ត​ ​សាវឿន​ ​អគ្គស្នងការ​នគរបាល​ជាតិ​ ​។​

​កម្លាំង​ប្រដាប់​អាវុធ​នៅ​កម្ពុជា​ ​បាន​រង​ការរិះគន់​ជាយូរមកហើយ​ពី​កង្វះ​ភាព​ឯករាជ្យ​ ​ដោយ​ម​ន្រ្តី​យោធា​ជាន់ខ្ពស់​មួយ​ចំនួន​ត្រូវបានតែងតាំងជា​សមាជិក​គណៈកម្មាធិការកណ្ដាល​នៃ​គណបក្ស​កាន់អំណាច​ ​។​ ​ខណៈ​ដែល​អតីត​សមាជិក​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​ ​ត្រូវ​តម្រូវ​ឱ្យ​មាន​អព្យាក្រឹត​ពី​គណបក្ស​នយោបាយ​ ​វិសោធនកម្ម​ថ្មីៗ​នេះ​ទៅលើ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ ​បាន​បន្ថយ​ប្រសិទ្ធ​ភាព​នៃ​បទ​ប្បញ្ញត្តិ​នេះ​ ​ដោយ​អនុញ្ញាត​ឱ្យ​សមាជិក​នៃ​កងយោធពលខេមរភូមិន្ទ​ ​និង​នគរបាល​ជាតិ​ ​ចូលរួម​ក្នុង​ការឃោសនាបោះឆ្នោត​បាន​ ​ប្រសិនបើ​ការចូលរួម​នោះ​ ​ធ្វើឡើង​នៅពេលដែល​អ្នក​ទាំងនោះ​សុំច្បាប់ឈប់​សម្រាក​ពី​តួនាទី​ផ្លូវការ​ ​។​

​ករណី​នេះ​ ​ត្រូវ​បាន​បង្ហាញ​យ៉ាង​ទូលំទូលាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ក្នុងឆ្នាំនេះ​ ​ដោយ​ទាហាន​ជាន់ខ្ពស់​នៃ​កងយោធពលខេមរភូមិន្ទ​ ​នគរបាល​ជាតិ​ ​និង​កង​រាជ​អាវុធហត្ថ​ ​បង្ហោះ​សារ​អំពី​សកម្មភាព​ឃោសនា​បោះឆ្នោត​ ​និង​សកម្មភាព​ក្នុង​តួនាទី​របស់​ខ្លួន​ ​នៅ​ក្នុង​ការ​បង្ហោះ​សារ​ផ្សេងទៀត​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​ ​។​

​ទោះបីជា​ក្របខ័ណ្ឌ​ផ្លូវច្បាប់​ត្រូវ​បាន​អនុញ្ញាត​ក៏ដោយ​ ​ក៏​សមាជិក​នៃ​កងយោធពលខេមរភូមិន្ទ​និង​នគរបាល​ជាតិ​ ​ត្រូវ​បាន​ហាមឃាត់​ក្នុង​ការ​ធ្វើ​សេចក្ដីថ្លែង​ការណ៍​ជា​សាធារណៈ​ ​ដើម្បី​គាំទ្រ​គណបក្ស​ណាមួយ​ ​ឬ​បេក្ខជន​ណាមួយ​ ​អំឡុង​ពេល​បំពេញ​ភារកិច្ច​ ​។​ ​អង្គភាព​កងកម្លាំង​ប្រដាប់​អាវុធ​ជាច្រើន​ ​បាន​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​ ​ដើម្បី​បង្ហោះ​សារ​ជា​សាធារណៈ​ស្វែងរក​ការ​គាំទ្រ​សម្រាប់​គណបក្ស​កាន់អំណាច​ ​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ ​។​

