ផ្សាយព័ត៌មានផ្ទាល់

អារុណសួស្តី នឹងសូមស្វាគមន៍មកកាន់ការផ្សាយព័តមានផ្ទាល់នៃសវនាការរបស់កម្មករ និងអ្នកការពារសិទ្ធិមនុស្សដែលបានចាប់ខ្លួនកំឡុងពេលប៉ះទង្គិចគ្នាយ៉ាងហិង្សាកាលពីខែមករា ឆ្នាំ២០១៤។ ព័តមានលំអិតទាក់ទងនឹងសំណុំរឿងសូមមើលខាងក្រោម៖
- បុរសចំនួន ១០នាក់ រួមមានអ្នកដឹកនាំសហគមន៍ និងសហជីព ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២ ខែមករា នៅក្រៅរោងចក្រ យ៉ាក់ ជីង ក្នុងរាជធានីភ្នំពេញ អំឡុងពេលនៃការបង្ក្រាបយ៉ាងហិង្សាដោយកងឆ័ត្រយោងពិសេសលេខ ៩១១ លើក្រុមកម្មកររោងចក្រដែលបានធ្វើបាតុកម្ម។ ក្នុងចំណោមជនជាប់ចោទទាំងអស់ក្នុងសំណុំរឿងនេះ មានលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) លោក ថេង សាវឿន អ្នកសម្របសម្រួលសម្ព័ន្ធ សហគមន៍កសិករកម្ពុជា (CCFC) លោក ច័ន្ទ ពុទ្ធិស័ក អ្នកដឹកនាំសហគមន៍បឹងកក់ និងលោក សុគន្ធ សម្បត្តិពិសិដ្ឋ បុគ្គលិក មណ្ឌលសម្រាប់សិទិ្ធកម្មករកម្ពុជា (CLaRi-Cambodia)
- បុរស ៣នាក់ រួមមានអនីតិជនម្នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីព្រលឹមថ្ងៃទី៣ ខែមករា នៅតាមបណ្តោយផ្លូវ វេងស្រេង ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីមានការបង្ក្រាបយ៉ាងហិង្សាដោយកងរាជអាវុធហត្ថទៅលើក្រុមបាតុករដែលជាកម្មកររោងចក្រ នៅខណៈដែលអ្នកទាំងនោះរាំនៅមុខរោងចក្រ ដែលបណ្តាលឲ្យអ្នកដែលរស់នៅក្បែរនោះ និងកម្មករដទៃទៀតមានការខឹងសម្បារជាខ្លាំង ហើយបណ្តាលឲ្យកើតមានភាពជ្រួលច្របល់នាយប់ថ្ងៃនោះ។
- បុរស ១០នាក់ ដែលត្រូវបានចាប់ខ្លួននៅថ្ងៃទី៣ ខែមករា នៅពេលកងកម្លាំងចម្រុះកំពុងត្រូវបានដាក់ពង្រាយនៅក្បែរផ្លូវ វេងស្រេង និងបានសម្លាប់មនុស្សយ៉ាងតិច ៤នាក់ និងរងរបួសជាច្រើននាក់។
- នៅថ្ងៃសវនាការទីមួយ សំណុំរឿងករណីបុរសទាំង ១៣នាក់ ដែលត្រូវបានចាប់ខ្លួននៅតាមបណ្តោយផ្លូវ វេងស្រេង កាលពីថ្ងៃទី៣ ខែមករា ត្រូវបានបញ្ចូលគ្នា និងដាក់ចូលក្នុងសវនាការតែមួយ។
នៅថ្ងៃសវនាការទីមួយ សំណុំរឿងករណីបុរសទាំង ១៣នាក់ ដែលត្រូវបានចាប់ខ្លួននៅតាមបណ្តោយផ្លូវ វេងស្រេង កាលពីថ្ងៃទី៣ ខែមករា ត្រូវបានបញ្ចូលគ្នា និងដាក់ចូលក្នុងសវនាការតែមួយ។

កាលពីម្សិលមិញ សវនាការទាំងពីរបានបន្តរហូតដល់ម៉ោង ៤រសៀល។
