ផ្សាយ​ព័ត៌​មាន​ផ្ទាល់

ការ​ផ្សាយ​បាន​ចប់ អត្ថបទ​​នឹង​ត្រូវ​ទុក​ជា​បណ្ណសារ

០៧:៣៣ ICT ថ្ងៃ២១ ខែឧសភា

អារុណ​សួស្តី​ នឹង​សូម​ស្វាគមន៍​មក​កាន់​ការ​ផ្សាយព័​ត​មាន​ផ្ទាល់​នៃ​សវនាការ​របស់​កម្មក​រ​ និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​បាន​ចាប់​ខ្លួន​កំឡុ​ង​ពេ​ល​ប៉ះ​ទង្គិ​ច​គ្នា​យ៉ាង​ហិង្សា​កាល​ពី​ខែ​មករា​ ឆ្នាំ​២០១៤។ ព័ត​មាន​លំអិត​ទាក់​ទង​នឹង​សំណុំ​រឿង​សូម​មើល​ខាង​ក្រោម៖

  • បុរស​​ចំនួន​ ១០នាក់ ​រួម​មាន​អ្នក​​ដឹក​នាំ​​សហគមន៍​ និង​​សហជីព​ ដែល​​ត្រូវ​បាន​​ចាប់​​ខ្លួន​កាល​​ពី​ថ្ងៃ​ទី២​ ខែមករា​ នៅ​ក្រៅ​រោង​ចក្រ​ យ៉ាក់ ​ជីង​ ក្នុង​​រាជ​ធានី​​ភ្នំពេញ​ អំឡុង​ពេល​​នៃ​ការ​​បង្ក្រាប​​យ៉ាង​ហិង្សា​ដោយ​​កង​ឆ័ត្រ​យោង​ពិសេស​​លេខ​ ៩១១ លើ​ក្រុម​​កម្មករ​រោង​ចក្រ​​ដែល​បាន​​ធ្វើ​បាតុ​កម្ម។ ក្នុង​​ចំណោម​​ជន​ជាប់​ចោទ​​ទាំង​អស់​​ក្នុង​សំណុំ​រឿ​ង​នេះ​ មាន​លោក​ វន់​ ពៅ ​ប្រធាន​សមាគ​ម​​ប្រជា​ធិប​តេយ្យ​​ឯក​រាជ្យ​​នៃ​សេដ្ឋកិច្ច​​ក្រៅ​ប្រព័ន្ធ​ (IDEA) លោក​ ថេង​ សាវឿន​ អ្នក​​សម្រប​សម្រួល​​សម្ព័ន្ធ​ សហគមន៍​​កសិករ​កម្ពុជា ​(CCFC) លោក​ ច័ន្ទ​ ពុទ្ធិ​ស័ក ​អ្នក​​ដឹក​នាំ​សហគមន៍​​បឹង​កក់​ និង​លោក​ សុគន្ធ​ សម្បត្តិ​ពិ​សិដ្ឋ​ បុគ្គ​លិក​ មណ្ឌល​​សម្រាប់​​សិទិ្ធ​កម្មករ​​កម្ពុជា ​(CLaRi-Cambodia)
  • បុរស ​៣នាក់​ រួម​​មាន​អនីតិ​​ជន​ម្នាក់​ ដែល​​ត្រូវ​បាន​​ចាប់​ខ្លួន​កាល​ពី​​ព្រលឹម​ថ្ងៃ​ទី៣​ ខែ​មករា​ នៅ​តា​​ម​បណ្តោយ​​ផ្លូវ​ វេង​ស្រេង ​ក្នុង​​រាជ​ធានី​​ភ្នំពេញ​ បន្ទាប់​ពី​​មាន​ការ​​បង្ក្រាប​យ៉ាង​ហិង្សា​​ដោយ​កង​រាជ​អាវុធ​ហត្ថ​​ទៅ​លើ​​ក្រុម​បាតុក​រ​​ដែល​ជា​កម្មករ​​រោងចក្រ នៅ​ខណៈដែល​អ្នកទាំងនោះ​រាំនៅមុខរោងចក្រ ដែលបណ្តាលឲ្យអ្នក​ដែលរស់នៅ​ក្បែរនោះ និងកម្មករ​ដទៃ​ទៀត​មាន​​ការ​ខឹង​សម្បារ​ជា​ខ្លាំង​ ហើយ​​បណ្តាល​ឲ្យ​កើត​មាន​​ភាព​ជ្រួល​ច្របល់​​នា​យប់​ថ្ងៃ​នោះ។
  • បុរស​ ១០​នាក់​ ដែល​​ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ថ្ងៃ​ទី៣​ ខែ​មករា​ នៅ​​ពេល​កង​កម្លាំង​ចម្រុះ​​កំពុង​ត្រូវ​បាន​ដាក់​​ពង្រាយ​នៅ​ក្បែរ​​ផ្លូវ​ វេង​ស្រេង​ និង​​បាន​សម្លាប់​​មនុស្ស​យ៉ាង​តិច​ ៤​នាក់​ និង​​រ​ង​របួស​​ជា​ច្រើន​នាក់​។
  • នៅ​​ថ្ងៃ​សវនាការ​​ទី​មួយ ​សំណុំរឿ​ង​​ករណី​បុរស​ទាំង ​១៣​នាក់​ ដែល​ត្រូវ​បាន​​ចាប់​ខ្លួន​​នៅ​តាម​បណ្តោយ​ផ្លូវ​ វេង​ស្រេង ​កាលពី​​ថ្ងៃ​ទី៣ ​ខែម​ករា​ ត្រូវ​បាន​​បញ្ចូល​គ្នា​ និង​ដាក់​​ចូល​ក្នុង​សវនាការ​តែ​មួយ។