​ការ​ពាក់ព័ន្ធ​របស់​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​ក្នុង​ការបោះឆ្នោត​ ​មិនបាន​បញ្ចប់​នៅ​ក្នុង​ការឃោសនាបោះឆ្នោត​ទេ​ ​។​ ​នៅ​ក្នុង​ការបោះឆ្នោត​ថ្មីៗ​នេះ​ ​អ្នក​សង្កេតការណ៍​មក​ពីសង្គម​ស៊ីវិល​ ​បាន​កត់​សម្គាល់​ពី​ការ​កើន​ឡើង​នៃ​កា​រដាក់​ពង្រាយ​អង្គភាពយោធា​ ​ដើម្បី​ឱ្យ​បោះឆ្នោត​នៅ​មណ្ឌល​បោះឆ្នោត​ដែល​មាន​ការប្រកួតប្រជែង​គ្នា​ខ្ពស់​ ​ទោះបីជា​អ្នក​ទាំងនោះ​ពុំ​មាន​សិទ្ធិ​ស្រប​ច្បាប់​ ​ដើម្បី​បោះឆ្នោត​នៅ​ក្នុង​ឃុំ​-​សង្កាត់​ទាំងនោះ​ក៏ដោយ​ ​។​ ​អំឡុង​ពេល​បោះឆ្នោត​ថ្នាក់​ជាតិ​ចុងក្រោយ​ក្នុង​ឆ្នាំ​២​០​១​៨​ ទាហាន​រាប់ពាន់​នាក់​​ ​មកពី​ខេត្ត​ឧត្ដរមានជ័យ​ ​និង​ខេត្ត​ព្រះវិហារ​ ​ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​បោះឆ្នោត​ក្នុង​ខេត្ត​សៀមរាប​ ​ជា​កន្លែង​ដែល​មានការ​កើន​ឡើង​នៃ​ការ​គាំទ្រ​សម្រាប់​គណ​បក្សជំទាស់​ ​នៅ​ក្នុង​ឆ្នាំ​២​០​១​៣​ ​និង​ឆ្នាំ​២​០​១​៧​ ​ហើយ​ហេតុការណ៍​ស្រដៀងគ្នា​នេះ​ ​ត្រូវ​បានឃើញ​នៅ​ក្នុង​ឆ្នាំ​២​០​២​២​នេះ​ផង​ដែរ​ ​។​

កែប្រែ ១០:៥៩ ICT

១១:១៥ ICT ថ្ងៃ៥ ខែមិថុនា

អាជ្ញាធរ​មូលដ្ឋាន​អង្គុយ​ចាំ​នៅ​ក្នុង​ទីតាំង​បោះឆ្នោត​ ​នា​ព្រឹកនេះ​

​អង្គការ​លី​កា​ដូ ​បាន​ទទួលការ​រាយការណ៍មួយចំនួន​ពី​រាជធានី​-​ខេត្ត​ចំនួន​១​៦​ផ្សេងគ្នា​ ​អំពី​វត្តមាន​របស់​អាជ្ញាធរ​មូលដ្ឋាន​ ​អង្គុយ​ចាំ​នៅ​ក្នុង​ ​ឬ​ក្រៅ​ទីតាំង​បោះឆ្នោត​ ​ឬ​ជួយ​សម្របសម្រួល​ឱ្យ​ពលរដ្ឋ​បាន​ចូល​ទៅកាន់​ការិយាល័យ​បោះឆ្នោត​ ​ក្នុង​នោះ​មាន​មេភូមិ​ ​មេឃុំ​ឬ​ចៅសង្កាត់​ ​ឬ​ចៅហ្វាយស្រុក​ ​ក៏ដូចជា​អាជ្ញាធរ​ផ្សេងទៀត​ ​។​ ​ភាគច្រើន​នៃ​ករណី​ទាំងនេះ​ ​អាជ្ញាធរ​ត្រូវ​បាន​មើលឃើញ​ថា​ ​បាន​កត់ត្រា​ឈ្មោះ​ ​ឬ​ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​បោះឆ្នោត​ ​។​ ក្នុងករណីមួយ ​មេភូមិ ​និងអនុប្រធានភូមិ​ ត្រូវបាន​មើលឃើញថា ​អង្គុយ​នៅក្រៅ​ច្រកចូល​នៃទីតាំង​បោះឆ្នោត​ និង​តម្រូវ​ឱ្យពលរដ្ឋ​ប្រាប់ឈ្មោះ​ពួកគាត់ ​ក្រោយពី​ការបោះឆ្នោត ។

​ក្រៅពី​នេះ​ ​ក៏​មានការ​រាយការណ៍​អំពី​ ​ករណី​ដែល​អាជ្ញាធរ​មូលដ្ឋាន​ចុះ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​នីមួយៗ​ដើម្បី​សួរនាំ​ប្រជាពលរដ្ឋ​អំពី​ការទៅបោះឆ្នោតរបស់ពួកគេ ​និង​ការ​បង្ហាញ​វត្តមាន​នៃ​ទាហាន​ប្រដាប់ដោយ​អាវុធ​នៅក្បែរ​ទីតាំង​បោះឆ្នោត​ ​។​

​រាជធានី​-​ខេត្ត​ទាំង​១​៦​ ​មាន​ដូចជា​៖​

  • ​ខេត្ត​បន្ទាយ​មានជ័យ​
  • ​ខេត្ត​បាត់​ដំបង​
  • ខេត្ត​កំពង់ឆ្នាំង​
  • ខេត្ត​កំពង់ស្ពឺ​
  • ខេត្ត​កំពង់ធំ​
  • ​ខេត្ត​កណ្ដាល​
  • ​ខេត្ត​កំពត​
  • ខេត្ត​កោះ​កុង​
  • ខេត្តឧត្ដរមានជ័យ
  • រាជធានី​ភ្នំពេញ​
  • ខេត្តព្រៃវែង
  • ខេត្ត​ពោធិ៍សាត់​
  • ​ខេត្ត​សៀមរាប​
  • ​ខេត្ត​ស្វាយរៀង​
  • ខេត្ត​តាកែវ​
  • ខេត្ត​ត្បូងឃ្មុំ​

កែប្រែ ១៥:៥៣ ICT

១១:៤៤ ICT ថ្ងៃ៥ ខែមិថុនា

អ្នករាយការណ៍​ព័ត៌មាន​របស់​ ​វិទ្យុសំឡេងសហរដ្ឋអាមេរិក​ (​វី​អូ​អេ) ​លោក​ ​អូន​ ​ឆេងប៉រ​ ​និង​កញ្ញា​ ​ខាន់​ សុ​គុំ​មនោ​ ​បាន​លើកឡើង​ថា​ ​អតីត​មេដឹកនាំ​គណ​បក្សជំទាស់​ ​គឺ​ឯកឧត្ដម​ កឹ​ម​ ​សុខា​ ​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ជំនុំ​ជម្រះ​ក្នុង​បទ​ចោទ​ក្បត់ជាតិ​ ​និង​ទើប​ចូលរួម​សវនាការ​នៅ​តុលាការ​ ​កាលពី​ស​ប្ដាហ៍​មុន​ ​បាន​ប្រសាសន៍​ថា​ ​ឯកឧត្ដម​ ​នឹង​មិនទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ ​នៅ​ថ្ងៃនេះ​ទេ​ ​។​

​ឯកឧត្ដម​ ​គឺជា​សហ​ស្ថាបនិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​ ​ហើយ​ការ​ចាប់ខ្លួន​ឯកឧត្ដម​ក្នុង​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​១​៧​ ​បាន​នាំ​ឱ្យ​មានការ​រំលាយ​គណបក្ស​នេះ​ ​។​ ​ឯកឧត្ដម​ ​នៅតែ​ត្រូវ​បាន​ហាមឃាត់​ក្នុង​ការ​ធ្វើសកម្មភាព​នយោបាយ​ ​។

កែប្រែ ១១:៤៥ ICT

១២:០១ ICT ថ្ងៃ៥ ខែមិថុនា

អ្នក​សង្កេតការណ៍​បោះឆ្នោត​ភាគច្រើន​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​

​អ្នក​សង្កេតការណ៍​បោះឆ្នោត​ ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃនេះ​ ​ដើម្បី​ឃ្លាំមើល​ការបោះឆ្នោត​ ​និង​ការ​រាប់​សន្លឹកឆ្នោត​ ​ប៉ុន្តែ​ភាគច្រើន​បំផុត​នៃ​អ្នក​សង្កេតការណ៍​ជាតិនិងអន្តរជាតិ ​ដែល​មកពី​អង្គការ​ផ្សេងៗ​ ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ ​។​

​កាល​ពីម្សិលមិញ​ ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ ​បាន​ចេញ​តួលេខ​ចុងក្រោយ​នៃ​អ្នក​សង្កេតការណ៍​បោះឆ្នោត​មកពី​អង្គភាព​នានា​ ​ដោយមាន​៧​២​ក្រុម​ ​ស្មើនឹង​ ​៧​៤​.​៨​៨​៥​នាក់​ ​ដើម្បី​សង្កេតការណ៍​លើ​ការិយាល័យ​បោះឆ្នោត​ចំនួន​ ​២​៣​.​៦​០​២​ ​នៅ​ទូទាំង​ប្រទេស​ ​។​ ​ប៉ុន្តែ​ ​៩​៣​%​នៃ​អ្នក​សង្កេតការណ៍​ទាំងនេះ​ ​ត្រូវ​បាន​ចុះឈ្មោះ​ដោយក្រុម​ចំនួន​៤​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជរដ្ឋាភិបាល​ ​។​

