ផ្សាយព័ត៌មានផ្ទាល់
សូមស្វាគមន៍មកកាន់ការផ្សាយព័ត៌មានផ្ទាល់របស់អង្គការលីកាដូ នៅថ្ងៃទី៣ នៃសវនាការលើសំណុំរឿងកម្មករ និងសកម្មជនសិទិ្ធមនុស្ស ដែលត្រូវបានចាប់ខ្លួនអំឡុងពេលនៃការប៉ះទង្គិចគ្នាកាលពីខែមករា ឆ្នាំ២០១៤។ ព័ត៌មានលំអិតស្តីពីសវនាការនានីមួយៗដែលនឹងត្រូវប្រព្រឹត្តិឡើងនាថ្ងៃស្អែក គឺ៖
- បុរសចំនួន ១០នាក់ រួមមានអ្នកដឹកនាំសហគមន៍ និងសហជីព ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២ ខែមករា នៅក្រៅរោងចក្រ យ៉ាក់ ជីង ក្នុងរាជធានីភ្នំពេញ អំឡុងពេលនៃការបង្ក្រាបយ៉ាងហិង្សាដោយកងឆ័ត្រយោងពិសេសលេខ ៩១១ លើក្រុមកម្មកររោងចក្រដែលបានធ្វើបាតុកម្ម។ ក្នុងចំណោមជនជាប់ចោទទាំងអស់ក្នុងសំណុំរឿងនេះ មានលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក ថេង សាវឿន អ្នកសម្របសម្រួលសម្ព័ន្ធ សហគមន៍កសិករកម្ពុជា (CCFC) លោក ច័ន្ទ ពុទ្ធិស័ក អ្នកដឹកនាំសហគមន៍បឹងកក់ និងលោក សុគន្ធ សម្បត្តិពិសិដ្ឋ បុគ្គលិក មណ្ឌលសម្រាប់សិទិ្ធកម្មករកម្ពុជា (CLaRi-Cambodia)
- បុរស ៣នាក់ រួមមានអនីតិជនម្នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីព្រលឹមថ្ងៃទី៣ ខែមករា នៅតាមបណ្តោយផ្លូវ វេងស្រេង ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមានការបង្ក្រាបយ៉ាងហិង្សាដោយកងរាជអាវុធហត្ថទៅលើក្រុមបាតុករដែលជាកម្មកររោងចក្រ នៅខណៈដែលអ្នកទាំងនោះរាំនៅមុខរោងចក្រ ដែលបណ្តាលឲ្យអ្នកដែលរស់នៅក្បែរនោះ និងកម្មករដទៃទៀតមានការខឹងសម្បារជាខ្លាំង ហើយបណ្តាលឲ្យកើតមានភាពជ្រួលច្របល់នាយប់ថ្ងៃនោះ។
- បុរស ១០នាក់ ដែលត្រូវបានចាប់ខ្លួននៅថ្ងៃទី៣ ខែមករា នៅពេលកងកម្លាំងចម្រុះកំពុងត្រូវបានដាក់ពង្រាយនៅក្បែរផ្លូវ វេងស្រេង និងបានសម្លាប់មនុស្សយ៉ាងតិច ៤នាក់ និងរងរបួសជាច្រើននាក់។
នៅថ្ងៃសវនាការទីមួយ សំណុំរឿងករណីបុរសទាំង ១៣នាក់ ដែលត្រូវបានចាប់ខ្លួននៅតាមបណ្តោយផ្លូវ វេងស្រេង កាលពីថ្ងៃទី៣ ខែមករា ត្រូវបានបញ្ចូលគ្នា និងដាក់ចូលក្នុងសវនាការតែមួយ។
នៅសហគមន៍បឹងកក់ អ្នកគាំត្រអ្នកទាំង ២៣នាក់ កំពុងរៀបចំសម្រាប់សវនាការនាថ្ងៃស្អែក។ ដូចនៅក្នុងរូបភាពខាងលើ អ្នកទាំងនោះកំពុងរៀបចំរូបនៃយុត្តិធម៌។
អ្នកដឹកនាំសហគមន៍បឹងកក់ លោក ច័ន្ទ ពុទ្ធិស័ក គឺស្ថិតក្នុងចំណោមអ្នកទាំង ២៣នាក់។ កាលពីសវនាការពីរថ្ងៃលើកមុន អ្នកគាំទ្រអ្នកទាំង ២៣នាក់ ត្រូវបានរារាំងពីការធ្វើការតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយការបិទផ្លូវ ប៉ុន្តែអ្នកទាំងនោះនៅតែបង្ហាញការតស៊ូ និងគាំទ្រអ្នកទាំង ២៣នាក់នៅមុខរបាំងបិទផ្លូវដដែល។