នៅ​​ថ្ងៃ​សវនាការ​​ទីមួយ​ សំណុំរឿ​ង​​ករណី​បុរស​ទាំង​ ១៣​នាក់​ ដែល​ត្រូវ​បាន​​ចាប់​ខ្លួន​​នៅតា​ម​បណ្តោយ​ផ្លូវ​ វេង​ស្រេង​ កាល​ពី​ថ្ងៃ​ទី​៣ ​ខែម​ករា​ ត្រូវ​បាន​​បញ្ចូល​គ្នា​ និង​ដាក់​​ចូល​ក្នុង​សវនាការ​តែ​មួយ។​

០៧:៥១ ICT ថ្ងៃ២១ ខែឧសភា

កាល​ពី​ម្សិល​មិញ​ សវនា​ការ​ទាំង​ពីរ​បាន​បន្ត​រហូត​ដល់​ម៉ោង​ ៤​រសៀល។​

ក្នុង​បន្ទប់​សវនាការ​ទី១​៖ ជន​ជាប់​ចោទ​ទី៧​ សុគន្ធ​ សម្បត្តិ​ពិសិទ្ធិ​ បាន​បញ្ចប់​ការ​ផ្តល់​ភស្តុតាង​ជូន​តុលា​ការ​ កំឡុង​ពេល​សវនា​ការ​ពេល​ព្រឹក​។ សវនាការ​របស់​ ពិសិទ្ធ​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សវនាការ​របស់​ជន​ជាប់​ចោទ​ទី៨​ និង​ទី៩​ គឺ​លោក​​ ថេង​​ សាវឿន​​ អ្នក​​​សម្រប​​សម្រួល​​​សម្ព័ន្ធ​​ សហគមន៍​​​កសិករ​​កម្ពុជា​ ​(CCFC) លោក​​ ច័ន្ទ​​ ពុទ្ធិ​​ស័ក​ ​អ្នក​​​ដឹក​​នាំ​​សហគមន៍​​​បឹង​​កក់​​។ អ្នក​ទាំង​ពីរ​បាន​រៀប​រាប់​ពី​ព្រឹត្តិការណ៍​នៅ​ខាង​ក្រៅ​រោង​ចក្រ​ យ៉ាក​ ជីង​ កាល​ពី​ថ្ងៃទី​២ ​ប៉ុន្តែ​ត្រូវ​បាន​ចៅ​ក្រម​ និង​ព្រះ​រាជ​អាជ្ញា​រង​កាត់​សម្តី​នៅ​ពេល​ដែល​លោក​កំពុង​និយាយ​អំពី​អំពើ​ហិង្សា​ប្រព្រឹត្ត​ឡើង​ពី​សំណាក់​អាជ្ញាធរ​ដែល​អ្នក​ទាំង​នោះ​បាន​ធ្វើ​ការ​អះ​អាង​។ ឈាន​ចូ​ល​ដល់​ទី​បញ្ចប់​នៃ​សវនាការ​កាល​ពីរ​សៀល​មិ្សល​មិញ ​លោក​​ វន់​​ ពៅ ​​(រូប​ភាព​ខាង​លើ)​ ប្រធាន​​សមាគ​​ម​​​ប្រជា​​ធិប​​តេយ្យ​​​ឯក​​រាជ្យ​​​នៃ​​សេដ្ឋ​កិច្ច​​​ក្រៅ​​ប្រព័ន្ធ​​ (IDEA) បាន​ចាប់​ផ្តើម​ផ្តល់​ភស្តុតាងជូន​តុលាការ​។ ការ​ផ្តល់​សក្ខី​កម្ម​របស់​លោក​នឹង​ត្រូវ​បាន​បញ្ចប់​នៅ​ព្រឹក​នេះ។

០៧:៥៤ ICT ថ្ងៃ២១ ខែឧសភា

នៅ​ក្នុង​បន្ទប់​សវនាការ​ទី២ កាល​ពី​ម្សិល​មិញ សាក្សី​របស់​ព្រះ​រាជ​អាជ្ញា​ចំនួន ១៨​នាក់ បាន​ផ្តល់​សាក្ខី​កម្ម​ទៅ​កាន់​អង្គ​សវនាការ​ដែល​មាន​អ្នក​សង្កេត​ការណ៍​ប្រហែល​ពី​ ៤០ ​ទៅ ៦០​នាក់។ ភាគ​ច្រើន​នៃ​សាក្សី​ទាំង​នោះ មាន​ឋានៈ​ចាប់​ពីមន្ត្រី​នគរបាល​ឃុំ ខ័ណ្ឌ ឬ កង​រាជ​អាវុធ​ហត្ថ ដែល​អះ​អាង​ថា​រង​របួស​ដោយ​សារ​សកម្មភាព​របស់​អ្នក​តវ៉ា។ មិន​មាន​អ្នក​ណា​ម្នាក់បាន​បង្ហាញ​ស្នាម​របួស​ ឬ​ភស្តុតាង​វេជ្ជសាស្ត្រ​នៃ​ស្នាម​របួស​របស់​អ្នក​ទាំង​នោះ​ទេ ហើយ​ក៏​មិន​មាន​អ្នក​ណា​ស្គាល់​ជន​ជាប់​ចោទ​ណា​ម្នាក់​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង ១៣​នាក់ នៅ​ក្នុង​បន្ទប់​សវនាការ​​នោះ​ដែរ។ ទោះ​បី​ជា​បាន​បង្ហាញ​រូប​ថត​នៃ​ស្នាម​របួសនៃ​ជន​ជាប់​ចោទ ដោយ​មេ​ធាវី​ការពារ​ជន​ជាប​ចោទ​ក៏​ដោយ​ ក៏សាក្សី​ទាំង​នោះ​នៅ​តែ​អះ​អាង​ថា​មិន​បាន​ប្រើ​ប្រាស់​កាំភ្លើង ឬ​ហិង្សាទៅ​លើ​អ្នក​តវ៉ា​ដដែល។