  • ​៣​៩​.​៨​១​៥​នាក់​ ​ឬ​ច្រើនជាង​ពាក់កណ្ដាល​នៃ​ចំនួន​អ្នក​សង្កេតការណ៍​សរុប​ ​ត្រូវ​បាន​ចុះឈ្មោះ​ដោយ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ ​ដឹកនាំ​ដោយ​ ​ឯកឧត្ដម​ ​ហ៊ុន​ ​ម៉ា​នី​ ​តំណាងរាស្ត្រ​ខេត្ត​កំពង់ស្ពឺ​ ​និង​ជា​កូនប្រុស​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ ​។​
  • ២​៦​.​១​០​២​នាក់​ ​ត្រូវ​បាន​ចុះឈ្មោះ​ដោយ​ ​សមាគម​នារី​កម្ពុជា​ដើម្បី​សន្ដិភាព​ ​និង​អភិវឌ្ឍន៍​ ​ជា​អង្គការ​ដែល​ដឹកនាំ​ដោយ​លោកជំទាវ​ ​ម៉ែន​ ​សំ​អន​ ​ឧបនាយករដ្ឋមន្ត្រី​ ​។​
  • ២​.​៦​២​៤​នាក់​ ​ត្រូវ​បាន​ចុះឈ្មោះ​ដោយ​ ​សមាគម​ស​ម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ ​ដែល​មាន​លោក​ ​ជុំ​ ​កុសល​ ​ជា​ប្រធាន​ ​និង​ទីប្រឹក្សា​សម្ដេច​នាយករដ្ឋមន្ត្រី​ ​។​
  • ១​.​០​៥​៨​នាក់​ ​ត្រូវ​បាន​ចុះឈ្មោះ​ដោយ​ ​សមាគម​សហ​ព័ន្ធ​និស្សិត​ប​ញ្ញ​វ័ន្ត​ប្រជាធិបតេយ្យ​កម្ពុជា​ ​។​ ​លោក​ ​សាន​ ​វិសាល​ ​អគ្គលេខាធិការ​នៃ​សមាគម​នេះ​ ​គឺជា​រដ្ឋលេខាធិការ​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ​។​

​គណៈកម្មាធិការ​ ​ដើម្បី​ការបោះឆ្នោត​ ​ដោយសេរី​ ​និង​យុត្តិធម៌​នៅ​កម្ពុជា​ ​ដែល​ជា​ស្ថាប័ន​សង្កេតការណ៍​ឯករាជ្យ​ ​បាន​ចុះឈ្មោះ​អ្នក​សង្កេតការណ៍​ចំនួន​ ​១​.​៩​៤​៩​ ​នាក់​ ​។​ ​ស្ថាប័ន​ចំនួន​ ​៦​៧​ផ្សេងទៀត​ ​បាន​ចុះឈ្មោះ​អ្នក​សង្កេតការណ៍​ក្នុង​ចំនួន​តិចតួច​ ​។​ ​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ស្ថាប័ន​ខាងលើ​នេះ​ ​សូម​អាន​ព័ត៌មាន​របស់​ ​វី​អូ​ឌី​ ​អំពី“Gov’t-Linked Groups Dominate Election Observer Registrations” ​។​

លោក​ ​P​h​i​l​ ​Robe​r​t​son​ ​នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (​Human Right​s ​Watch​) ​បាន​កត់​សម្គាល់​អំពី​ចំនួន​ច្រើនលើស​លប់​នៃ​អ្នក​សង្កេតការណ៍​ដែល​មាន​ទំនោរ​ទៅកាន់​រាជរដ្ឋាភិបាល​ ​។​ ​

១២:៥៨ ICT ថ្ងៃ៥ ខែមិថុនា

ការ​ដកខ្លួន​របស់​អ្នក​សង្កេតការណ៍​អន្តរជាតិ​ ​និង​អង្គការសហប្រជាជាតិ​

​អង្គការសហប្រជាជាតិ​ ​បាន​បញ្ជាក់​ថា​ ​ខ្លួន​នឹង​មិន​ពាក់ព័ន្ធ​នឹង​ “​ការ​ជួយ​គាំទ្រ​ ​ការរៀបចំ​ ​ឬ​សង្កេតការណ៍​” ​លើ​បោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំនេះ​ទេ​ ​និង​បាន​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​ ​និង​ដៃគូ​ពាក់ព័ន្ធ​ “​បង្កើត​បរិយាកាស​ដែល​អនុគ្រោះ​ដល់​ការបោះឆ្នោត​ដោយ​សន្តិវិធី​ ​និង​គួរ​ជឿ​ទុកចិត្ត​បាន​” ​។​

​សហភាព​អឺរ៉ុប​ ​ក៏​មិនបាន​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​នៅ​ឆ្នាំនេះ​ដែរ​ ​។​ ​សហរដ្ឋអាមេរិក​ ​និង​សហភាព​អឺរ៉ុប​ ​បាន​លុបចោល​គម្រោង​របស់​ខ្លួន​ ​ក្នុង​ការ​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​ ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​ក្រោយ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ឆ្នាំ​២​០​១​៧​ ​។​ ​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍​មួយ​នៅ​ពេល​នោះ​ថា​ ​ការ​ដក​ដំណែង​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ “​បដិសេធ​ជម្រើស​សម្រាប់​អ្នក​ដែល​បាន​បោះឆ្នោត​ដល់​គណបក្ស​” ​នៅ​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២​០​១​៧​នោះ​ ​។​