កម្មករបង្ហាញការគាំទ្ររបស់ខ្លួនលើការដោះលែងអ្នកទាំង ២៣ នាក់
នៅព្រឹកនេះ សារព័ត៌មានតាមបណ្តាញអ៊ិនធើណែត Cambodia Express News បានរាយការណ៍ថា មានកម្មកររោងចក្រប្រមាណ ៥០០ នាក់ នៅរោងចក្រ តុង ជី បានប្រមូលផ្តុំគ្នាដើម្បីបង្ហាញការគាំទ្ររបស់ខ្លួនឲ្យមានការដោះលែងអ្នកទាំង ២៣ នាក់។ ទន្ទឹមនឹងនេះដែរ អ្នកទាំងនោះក៏បានទាមទារឲ្យមានការលើកលែងការចោទប្រកាន់អ្នកទាំង ២៣ និងទាមទារល័ក្ខខ័ណ្ឌការងារចំនួន ១៨ ចំនុច ដើម្បីធ្វើឲ្យប្រសើរឡើងនូវល័ក្ខខ័ណ្ឌការងាររបស់អ្នកទាំងនោះ ដែលរួមមានកំណត់ថ្ងៃបើកប្រាក់ខែជាក់លាក់មួយ និងបញ្ឈប់ការបង្ខំឲ្យធ្វើការថែមម៉ោង និងប្រាក់សម្រាប់អាហារ និងថ្លៃធ្វើដំណើរ។
រំលឹកព្រឹត្តិការណ៍ពីរថ្ងៃនៃសវនាការលើកមុន
នៅក្នុងករណីសំណុំរឿងបុរស ១០នាក់ ដែលត្រូវបានចាប់ខ្លួននៅមុខរោងចក្រ យ៉ាក់ ជីង ជនជាប់ចោទ ៦នាក់ បានផ្តល់សាក្ខីកម្មរួចហើយ។ ជនជាប់ចោទទីប្រាំពី លោក សុគន្ធ សម្បត្តិពិសិដ្ឋ បានផ្តល់សាក្ខីកម្មបានពាក់កណ្តាល មុនពេលសវនាការត្រូវបានពន្យាពេល។ នៅក្នុងសវនាការនៃអ្នកទាំង ១៣ ដែលត្រូវបានចាប់ខ្លួននៅផ្លូវ វេង ស្រេង អ្នកទាំងនោះបានផ្តល់សក្ខីកម្មរួចរាល់ហើយ ហើយតុលាការបានបន្តចូលដល់សាក្សីម្តងនៅលើកនេះ។
នៅក្នុងសវនាការទាំងពីរលើក លើកមុន ចៅក្រមបានស្តាប់សាក្ខីកម្មពីសាក្សី និងជនជាប់ចោទរហូតដល់ពាក់កណ្តាលថ្ងៃរសៀល នៅពេលដែលមានការរំខាន ដោយការស្នើសុំដឹកជនជាប់ចោទទៅកាន់ពន្ធនាគារ ម១ វិញ។
នៅក្នុងតុលាការ នៅក្នុងសវនាការទាំងពីរលើក អាជ្ញាធរបានដាក់របាំងបិទផ្លូវទាំងទិសខាងជើង និងខាងត្បូង ដើម្បីរារាំងអ្នកគាំទ្រជនជាប់ចោទ ពីការចូលទៅកាន់តុលាការ។ នៅថ្ងៃទី៦ ដែលជាថ្ងៃទីពីរនៃសវនាការ អាជ្ញាធរបានដាក់របាំងបិទផ្លូវពីរជាន់ ហើយពង្រាយរថយន្តពន្លត់អគ្គីភ័យថែមទៀតផង។
នេះជាការផ្សាយចុងក្រោយនៃការផ្សាយផ្ទាល់របស់យើងខ្ញុំនៅល្ងាចនេះ។ សូមចូលរួមជាមួយយើងខ្ញុំនាព្រឹកស្អែកសម្រាប់ការផ្សាយព័ត៌មានផ្ទាល់នៃសវនាការថ្ងៃទី៣ ទាំងក្នុង និងក្រៅតុលាការ។
អារុណសួស្តី និងសូមស្វាគមន៏មកកាន់ការផ្សាយពត៌មានផ្ទាល់របស់អង្គការ លីកាដូ សម្រាប់សវនាការថ្ងៃទីបីរបស់អ្នកទាំង ២៣នាក់ "Free the 23"។ សវនាការចំនួនពីរលើកកន្លងមកការបិទផ្លូវជាច្រើនត្រូវបានធ្វើឡើងនៅផ្នែកខាងជើងជិតវត្តព្រះពុទ្ធ និងខាងផ្នែកខាងត្បូងជិតមហាវិថីព្រះសីហនុ។ ការបិទផ្លូវនីមួយៗត្រូវបានបង្កើតឡើងដោយរបាំងបន្លាលួសចំនួនពីរជាន់ហើយអមដោយរថយន្តពន្លត់អគ្គីភ័យចំនួនបីគ្រឿង។ នៅទល់មុខតុលាការ ខាងក្នុងស្តាអូឡាំពិកមានកងសន្តិសុខប្រមាណជា ៤០នាក់នៅទីនោះ។ ហើយមានមួយចំនួនកាន់ដំបងឆក់ថែមទៀតផង។