រូប​ភាព​ខាង​លើ​នេះ (ដែល​ត្រូវ​បាន​ថត​ដោយ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់ស​ម្រាប់​សហគមន៍ កាល​ពី​ថ្ងៃ​ទី៣ ខែ​មករា) គឺ​ជា​រូប​របស់​លោក រស់ សុភ័ណ្ឌ ដែល​ជា​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង​អស់។ អំឡុង​ពេល​នៃ​ការ​ផ្តល់​សាក្ខី​កម្ម​របស់​សុភ័ណ្ឌ កាល​ពី​ថ្ងៃទី៦ ខែ​ឧសភា (ថ្ងៃ​សវនាការ​ទី២) លោក​បាន​និយាយ​ថា កង​រាជ​អាវុធ​ហត្ថបាន​វាយ​ដំ​លើ​រូប​លោក ហើយ​ឲ្យ​លោក​រត់​រួច​ចាប់​មក​វាយ​ដំ​បន្ថែម​ទៀត។ លោក​បាន​រង​របួស​ជា​ច្រើន​ថ្នេរលើ​ច្រមុះ​របស់​លោក ក្រោយ​ពេល​ត្រូវ​បាន​អាជ្ញាធរ​ទាំង​នោះ​វាយ​ដំ។

កែប្រែ ០៧:៥៥ ICT

០៧:៥៧ ICT ថ្ងៃ២១ ខែឧសភា

កាល​ពី​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​ ផ្លូវ​ធ្វើ​ដំណើរ​មក​កាន់​តុលាការ​ត្រូវ​បាន​បិទ​ដោយ​របាំង​បន្លា​លួស ​នៅ​ផ្នែក​ខាង​ជើង​តុលាការ​ជិត​វត្ត​ព្រះ​ពុទ្ធ​ ហើយ​នៅ​ផ្នែក​ខាង​ត្បួង​តុលាការ​ជាប់​មហា​វិថី​ព្រះ​សីហនុ​។ កន្លែង​បិទ​ផ្លូវ​នីមួយៗ​ បាន​រឹត​បន្តឹង​ដោយ​ដាក់​រថយន្ត​ពន្លត់​អគ្គី​ភ័យ​ចំនួន​៣ ​គ្រឿង​។ នៅ​ពេល​ព្រឹក​ នគរបាល​យោធា​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្នុង​ស្តាត​អូ​ឡាំ​ពិក​ ដែល​នៅ​ទល់​មុខ​តុលា​ការ​។

០៨:២៣ ICT ថ្ងៃ២១ ខែឧសភា

នីតិវិធី​ជំនុំ​ជម្រះ​ក្នុង​បន្ទប់​សវនាការ​ទី២ ទើប​តែ​ចាប់​ផ្តើម​ ហើយ​ក្នុង​បន្ទប់​សវនាការ​ទី១ អង្គ​សវនាការ​កំពុង​រង់​ចាំ​ចៅក្រម​មក​ដល់។ អ្នក​សង្កេត​ការណ៍​ដែល​នៅ​ក្នុង​បន្ទប់​សវនាការ​នា​ថ្ងៃ​នេះ​ រួម​មាន​អ្នក​តំណាង​មក​ពី៖

  • ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា
  • កាសែត​ភ្នំពេញ​ប៉ុស្តិ៍
  • គណៈ​មេធាវីសហរដ្ឋ​អាមេរិក
  • កាសែត​ខេម​ប៊ូឌាឌេលី
  • ផ្ទះ​សាម​គ្គី
  • វិទ្យាស្ថាន EWMI
  • សារ​ព័ត៌មាន​សំលេង​សហ​រដ្ឋ​អាមេរិក
  • មជ្ឈ​មណ្ឌល​សិទិ្ធមនុស្ស​កម្ពុជា