កែប្រែ ១៣:០០ ICT

១៣:២១ ICT ថ្ងៃ៥ ខែមិថុនា

ម​ន្រ្តី​ថ្នាក់​ស្រុក​​គណបក្ស​ភ្លើង​ទៀន​ ត្រូវ​បាន​ចាប់ខ្លួន​

ព័ត៌មាន​បឋម​បាន​លើកឡើង​ថា​ ​ម​ន្រ្តី​ថ្នាក់​ស្រុក​ម្នាក់​នៃ​គណបក្ស​ភ្លើង​ទៀន​ ​នៅ​ក្នុង​ខេត្ត​កណ្ដាល​គឺ​ ​លោក​ ​អៀន​ ​ពៅ​ ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​សាលារៀន​វត្ត​ចំបក់​ដែល​ជា​មណ្ឌល​បោះឆ្នោត​ ​ក្នុងស្រុក​អង្គ​ស្នួល​ ​នៅ​ម៉ោង​ប្រមាណ​ ​១​២​ ​ថ្ងៃត្រង់​នេះ​ ​ហើយ​កំពុង​ត្រូវ​បាន​ឃាត់ខ្លួន​ ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គ​ស្នួល​ ​។​ ​មូលហេតុ​នៃ​ការ​ចាប់ខ្លួន​នៅ​មិនទាន់​មានការ​បញ្ជាក់​នៅឡើយ​ទេ​ ​។​ ​

១៣:៤២ ICT ថ្ងៃ៥ ខែមិថុនា

“​ការ​គំរាមកំហែង​” ​ត្រូវ​បាន​លើកឡើង​ដោយ​អង្គការសហប្រជាជាតិ​ ​សភា​អឺរ៉ុប​ ​និង​អា​ស៊ាន​ ​សមាជិកសភា​ដើម្បី​សិទ្ធិមនុស្ស​

​កាលពី​ថ្ងៃ​ទី​០​២​ ​ខែ​មិថុនា​ ​អ្នកនាំពាក្យ​នៃ​ការិយាល័យ​ឧត្ដមស្នងការ​នៃ​អង្គការសហប្រជាជាតិ​ ​បាន​កត់​សម្គាល់​អំពី​ "​លំនាំ​នៃ​ការ​គំរាមកំហែង​ ​បំភិតបំភ័យ​ ​និង​ការរារាំង​ ​ដោយ​ដាក់​គោលដៅ​លើ​បេក្ខជន​គណ​បក្សជំទាស់​" ​ជា​ផ្នែក​មួយ​នៃ​ការ​រឹតត្បិត​លំហ​សេរីភាព​នៅ​ក្នុង​ប្រទេស​ ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​។​

​កាលពី​ខែមុន​ ​សភា​អឺរ៉ុប​បាន​អនុម័ត​ ​​សេចក្ដី​សម្រេច​មួយ​ ​ដែល​បាន​លើកឡើង​ពី​ “​កង្វល់​ជា​ខ្លាំង​នៃ​ការ​ធ្លាក់ចុះ​នៃ​ស្ថានភាព​សិទ្ធិមនុស្ស​” ​ក្នុង​បរិ​បទ​នៃ​ការបោះឆ្នោត​នេះ​ ​។​ ​សភា​អឺរ៉ុប​ ​បាន​អំពាវនាវ​ឱ្យ​គណៈកម្មាធិការ​អឺរ៉ុប​ “​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំងអស់​ដែល​មាន​” ​រួម​មានការ​ព្យួរ​ទាំងស្រុង​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​គ្រប់មុខ​លើកលែងតែ​សព្វាវុធ​ (​E​B​A​) ​និង​ការ​ដាក់ទណ្ឌកម្ម​ផ្សេងទៀត​ ​ប្រសិនបើ​មាន​ភស្តុតាង​ពី​ការបោះឆ្នោត​មិន​ត្រឹមត្រូវ​ ​។​