ក្នុងបន្ទប់សវនាការទី១៖ ជនជាប់ចោទទី៧ សុគន្ធ សម្បត្តិពិសិទ្ធិ បានបញ្ចប់ការផ្តល់ភស្តុតាងជូនតុលាការ កំឡុងពេលសវនាការពេលព្រឹក។ សវនាការរបស់ ពិសិទ្ធ ត្រូវបានធ្វើឡើងបន្ទាប់ពីសវនាការរបស់ជនជាប់ចោទទី៨ និងទី៩ គឺលោក ថេង សាវឿន អ្នកសម្របសម្រួលសម្ព័ន្ធ សហគមន៍កសិករកម្ពុជា (CCFC) លោក ច័ន្ទ ពុទ្ធិស័ក អ្នកដឹកនាំសហគមន៍បឹងកក់។ អ្នកទាំងពីរបានរៀបរាប់ពីព្រឹត្តិការណ៍នៅខាងក្រៅរោងចក្រ យ៉ាក ជីង កាលពីថ្ងៃទី២ ប៉ុន្តែត្រូវបានចៅក្រម និងព្រះរាជអាជ្ញារងកាត់សម្តីនៅពេលដែលលោកកំពុងនិយាយអំពីអំពើហិង្សាប្រព្រឹត្តឡើងពីសំណាក់អាជ្ញាធរដែលអ្នកទាំងនោះបានធ្វើការអះអាង។ ឈានចូលដល់ទីបញ្ចប់នៃសវនាការកាលពីរសៀលមិ្សលមិញ លោក វន់ ពៅ (រូបភាពខាងលើ) ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) បានចាប់ផ្តើមផ្តល់ភស្តុតាងជូនតុលាការ។ ការផ្តល់សក្ខីកម្មរបស់លោកនឹងត្រូវបានបញ្ចប់នៅព្រឹកនេះ។

នៅក្នុងបន្ទប់សវនាការទី២ កាលពីម្សិលមិញ សាក្សីរបស់ព្រះរាជអាជ្ញាចំនួន ១៨នាក់ បានផ្តល់សាក្ខីកម្មទៅកាន់អង្គសវនាការដែលមានអ្នកសង្កេតការណ៍ប្រហែលពី ៤០ ទៅ ៦០នាក់។ ភាគច្រើននៃសាក្សីទាំងនោះ មានឋានៈចាប់ពីមន្ត្រីនគរបាលឃុំ ខ័ណ្ឌ ឬ កងរាជអាវុធហត្ថ ដែលអះអាងថារងរបួសដោយសារសកម្មភាពរបស់អ្នកតវ៉ា។ មិនមានអ្នកណាម្នាក់បានបង្ហាញស្នាមរបួស ឬភស្តុតាងវេជ្ជសាស្ត្រនៃស្នាមរបួសរបស់អ្នកទាំងនោះទេ ហើយក៏មិនមានអ្នកណាស្គាល់ជនជាប់ចោទណាម្នាក់ក្នុងចំណោមជនជាប់ចោទទាំង ១៣នាក់ នៅក្នុងបន្ទប់សវនាការនោះដែរ។ ទោះបីជាបានបង្ហាញរូបថតនៃស្នាមរបួសនៃជនជាប់ចោទ ដោយមេធាវីការពារជនជាបចោទក៏ដោយ ក៏សាក្សីទាំងនោះនៅតែអះអាងថាមិនបានប្រើប្រាស់កាំភ្លើង ឬហិង្សាទៅលើអ្នកតវ៉ាដដែល។
រូបភាពខាងលើនេះ (ដែលត្រូវបានថតដោយមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ កាលពីថ្ងៃទី៣ ខែមករា) គឺជារូបរបស់លោក រស់ សុភ័ណ្ឌ ដែលជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទទាំងអស់។ អំឡុងពេលនៃការផ្តល់សាក្ខីកម្មរបស់សុភ័ណ្ឌ កាលពីថ្ងៃទី៦ ខែឧសភា (ថ្ងៃសវនាការទី២) លោកបាននិយាយថា កងរាជអាវុធហត្ថបានវាយដំលើរូបលោក ហើយឲ្យលោករត់រួចចាប់មកវាយដំបន្ថែមទៀត។ លោកបានរងរបួសជាច្រើនថ្នេរលើច្រមុះរបស់លោក ក្រោយពេលត្រូវបានអាជ្ញាធរទាំងនោះវាយដំ។
កែប្រែ ០៧:៥៥ ICT

កាលពីពេលប៉ុន្មានថ្ងៃមុន ផ្លូវធ្វើដំណើរមកកាន់តុលាការត្រូវបានបិទដោយរបាំងបន្លាលួស នៅផ្នែកខាងជើងតុលាការជិតវត្តព្រះពុទ្ធ ហើយនៅផ្នែកខាងត្បួងតុលាការជាប់មហាវិថីព្រះសីហនុ។ កន្លែងបិទផ្លូវនីមួយៗ បានរឹតបន្តឹងដោយដាក់រថយន្តពន្លត់អគ្គីភ័យចំនួន៣ គ្រឿង។ នៅពេលព្រឹក នគរបាលយោធាបានប្រមូលផ្តុំគ្នានៅខាងក្នុងស្តាតអូឡាំពិក ដែលនៅទល់មុខតុលាការ។