០៨:២៥ ICT ថ្ងៃ២១ ខែឧសភា

ក្នុង​បន្ទប់​សវនាការ​ទី១​៖ លោក ​វន់​ ពៅ​​ បាន​ក្រោក​ឈរ​សារ​ជា​ថ្មី​ម្តង​ទៀត។

ខាង​ក្រោម​នេះ​​ជា​​វី​​ដេ​​អូ​​របស់​​ជន​​ជាប់​​ចោទ​​មួយ​​ចំនួន​​​​ រួម​​មាន​ទាំ​ង​​លោក​​ វន់​ ពៅ ​ដែល​ទើប​តែ​ធ្វើ​ដំណើរ​មក​ដល់​តុលាការ​នៅ​ព្រឹក​នេះ។

កែប្រែ ០៨:២៦ ICT

០៨:៤៦ ICT ថ្ងៃ២១ ខែឧសភា

ក្នុង​បន្ទប់​សវនាការ​ទី១​៖ ចៅ​ក្រម​កំពុង​សួរ​លោក ​វន់​ ពៅ ​អំពី​ព្រឹត្តិ​ការណ៍​ដែ​ល​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី២​ ខែ​មករា​។ ពៅ ​បាន​និយាយ​ថា​លោក​បាន​ទូរ​ស័ព្ទ​ទៅ​កាន់​មន្រី្ត​អង្គ​ការ​សហ​ប្រជា​ជាតិ​ដើ​ម្បី​ឲ្យ​អ្នក​ទាំង​នោះ​ធ្វើ​ដំណើរ​មក​រោង​ចក្រ​ យ៉ាក​ ជីង​។ ចៅ​ក្រម​បាន​សួរ​ថា ​ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ដូច​នេះ?​ ពៅ​ បាន​ឆ្លើយ​ថា​លោក​បាន​ស្នើ​សុំ​ឲ្យ​មន្រ្តី​អង្គ​ការ​សហ​ប្រជា​ជាតិ​​ចូល​ទៅ​ចរចារ​​ដើម្បី​សុំ​ឲ្យ​ដោះ​លែង​កម្មក​រ​បី​នាក់​ដែល​បាន​គេ​ឃុំ​ខ្លួន​។ លោក​បាន​និយាយ​ថា ​លោក​ជា​ប្រធាន​​​សមាគ​​ម​​​​ប្រ​ជា​​ធិ​ប​​តេយ្យ​​​​ឯក​​​រាជ្យ​​​​នៃ​​​សេដ្ឋ​​កិច្ច​​​​ក្រៅ​​​ប្រព័ន្ធ​​​ (IDEA) ដូច្នេះ​លោក​មាន​តួនាទី​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​ ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​កម្មករ​ និង​ធ្វើ​កា​រឃ្លាំ​មើល​រាល់​ការ​តវ៉ា​របស់​កម្មករ។

ក្នុង​បន្ទប់​សវនាការ​ទី២​៖ ចៅ​ក្រម​កំពុ​ងពិចារណា​លើ​ភស្តុតាង​របស់​ជន​ជាប់​ចោទ។ សាក្សី​គឺ​ជា​សាច់​ញាតិ​របស់​បុរស​ដែល​ត្រូវ​បាន​គេ​ឃុំ​ខ្លួន​ ហើយ​ជា​អ្នក​ដែល​មាន​វត្តមាន​នៅ​ថ្ងៃ​ទី៣​ ខែមករា។

០៨:៤៩ ICT ថ្ងៃ២១ ខែឧសភា

"ដោះ​លែង​ ២៣​នាក់​" ក្នុង​បណ្តាញ​ព័ត​មាន​សង្គម​សាធារណៈ ​Facebook​ បាន​បង្ហាញ​រូប​ថត​ និង​ព័ត​មាន​អំពី​សវនាការ​ព្រឹក​នេះ​ និង​ការ​តវ៉ា​នៅ​ខាង​ក្រៅ​តុលាកា​រ​។