​កាលពី​ថ្ងៃសុក្រ​ ​អា​ស៊ាន​ ​សមាជិកសភា​ដើម្បី​សិទ្ធិមនុស្ស​ (​A​P​H​R) ​បាន​ចែករំលែក​ថា​ “​មិន​អាច​ទៅរួច​នោះ​ទេ​ដែល​មាន​ការរៀបចំ​ការបោះឆ្នោត​ដោយសេរី​ ​និង​យុត្តិធម៌​ ​នៅ​ក្នុង​បរិយាកាស​ដែល​មានការ​ធ្វើទុក្ខបុកម្នេញ​ជាបន្តបន្ទាប់​ទៅលើ​គណ​បក្សជំទាស់​” ​។​ ​អ្នក​ទាំងនោះ​ ​បាន​អំពាវនាវ​ឱ្យ​ប្រទេសជិតខាង​កម្ពុជា​ ​និង​សហគមន៍​អន្តរជាតិ​ ​ដើម្បី​ “​ដាក់​សម្ពាធ​លើ​សម្ដេច​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​និង​រាជរដ្ឋាភិបាល​របស់​សម្ដេច​ដើម្បី​ឱ្យ​កម្ពុជា​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​វិញ​” ​។​

កែប្រែ ១៣:៤៥ ICT

១៣:៥៩ ICT ថ្ងៃ៥ ខែមិថុនា

បេ​ក្ខ​នារី​ឈរឈ្មោះ​មាន​ចំនួន​តិច​

​អ្នកគាំទ្រ​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ដង្ហែក្បួន​ក្នុង​រាជធានី​ភ្នំពេញ​ ​កាល​​ពី​ថ្ងៃ​ទី​០​៣​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​ ​។​

​ស្ត្រី​មាន​ចំនួន​ច្រើនជាង​ពាក់កណ្ដាល​នៃ​អ្នកបោះឆ្នោត​សរុប​ដែល​បាន​ចុះឈ្មោះ​ ​ប៉ុន្តែ​ការបោះឆ្នោត​នៅ​ថ្ងៃនេះ​មាន​បេ​ក្ខ​នារី​ឈរឈ្មោះ​ប្រកួតប្រជែង​ត្រឹមតែ​ ​២​៨​% ​ប៉ុណ្ណោះ​ (​ស្ត្រី​១​៤​.​៨​៣​៩​នាក់​ ​ក្នុងចំណោម​បេក្ខជន​សរុប​ ​៥​៣​.​៤​១​១​នាក់​) ​។​ ​គណបក្សប្រជាជន​កម្ពុជា​បាន​ដាក់​បេ​ក្ខ​នារី​ឈរឈ្មោះ​ចំនួន​ ​២​៦​% ​រីឯ​គណបក្ស​ភ្លើង​ទៀន​មាន​បេ​ក្ខ​នារី​ឈរឈ្មោះ​ចំនួន​ ​២​៣​% ​។​

​មាន​កត្តា​ជាច្រើន​ដែល​ធ្វើ​ឱ្យ​ស្ត្រី​ពិបាក​ក្នុង​ការចូលរួម​ជីវភាព​នយោបាយ​ ​រួម​មាន​ការរើសអើង​ ​វិសមភាព​នៃ​ឱកាស​សេដ្ឋកិច្ច​ ​ការងារ​ថែទាំ​ ​កង្វះ​ការ​គាំទ្រ​ពី​ស្វាមី​ ​គ្រួសារ​ ​និង​សហគមន៍​ ​បុគ្គល​គំរូ​តិច​ពេក​ ​និង​ទំនៀមទម្លាប់​យែ​ន​ឌ័​រ​ ​ជាដើម​ ​។​ ​នៅ​ក្នុង​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២​០​១​៧​ ​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ជា​ស្ត្រី​ត្រឹមតែ​ ​១​៧​% ​ប៉ុណ្ណោះ​ ​ដែល​ត្រូវ​បាន​ជាប់ឆ្នោត​ ​។​

​ប្រព័ន្ធ​បញ្ជី​ឈ្មោះ​គណបក្ស​ ​ក៏បាន​រារាំង​ស្រ្តី​ជាច្រើន​ពី​ការ​ជាប់ឆ្នោត​ ​។​ ​អំឡុង​ពេល​បោះឆ្នោត​ ​ប្រជាពលរដ្ឋ​បោះឆ្នោត​សម្រាប់​គណបក្ស​ ​ដោយ​គណបក្ស​ជា​អ្នក​រៀប​លំដាប់​បេក្ខជន​របស់​ខ្លួន​ ​។​ ​បេក្ខជន​ដែល​នៅ​លំដាប់​ខ្ពស់​ជាងគេ​ ​ឈរឈ្មោះ​សម្រាប់​តំណែង​ជា​មេឃុំ​ ​ឬ​ចៅសង្កាត់​ ​រីឯ​អ្នក​ផ្សេងទៀត​ស្ថិត​ក្នុង​លំដាប់​សម្រាប់​តំណែង​ជា​ ​ជំទប់​ទី​១​ ​និង​កៅអី​ក្រុមប្រឹក្សា​ផ្សេងទៀត​ ​។​ ​ជារឿយៗ​ ​គណបក្ស​ជ្រើសរើស​បុរស​ ​ជាជាង​ស្ត្រី​សម្រាប់​តំណែង​ខ្ពស់​ៗ​ទាំងនេះ​ ​ដោយ​ទុក​ឱ្យ​ស្ត្រី​តិចតួច​ប៉ុណ្ណោះ​បាន​ជាប់ឆ្នោត​ ​។