នីតិវិធីជំនុំជម្រះក្នុងបន្ទប់សវនាការទី២ ទើបតែចាប់ផ្តើម ហើយក្នុងបន្ទប់សវនាការទី១ អង្គសវនាការកំពុងរង់ចាំចៅក្រមមកដល់។ អ្នកសង្កេតការណ៍ដែលនៅក្នុងបន្ទប់សវនាការនាថ្ងៃនេះ រួមមានអ្នកតំណាងមកពី៖
- ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា
- កាសែតភ្នំពេញប៉ុស្តិ៍
- គណៈមេធាវីសហរដ្ឋអាមេរិក
- កាសែតខេមប៊ូឌាឌេលី
- ផ្ទះសាមគ្គី
- វិទ្យាស្ថាន EWMI
- សារព័ត៌មានសំលេងសហរដ្ឋអាមេរិក
- មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា
ក្នុងបន្ទប់សវនាការទី១៖ លោក វន់ ពៅ បានក្រោកឈរសារជាថ្មីម្តងទៀត។
ខាងក្រោមនេះជាវីដេអូរបស់ជនជាប់ចោទមួយចំនួន រួមមានទាំងលោក វន់ ពៅ ដែលទើបតែធ្វើដំណើរមកដល់តុលាការនៅព្រឹកនេះ។
កែប្រែ ០៨:២៦ ICT
ក្នុងបន្ទប់សវនាការទី១៖ ចៅក្រមកំពុងសួរលោក វន់ ពៅ អំពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅថ្ងៃទី២ ខែមករា។ ពៅ បាននិយាយថាលោកបានទូរស័ព្ទទៅកាន់មន្រី្តអង្គការសហប្រជាជាតិដើម្បីឲ្យអ្នកទាំងនោះធ្វើដំណើរមករោងចក្រ យ៉ាក ជីង។ ចៅក្រមបានសួរថា ហេតុអ្វីបានជាលោកធ្វើដូចនេះ? ពៅ បានឆ្លើយថាលោកបានស្នើសុំឲ្យមន្រ្តីអង្គការសហប្រជាជាតិចូលទៅចរចារដើម្បីសុំឲ្យដោះលែងកម្មករបីនាក់ដែលបានគេឃុំខ្លួន។ លោកបាននិយាយថា លោកជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ដូច្នេះលោកមានតួនាទីលើកស្ទួយសិទ្ធិមនុស្ស ជំរុញឲ្យមានការគោរពសិទ្ធិកម្មករ និងធ្វើការឃ្លាំមើលរាល់ការតវ៉ារបស់កម្មករ។
ក្នុងបន្ទប់សវនាការទី២៖ ចៅក្រមកំពុងពិចារណាលើភស្តុតាងរបស់ជនជាប់ចោទ។ សាក្សីគឺជាសាច់ញាតិរបស់បុរសដែលត្រូវបានគេឃុំខ្លួន ហើយជាអ្នកដែលមានវត្តមាននៅថ្ងៃទី៣ ខែមករា។
សម្ភារៈតស៊ូមតិត្រូវបានដកហូត
នៅពេលដែលអ្នកតំណាងសហគមន៍បឹងកក់បានព្យាយាមធ្វើដំណើរចូលមកកាន់តុលាការនៅព្រឹកនេះ អ្នកទាំងនោះត្រូវបានកងសន្តិសុខរារាំង ហើយបានដកហូតរាល់សម្ភារៈតស៊ូមតិដែលអ្នកទាំងនោះបានរៀបចំសម្រាប់ការតវ៉ានៅថ្ងៃនេះ រួមមានផ្កា និងឧឃោសនស័ព្ទ។ សាលារាជធានីភ្នំពេញបានបញ្ជាឲ្យកងសន្តិសុខដកហូតនូវសម្ភារៈទំាងអស់នេះ។