កែប្រែ ០៩:៥៧ ICT
សំណុំរឿងស្ទឹងមានជ័យ "ការខ្វះខាត"ក្នុងសវនាការ
កាលពីសវការចំនួនពីរលើកកន្លងមក រួមទាំងករណីបុរសទាំង ២៣នាក់ដែលបានចាប់ខ្លួនកាលពីដើមខែមករា ករណីបុរសម្នាក់ និងអនីតិជនម្នាក់ដែលបានចាប់ខ្លួនកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ក៏ត្រូវបានជំនុំជម្រះផងដែរ។ ការចាប់ខ្លួនរបស់អ្នកទាំងនោះត្រូវបានធ្វើឡើងនៅខណ្ឌស្ទឹងមានជ័យ រាជធានីភ្នំពេញ កំឡុងពេលប៉ះទង្គិចគ្នារវាងកងសន្តិសុខ ជាមួយកម្មករ និងប្រជាពលរដ្ឋដែលធ្វើការដង្ហែរក្បួនរបស់កម្មកររោងចក្រ អេស អិល ត្រូវបានបញ្ចប់។ អ្នកទាំងនោះត្រូវបានចោទប្រកាន់ពីបទចេតនាបង្កអំពើហិង្សាមានស្ថានទម្ងន់ទោស ចេតនាបំផ្លាញទ្រព្យសម្បិត្តមានស្ថានទម្ងន់ទោស និងបទជេប្រមាថមន្រី្តរាជការសារធារណៈ ហើយអ្នកទាំងនោះអាចនឹងប្រឈមនឹងទោសពន្ធនាគារក្រោយពេលកាត់ទោស។ សវនាការត្រូវបានបញ្ចប់នៅថ្ងៃទី៦ ខែឧសភា ហើយសាលក្រមនឹងត្រូវប្រកាសនៅថ្ងៃទី៣០ ខែឧសភា។ សវនាការនេះ អង្គការឃ្លាំមើលសិទិ្ធមនុស្សបានចេញផ្សាយ បទវិភាគសវនាការមួយ ដែលមានចន្លោះខ្វះខាតជាច្រើនដូចជា៖
- ជនជាប់ចោទ មាស នុន ជាក្មេងដែលមានស្មារតីមិនគ្រប់គ្រាន់ប៉ុន្តែតុលាការមិនបានផ្តល់ការការពារដល់គាត់ស្របតាមច្បាប់អន្តរជាតិនោះទេ។
- ចៅក្រមបានបដិសេធសំណើររបស់មេធាវីការពារក្នុងការសុំដាក់បញ្ចាំងវីដេអូភស្តុតាងលើការចោទប្រកាន់ជនជាប់ចោទ វណ្ណី វ៉ាន់ណាន់ ដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តបទឧក្រិដ។
- ចៅក្រមបានគំរាមដល់ជនជាប់ចោទទាំងពីរ ជំទាស់ជាមួយនឹងមេធាវីការពារ និងសាក្សីរបស់ជនជាប់ចោទ។
ទាក់ទងនឹងសំណុំរឿងនេះ ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅអាស៊ី លោក Brad Adams បានមានប្រសាសន៍៖
អាជ្ញាធរកម្ពុជាគួរតែធ្វើការចោទប្រកាន់ចំពោះការប្រើប្រាស់កម្លាំងដែលមិនមានការចាំបាច់ពីសំណាក់កងសន្តិសុខ ជំនួសការព្យាយាមផ្តន្ទាទោសដោយភ័នច្រលំទៅលើបុរស និងក្មេងដែលមិនមានស្មារតីគ្រប់គ្រាន់។ជាថ្មីម្តងទៀតក្នុងប្រទេសកម្ពុជា អ្នកប្រព្រឹត្តខុសត្រូវបានរួចខ្លួន ហើយកងសន្តិសុខដែលប្រើប្រាស់អំពើហិង្សាដែលបង្កឲ្យមានប្រជាពលរដ្ឋស្លាប់ និងរងរបួសដោយការបាញ់រះយ៉ាងខ្លាំងក្លាត្រូវបានរួចខ្លួនដោយមិនមានការផ្តន្ទាទោស។
កែប្រែ ០៨:២១ ICT