១៤:៣១ ICT ថ្ងៃ៥ ខែមិថុនា

អវត្តមាន​គូប្រជែង​ ​តាម​ឃុំ-សង្កាត់​មួយចំនួន

​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ចុះឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជ​ប​) ​បាន​បើកសវនាការ​ជាបន្តបន្ទាប់​ ​ដោយ​បាន​បដិសេធ​ចោល​នូវ​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ឃុំ​-​សង្កាត់​មួយ​ចំនួន​របស់​គណបក្ស​ភ្លើង​ទៀន​ ​។​ ​ការ​បដិសេធ​នេះ​ ​ធ្វើឡើង​ដោយហេតុថា​ ​បុគ្គល​មួយ​ចំនួន​ត្រូវ​បាន​ចោទប្រកាន់​ថា​ ​មិន​ចេះ​អក្សរ​ ​ជា​អំណះអំណាង​ដែល​ ​គជ​ប​ ​ធ្លាប់​បាន​អះអាង​ថា​ ​បញ្ជី​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ឃុំ​-​សង្កាត់​ទាំងមូល​ ​គឺ​មិន​ត្រឹមត្រូវ​ ​ដូច្នេះ​បេក្ខជន​ទាំងនោះ​ត្រូវ​បាន​បដិសេធ​ចោល​នូវ​សិទ្ធិ​ឈរឈ្មោះ​បោះឆ្នោត​ក្នុង​អាណត្តិ​នេះ​ ​។​

​ក្រោយមក​ ​គណបក្ស​ភ្លើង​ទៀន​ ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត​ថ្ងៃនេះ​ ​នៅ​ក្នុង​ឃុំ​-​សង្កាត់​ចំនួន​១​១​ ​រួម​មាន​៖

  • ​រាជធានី​ភ្នំពេញ​៖​ ​សង្កាត់​ក្បាល​កោះ​ ​សង្កាត់​ព្រែក​លៀប​ ​សង្កាត់​ផ្សារ​ដើម​គ​ ​សង្កាត់​មនោ​រម្យ​ ​សង្កាត់​អូរ​ឬស្សី​ទី​១​ ​សង្កាត់​អូរ​ឬស្សី​ទី​២​ ​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១​ ​និង​សង្កាត់​ទួល​ស្វាយព្រៃ​១​ ​។​
  • ​ខេត្ត​កំពង់ចាម​៖​ ​សង្កាត់​បឹង​កុក​ ​និង​សង្កាត់​កំពង់ចាម​ ​។​
  • ​ខេត្ត​ពោធិ៍សាត់​៖​ ​ឃុំ​កណ្ដៀង​ ​។​

​សេចក្ដី​សម្រេច​របស់​ ​គជ​ប​ ​ទាំងនេះ​ ​បាន​ធ្វើ​ឱ្យ​ចំនួន​មណ្ឌល​បោះឆ្នោត​ ​ក្នុង​នោះ​មាន​ ​៦​សង្កាត់​ក្នុង​រាជធានី​ភ្នំពេញ​ ​២​សង្កាត់​ក្នុង​ក្រុង​កំពង់ចាម​ ​និង​១​ឃុំ​នៅ​ខេត្ត​ពោធិ៍សាត់​ ​ក្លាយ​ជា​មណ្ឌល​ដែល​មានតែ​គណបក្ស​កាន់អំណាច​នៅ​លើ​សន្លឹកឆ្នោត​ ​។​ ​យោង​តាមវិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​ ​ឃុំ​-​សង្កាត់​ចំនួន​២​៤​នៅ​ទូទាំង​ប្រទេស​ ​មានតែ​បេក្ខជន​ឈរឈ្មោះ​មកពី​គណបក្សប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ​ ​។​