អ្នកតំណាងសហគមន៍បឹងកក់ខ្លះបានធ្វើដំណើរទៅកាន់ទីស្នាក់ការសន្តិសុខដើម្បីសុំយកសម្ភារៈរបស់ខ្លួនត្រលប់មកវិញ ហើយមួយចំនួនផ្សេងទៀតតវ៉ានៅខាងក្រៅតុលាការ។
កាលពីម្សិលមិញ អ្នកស្រី ទេព វណ្ណី អ្នកតំណាងសហគមន៍បានផ្តល់បទសម្ភាសន៍អំពីយុទ្ធសាស្រ្តក្នុងការតស៊ូមតិរបស់អ្នកស្រីនៅថ្ងៃនេះ។ អ្នកស្រីបាននិយាយថា ថ្ងៃនេះអ្នកស្រីមានគម្រោងស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរដើម្បីគាំទ្រដល់អ្នកទាំង ២៣នាក់ ហើយស្នើសុំឲ្យអាជ្ញាធរដោះលែងអ្នកទាំងនោះ។ អ្នកស្រីបានពន្យល់ថា សហគមន៍បឹងកក់ចង់ធ្វើបាតុកម្មអហិង្សា។
នៅក្នុងបន្ទប់សវនាការទី១ ព្រះរាជអាជ្ញារងកំពុងសួរទៅលោក វន់ ពៅ។ លោកកំពុងសួរថាតើលោក វន់ ពៅ ធ្វើដំណើរទៅកាន់រោងចក្រ យ៉ាក់ ជីង ដោយរបៀបណា ហើយថាតើគាត់ទៅជាមួយក្រុមមនុស្សជាច្រើនឬទេ។ ពៅបានឆ្លើយថា លោកបានទៅតែម្នាក់ឯង ដោយមធ្យោបាយផ្ទាល់ខ្លួន។

សហគមន៍បឹងកក់បានបង្ហាញការមិនពេញចិត្តចំពោះការរឹបអូសយកសម្ភារៈតស៊ូមតិរបស់អ្នកទាំងនោះ។ ថ្ងៃនេះ កងសន្តិសុខ បានប្រាប់ទៅអ្នកតវ៉ាថា នឹងមិនអនុញ្ញាតឲ្យដោតទង់ ឬបដា នៅលើរបាំងបិទផ្លូវទៀតទេ។ តែអ្នកតវ៉ាអាចឈរកាន់បដាទាំងនោះបាន។
សូមស្តាប់អ្នកតំណាងសហគមន៍បឹងកក់ពណ៌នាអំពីហេតុការណ៍ដែលបានកើតឡើង។
កែប្រែ ០៩:១៥ ICT
ក្នុងបន្ទប់សវនាការទី១៖ លោក វន់ ពៅ ដែលទទួលរងការវាយដំយ៉ាងខ្លាំងនៅពេលចាប់ខ្លួន បានស្នើសុំពេលសម្រាកពីការឆ្លើយសំណួរ។ ចៅក្រមបានអនុញ្ញាតឲ្យសម្រាករយៈពេល ១៥នាទី។
មុនពេលសម្រាក ព្រះរាជអាជ្ញារងបានសួរលោក វន់ ពៅ អំពីសកម្មភាពដែលគាត់បានធ្វើនៅខាងក្រៅរោងចក្រ យ៉ាក ជីង។ ពៅ បានរៀបរាប់ថាលោកគ្រាន់តែឃ្លាំមើលការធ្វើបាតុកម្មប៉ុណ្ណោះ។ជាដំបូងលោកបានឈរនៅខាងក្រោយក្រុមបាតុករ តែក្រោយមកលោកបានធ្វើដំណើរទៅខាងមុខ។ យោធា និងកម្មករនៅចម្ងាយពីគ្នាប្រមាណជា ១០០ម៉ែត្រ ហើយយោធាបានស្រែកតាមឧឃោសនស័ព្ទថា យោធានឹងចាត់វិធានការតាមបទបញ្ជាប្រសិនបើកម្មករធ្វើដំណើរចូលមកជិត។ យោធាបានប្រើប្រាស់ពាក្យសម្តីមិនពិរោះស្តាប់។
សូមស្វាគមន៍មកកាន់មជ្ឈមណ្ឌលផ្សាយ ព័ត៌មានអំពីព្រឹត្តិការណ៍នយោបាយ និងសិទិ្ធមនុស្សសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា របស់យើងខ្ញុំ ។
នៅខណៈដែលស្ថានភាពត្រូវបានបង្ហាញ យើងនឹងផ្តល់នូវព័ត៌មានទាន់ហេតុការណ៍ពីទីតាំងផ្ទាល់ ពីអ្នកឃ្លាំមើលរបស់យើងខ្ញុំ និងប្រភពព័ត៌មានដែលអាចជឿទុកចិត្តបានដទៃទៀត ដូចជាអ្នកកាសែត និងដៃគូអង្គការមិនមែនរដ្ឋាភិបាលនានា។