លោក មឿន តុលា ដែលជាប្រធានកម្មវិធីសិទិ្ធការងារនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ទើបតែបង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គម Twitter របស់លោក នូវរូបភាពរបស់អ្នកដឹកនាំសហគមន៍បឹងកក់ លោក ច័ន្ទ ពុទ្ធិស័ក្ត ដែលត្រូវបានគេបំបិទមាត់ដោយឆ្មាំគុក។
Chan Puthisak was trying to tell public about injustice, but his mounth covered by prison guard. Photo by Maly pic.twitter.com/PwtLSF3W2L
— Tola Moeun (@Tolamoeun) May 20, 2014
នៅក្នុងបន្ទប់សវនាការទី១ សំណុំរឿងបុរស ១០នាក់ ដែលត្រូវបានចាប់ខ្លួននៅមុខរោងចក្រ យ៉ាក់ ជីង កាលពីថ្ងៃទី២ ខែមករា បានចាប់ផ្តើម។ អ្នកសង្កេតការណ៍ដែលនៅក្នុងបន្ទប់សវនាការ រួមមានអ្នកតំណាងមកពី៖
- ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា
- កាសែតភ្នំពេញប៉ុស្តិ៍
- សារព័ត៌មានសំលេងសហរដ្ឋអាមេរិក
- មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា
ក្នុងបន្ទប់សវនាការទី១៖ ជនជាប់ចោទទីប្រាំពីរ សុគន្ធ សម្បត្តិពិសិទ្ធិ ដាក់ភស្តុតាងជូនតុលាការ។ កាលពីពេលមុនការផ្តល់សក្ខីកម្មរបស់គាត់ត្រូវបានចៅក្រមផ្អាក នៅពេលសវនាការត្រូវបានពន្យាពេលទៅពាក់កណ្តាលពេលរសៀល។ ការតាំងសំណួររបស់មេធាវីជនជាប់ចោទនឹងចាប់ផ្តើមក្នុងរយៈពេលខ្លីខាងមុខនេះ។
ក្នុងបន្ទប់សវនាការទី២៖ ចៅក្រមបានសាកសួរអត្តសញ្ញាណសាក្សីដែលមានវត្តមាននៅក្នុងតុលាការ។ សាក្សីមួយចំនួនបានអវត្តមាន ប៉ុន្តែទាំងភាគីដើមចោទ និងចុងចោទបានព្រមព្រៀងគ្នាក្នុងការបន្តសវនាការ។ សាក្សីទី១ អុក សម្បត្តិ អនុប្រធាននគរបាលខណ្ឌ ៧មករា ជាសាក្សីសម្រាប់ការចោទប្រកាន់។
មុននេះបន្តិច នៅផ្នែកខាងជើងកន្លែងបិទផ្លូវបន្ទាប់ពីអ្នកតវ៉ារាប់រយនាក់ រួមទាំងព្រះសង្ឃរាប់សិបអង្គ បានមានការប៉ះទង្គិចគ្នាជាមួយកងសន្តិសុខនៅពេលដែលសន្តិសុខថយទៅខាងក្រោយរបាំងបិទផ្លូវ។
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានចែករំលែករូបភាព។
A little clash between security guards and monks/people who come to support #FreeThe23 at #PhnomPenh court pic.twitter.com/JpebA65TOf
— CLEC (@cleccambodia) May 20, 2014
សូមស្វាគមន៍មកកាន់មជ្ឈមណ្ឌលផ្សាយ ព័ត៌មានអំពីព្រឹត្តិការណ៍នយោបាយ និងសិទិ្ធមនុស្សសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា របស់យើងខ្ញុំ ។
នៅខណៈដែលស្ថានភាពត្រូវបានបង្ហាញ យើងនឹងផ្តល់នូវព័ត៌មានទាន់ហេតុការណ៍ពីទីតាំងផ្ទាល់ ពីអ្នកឃ្លាំមើលរបស់យើងខ្ញុំ និងប្រភពព័ត៌មានដែលអាចជឿទុកចិត្តបានដទៃទៀត ដូចជាអ្នកកាសែត និងដៃគូអង្គការមិនមែនរដ្ឋាភិបាលនានា។