១៥:០០ ICT ថ្ងៃ៥ ខែមិថុនា

មណ្ឌល​បោះឆ្នោត​ត្រូវ​បាន​បិទ

មណ្ឌល​បោះឆ្នោត​ត្រូវ​បាន​បិទ​ ​ខណៈ​ដែល​អ្នកបោះឆ្នោត​កំពុង​តម្រង់​ជួរ​រង់ចាំ​នៅ​ខាងមុខ​ការិយាល័យ​បោះឆ្នោត​ ​នឹង​នៅតែ​មាន​សិទ្ធិ​ចូល​ទៅ​បោះឆ្នោត​ ​។​ ​ការបោះឆ្នោត​នៅ​ថ្ងៃនេះ​ ​មានការ​រាយការណ៍​ជាច្រើន​នៅ​រាជធានី​-​ខេត្ត​ចំនួន​ ​១​៦​ ​ផ្សេងគ្នា​ ​អំពី​វត្តមាន​របស់​អាជ្ញាធរ​មូលដ្ឋាន​នៅ​ទីតាំង​បោះឆ្នោត​ ​ការ​កត់ត្រា​ឈ្មោះ​អ្នក​ទៅ​បោះឆ្នោត​ ​ការ​ជួយ​សម្របសម្រួល​ឱ្យ​អ្នកបោះឆ្នោត​បាន​ចូលក្នុង​ការិយាល័យ​បោះឆ្នោត​ ​និង​/​ឬ​ចុះ​ទៅផ្ទះ​ប្រជាពលរដ្ឋ​នីមួយៗ​ ​ដើម្បី​ឱ្យ​អ្នក​ទាំងនោះ​ទៅ​បោះឆ្នោត​ ​។​ ​ម​ន្រ្តី​ថ្នាក់​ស្រុក​ម្នាក់​នៃ​គណបក្ស​ភ្លើង​ទៀន​ ​នៅ​ក្នុង​ខេត្ត​កណ្ដាល​ ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​មណ្ឌល​បោះឆ្នោត​ ​ដោយ​មិនទាន់​ដឹង​មូលហេតុ​ ​។​

​ការ​រាប់​សន្លឹកឆ្នោត​នៅ​តាម​ការិយាល័យ​នីមួយៗ​ ​នឹង​ត្រូវ​ចាប់ផ្ដើម​បន្តិចទៀត​នេះ​ ​ហើយ​លទ្ធផល​បឋម​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ត្រូវ​ប្រកាស​ ​នា​ពេលរសៀល​ ​និង​ល្ងាច​នេះ​ ​ហើយ​លទ្ធផល​ ​នឹង​ត្រូវ​ប្រកាស​នៅ​ពាក់កណ្ដាល​យប់​នេះ​ ​និង​បន្ត​នៅ​ថ្ងៃ​បន្ទាប់​ ​ចាប់ពី​ម៉ោង​ ​៨​ព្រឹក​ ​តទៅ​ ​។​ ​លទ្ធផល​ផ្លូវការ​នឹង​ត្រូវ​ចេញផ្សាយ​ ​នៅ​ថ្ងៃ​ទី​២​៦​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​២​ ​។​

កែប្រែ ១៥:០១ ICT

១៥:១៨ ICT ថ្ងៃ៥ ខែមិថុនា

លោក​ ​អៀន​ ​ពៅ​ ​អនុ​ប្រធានប្រតិបត្តិ​គណបក្ស​ភ្លើង​ទៀន​ក្នុងស្រុក​អង្គ​ស្នួល​នៃខេត្ត​កណ្ដាល​ ​ត្រូវ​បាន​ដោះលែង​វិញ​ហើយ​ ​នៅ​ម៉ោង​ ​២​ ​និង​៣​០​នារី​រសៀល​នេះ​ ​។​ ​លោក​ ​ត្រូវ​បាន​ឃាត់ខ្លួន​ ​អស់​រយៈពេល​ប៉ុន្មាន​ម៉ោង​មុននេះ​ ​នៅ​មណ្ឌល​បោះឆ្នោត​មួយ​ក្នុង​ឃុំ​ពើក​ ​ស្រុក​អង្គ​ស្នួល​ ​ខេត្តកណ្ដាល ។​ ​

កែប្រែ ១៥:៣១ ICT

អំពី​កម្មវិធី

សូម​ស្វាគមន៍​មក​កាន់​មជ្ឈ​មណ្ឌល​ផ្សាយ​ ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​នយោបាយ និង​សិទិ្ធ​មនុស្ស​សំខាន់ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា របស់​​យើង​​ខ្ញុំ ។

នៅ​ខណៈ​ដែល​ស្ថាន​ភាព​ត្រូវ​បាន​បង្ហាញ យើង​នឹង​ផ្តល់​នូវ​ព័ត៌​មាន​ទាន់​ហេតុការណ៍​ពី​ទីតាំង​ផ្ទាល់ ពី​អ្នក​ឃ្លាំ​មើល​របស់​យើង​ខ្ញុំ និង​ប្រភព​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ដទៃ​ទៀត ដូច​ជា​អ្នក​កាសែត និង​ដៃគូ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នានា។

LICADHO Website
Facebook Twitter