០៩:០៦ ICT ថ្ងៃ២១ ខែឧសភា

សម្ភារៈ​តស៊ូ​មតិ​ត្រូវ​បាន​ដក​ហូត​

នៅ​​ពេល​​ដែល​​អ្ន​ក​​តំណាង​​សហគមន៍​​បឹង​​កក់​​បាន​​ព្យាយា​​ម​​ធ្វើ​​ដំណើរ​​ចូល​​មក​​កាន់​​តុលាការ​​នៅ​​ព្រឹក​​នេះ​ ​អ្នក​​ទាំង​​នោះ​​ត្រូវ​​បាន​​កង​​សន្តិ​​សុខ​​រារាំង​​ ហើយ​​បាន​​ដក​​ហូត​​រាល់​​សម្ភារៈ​​តស៊ូម​តិ​​ដែល​​អ្នក​​ទាំង​​នោះ​​បាន​​រៀប​​ចំ​​សម្រាប់​​ការ​​តវ៉ា​​នៅ​​ថ្ងៃ​​នេះ ​រួម​មាន​ផ្កា​ និង​ឧឃោសន​ស័ព្ទ​។ សាលា​រាជ​ធានី​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​កង​សន្តិ​សុខ​ដក​ហូត​នូវ​សម្ភារៈ​ទំាង​អស់​នេះ។

អ្នកតំ​ណាង​សហគមន៍​បឹង​កក់​ខ្លះ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ស្នាក់​ការ​សន្តិ​សុខ​ដើម្បី​សុំ​យក​សម្ភារៈ​របស់​ខ្លួន​ត្រលប់​មក​វិញ ​ហើយ​មួយ​ចំនួន​ផ្សេង​ទៀត​តវ៉ា​នៅ​ខាង​ក្រៅ​តុលា​ការ​។

កាល​ពី​ម្សិល​មិញ​ អ្នក​ស្រី​ ទេព​ វណ្ណី​ អ្នក​តំណាង​សហគមន៍​បាន​ផ្តល់​បទ​សម្ភាសន៍​អំពី​យុទ្ធ​សាស្រ្ត​ក្នុង​ការ​តស៊ូ​មតិ​របស់​អ្នក​ស្រី​នៅ​ថ្ងៃ​នេះ​។ អ្នក​ស្រី​បាន​និយាយ​ថា ​ថ្ងៃ​នេះ​អ្នក​ស្រី​មាន​គម្រោង​ស្លៀកសំ​លៀក​បំពាក់​ប្រពៃណី​ខ្មែរ​ដើម្បី​គាំ​ទ្រ​ដល់​អ្នក​ទាំង​ ២៣​នាក់​ ហើយ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​អ្នក​ទាំង​នោះ។ អ្នក​ស្រី​បាន​ពន្យល់​ថា ​សហគមន៍​បឹង​កក់​ចង់​ធ្វើ​បាតុ​កម្ម​អហិង្សា​។

០៩:០៦ ICT ថ្ងៃ២១ ខែឧសភា

នៅក្នុង​បន្ទប់​សវនាការទី១ ព្រះ​រាជ​អាជ្ញា​រង​កំពុង​សួរ​ទៅ​លោក វន់ ពៅ។ លោក​កំពុង​សួរ​ថា​តើ​លោក​ វន់​ ពៅ​ ធ្វើ​ដំណើរ​ទៅ​កាន់​រោង​ចក្រ​ យ៉ាក់ ជីង​ ដោយ​របៀប​ណា ហើយ​ថា​តើ​គាត់​ទៅ​ជាមួយ​ក្រុម​មនុស្ស​ជា​ច្រើន​ឬទេ។ ពៅ​បាន​ឆ្លើយ​ថា លោក​បាន​ទៅ​តែ​ម្នាក់​ឯង​ ដោយ​មធ្យោបាយ​ផ្ទាល់​ខ្លួន។

០៩:១១ ICT ថ្ងៃ២១ ខែឧសភា

សហគមន៍​បឹង​កក់​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រឹប​អូស​យក​សម្ភារៈ​តស៊ូ​មតិ​របស់​អ្នក​ទាំង​នោះ។ ថ្ងៃ​នេះ កង​សន្តិ​សុខ​ បាន​ប្រាប់ទៅ​អ្នក​តវ៉ា​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​ដោត​ទង់ ឬ​បដា នៅ​លើ​របាំង​បិទ​ផ្លូវ​ទៀតទេ។ តែ​អ្នក​តវ៉ា​អាច​ឈរ​កាន់​បដា​ទាំង​នោះ​បាន។

សូម​ស្តាប់​អ្នក​តំណាង​សហគមន៍​បឹង​កក់​ពណ៌​នា​អំពី​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​។

កែប្រែ ០៩:១៥ ICT

០៩:១៥ ICT ថ្ងៃ២១ ខែឧសភា

ក្នុង​បន្ទប់​សវនាការ​ទី១​៖ លោក​ វន់​ ពៅ​​ ដែល​ទទួល​រង​ការ​វាយ​ដំ​យ៉ាង​ខ្លាំង​នៅ​ពេល​ចាប់​ខ្លួន​ បាន​ស្នើ​សុំ​ពេល​សម្រាក​ពី​ការ​ឆ្លើយ​សំណួរ​។ ចៅ​ក្រម​បាន​អនុញ្ញាត​ឲ្យ​សម្រាក​រយៈ​ពេល​ ១៥​នាទី។​

មុន​ពេល​សម្រា​ក​ ព្រះ​រាជ​អាជ្ញា​រង​បាន​សួរ​លោក​ វន់​ ពៅ​ អំពី​សកម្មភាព​ដែល​គាត់​បាន​ធ្វើ​នៅ​ខាង​ក្រៅ​រោង​ចក្រ​ យ៉ាក​ ជីង​។​ ពៅ ​បាន​រៀប​រាប់​ថា​លោក​គ្រាន់​តែ​ឃ្លាំ​មើល​ការ​ធ្វើ​បាតុ​កម្ម​ប៉ុណ្ណោះ។​ជា​ដំបូង​លោក​បាន​ឈរ​នៅ​ខាង​ក្រោយ​ក្រុម​បាតុករ​ តែ​ក្រោយ​មក​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ខាង​មុខ​។ យោធា ​និង​កម្មករ​នៅ​ចម្ងាយ​ពី​គ្នា​ប្រមាណ​ជា ​១០០​ម៉ែត្រ​ ហើយ​យោធា​បាន​ស្រែក​តាម​ឧឃោសន​ស័ព្ទ​ថា ​យោធា​នឹង​ចាត់​វិធាន​ការ​តាម​បទ​បញ្ជា​ប្រសិន​បើក​ម្មករ​ធ្វើ​ដំណើរ​ចូល​មក​ជិត​។ យោធា​បាន​ប្រើ​ប្រាស់​ពាក្យ​សម្តី​មិន​ពិរោះ​ស្តាប់​។

អំពី​កម្មវិធី

សូម​ស្វាគមន៍​មក​កាន់​មជ្ឈ​មណ្ឌល​ផ្សាយ​ ព័ត៌មាន​អំពី​ព្រឹត្តិការណ៍​នយោបាយ និង​សិទិ្ធ​មនុស្ស​សំខាន់ៗ នៅ​ក្នុង​ប្រទេស​កម្ពុជា របស់​​យើង​​ខ្ញុំ ។

នៅ​ខណៈ​ដែល​ស្ថាន​ភាព​ត្រូវ​បាន​បង្ហាញ យើង​នឹង​ផ្តល់​នូវ​ព័ត៌​មាន​ទាន់​ហេតុការណ៍​ពី​ទីតាំង​ផ្ទាល់ ពី​អ្នក​ឃ្លាំ​មើល​របស់​យើង​ខ្ញុំ និង​ប្រភព​ព័ត៌មាន​ដែល​អាច​ជឿ​ទុក​ចិត្ត​បាន​ដទៃ​ទៀត ដូច​ជា​អ្នក​កាសែត និង​ដៃគូ​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​នានា។

LICADHO Website
Facebook Twitter